ឆ្លងរោគផ្លូវទឹកនោម៖ បញ្ហានេះកើតឡើងនៅពេលបាក់តេរីចូលទៅក្នុងរាងកាយតាមរយៈផ្លូវទឹកនោម និងបានបំបែកខ្លួនកាន់តែច្រើននៅក្នុងប្លោកនោម។ រោគសញ្ញាមានដូចជា នោមញឹក ឈឺ ក្ដៅផ្សារពេលនោម និងមានក្លិនឈួលខ្លាំងផងដែរ។
សម្រាប់មនុស្សមួយចំនួនផ្សេងទៀត ពិសេសមនុស្សវ័យចំណាស់ រោគសញ្ញានៃជំងឺអាចមានតែគ្រាប់ឈាមល្អិតៗនៅក្នុងទឹកនោមតែប៉ុណ្ណោះ។
ឆ្លងរោគតម្រងនោម៖ បញ្ហានេះអាចកើតឡើងបាននៅពេលបាក់តេរីចូលទៅក្នុងតម្រងនោមតាមរយៈចរន្តឈាម ឬចេញពីផ្លូវទឹកនោមទៅកាន់តម្រងនោមម្ខាង ឬទាំងពីរ។ រោគសញ្ញាអាចមានប្រហាក់ប្រហែលនឹងការឆ្លងរោគផ្លូវទឹកនោមដែរ តែការឆ្លងរោគនៅតម្រងនោមអាចមានអាការៈក្ដៅខ្លួន និងមិនស្រួលនៅពោះផ្នែកខាងលើ។
ក្រួសក្នុងតម្រងនោម៖ សារធាតុរ៉ែជាច្រើននៅក្នុងទឹកនោម ហើយពេលខ្លះក៏ជាគ្រីស្តាល់នៅលើជញ្ជាំងតម្រងនោម ឬប្លោកនោម។ នៅពេលកាន់យូរ គ្រីស្តាល់ទាំងនេះអាចក្លាយជាក្រួសតូចៗ និងរឹង។
ក្រួសនៅតម្រងនោមជាធម្មតាមិនបង្កការឈឺចាប់ទេ ដរាបណាវាមិនទាន់បង្កការរាំងស្ទះដល់ការបញ្ចេញទឹកនោម និងចេញមកក្រៅតាមទឹកនោម។ ក្រួសក្នុងតម្រងនោមអាចបង្កឲ្យមានឈាមក្នុងទឹកនោមដោយមើលឃើញនឹងភ្នែក ឬមើលឃើញតាមមីក្រូទស្សន៍។
ជំងឺមហារីក៖ នោមមានឈាម ដែលយើងអាចមើលឃើញនឹងភ្នែកបាន ក៏អាចជារោគសញ្ញានៃជំងឺមហារីកតម្រងនោម ប្លោកនោម ឬក្រពេញប្រូស្តាតដែរ។ នៅដំណាក់កាលដំបូងៗនៃជំងឺមហារីកប្រភេទនេះ មិនសូវមានចេញរោគសញ្ញាទេ ខណៈជំងឺនេះមានឱកាសខ្ពស់ក្នុងការព្យាបាល។
ហាត់ប្រាណប្រើកម្លាំងខ្លាំង៖ ករណីកម្រខ្លះ ការហាត់ប្រាណប្រើកម្លាំងខ្លាំងៗក៏អាចបង្កឲ្យមានឈាមក្នុងទឹកនោមដែរ ខណៈមូលហេតុបង្កនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ការណ៍នេះ អាចមកពីការមានរបួសនៅប្លោកនោម ខ្វះជាតិទឹក ឬបែកកោសិកាឈាមក្រហម ដែលកើតឡើងពីការហាត់ប្រាណ។
អ្នករត់ប្រណាំង ច្រើនជួបបញ្ហានេះ ច្រើនជាងអ្នកផ្សេងទៀត បន្ទាប់ពីអ្នកទាំងនោះប្រើកម្លាំងខ្លាំងក្នុងការហាត់សម។ យ៉ាងណា បើឃើញមានឈាមក្នុងទឹកនោម មិនគួរគិតថាវាបណ្ដាលមកពីការហាត់ប្រាណតែមួយមុខនោះទេ គួរតែទៅជួបពេទ្យទើបជាការប្រសើរ។