ប្រុសៗយើងប្រហែលជាធ្លាប់ឆ្ងល់ដែរថា ពេលរួមភេទបើប្រើស្រោមអនាម័យពីរជាន់ អាចមានសុវត្ថិភាពកាន់តែខ្ពស់ជាងប្រើមួយជាន់? ជាទូទៅមិនមានការណែនាំឲ្យប្រើស្រោមអនាម័យពីរជាន់ក្នុងពេលរួមភេទនោះទេ។
១. អាចជាគំនិតល្អ តែគ្មានភស្តុតាងជាក់លាក់
ពេលគិតដល់រឿងប្រើស្រោមអនាម័យពីរជាន់ពេលរួមភេទ មើលទៅហាក់ដូចជាគំនិតល្អណាស់ដែរ តែការពិតជាក់ស្តែងមិនមានការណែនាំឲ្យធ្វើដូចនេះទេ។ មកដល់ពេលនេះ មិនមានភស្តុតាងបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាពាក់ស្រោមអនាម័យពីរជាន់អាចមានប្រសិទ្ធភាពខ្ពស់ជាងពាក់តែមួយនោះទេ។ ការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ ត្រឹមតែមួយគឺសុវត្ថិភាពល្អទៅហើយ។ ការប្រើប្រាស់ស្រោមអនាម័យ ត្រូវគេដឹងថាមានប្រសិទ្ធភាពការពារមិនឲ្យមានផ្ទៃពោះចន្លោះពី៨៥%ទៅ៩៨% ឯណោះ។
២. ហេតុអ្វីមិនគួរប្រើស្រោមអនាម័យពីរជាន់?
ក្រុមគ្រូពេទ្យឯកទេសខាងសុខភាពផ្លូវភេទ បានលើកឡើងថា ការប្រើស្រោមអនាម័យពីរជាន់ក្នុងពេលតែមួយអាចធ្វើឲ្យកម្រិតនៃការកកិតរវាងស្រោមទាំងពីរអំឡុងពេលរួមភេទមានកម្រិតខ្ពស់។ ការកកិតកាន់តែខ្លាំង អាចធ្វើឲ្យមានឱកាសដាច់ ឬរហែកស្រោមបាន។ ដោយសារតែមានការពិបាកក្នុងការសិក្សាលើការប្រើប្រាស់ស្រោមអនាម័យពីរជាន់ ទើបមិនមានភស្តុតាងវិទ្យាសាស្រ្តគ្រប់គ្រាន់ ថាការធ្វើដូចនេះ មានសុវត្ថិភាពនោះ។
គ្មានវិធីសាស្រ្តពន្យារកំណើតណាមួយ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារខ្លួនយើងពីជំងឺកាមរោគ ដូចជាការប្រើស្រោមអនាម័យនោះទេ។ ដូចនេះហើយរាល់ពេលរួមភេទ ការប្រើប្រាស់ស្រោមអនាម័យជារឿងចាំបាច់ ហើយប្រើតែមួយគឺគ្រប់គ្រាន់ហើយ។
ក្នុងករណីគ្នាយើងបារម្ភពីរឿងមានផ្ទៃពោះ នឹងចង់បន្ថែមស្រោមអនាម័យមួយជាន់ទៀត គួរធ្វើបែបនេះនេះវិញ៖
- បើមិនទាន់ចង់មានផ្ទៃពោះ អាចប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត មានដូចជាថ្នាំគ្រាប់ពន្យារកំណើត ឬដាក់កងក្នុងស្បូន ព្រមជាមួយការប្រើស្រោមអនាម័យពេលរួមភេទ។
- បើពាក់ស្រោមអនាម័យហើយ នៅតែបារម្ភរឿងមានផ្ទៃពោះទៀត ចូរដកលិង្គចេញពីយោនី មុនពេលចេញទឹកកាម។
ដូចនេះហើយ គ្នាយើងត្រូវដឹងថា ស្រោមអនាម័យផលិតឡើងមិនមែនសម្រាប់ប្រើពីរជាន់រួមគ្នាទេ។ ហេតុនេះហើយបានជាក្រុមហ៊ុនផលិត និងស្ថាប័នសុខភាពធំៗមួយចំនួនទៀតមិនណែនាំឲ្យធ្វើដូចនេះ។
[embed-health-tool-ovulation]