បង្កើតទម្លាប់ទាំងនេះ បបូរមាត់ស្ងួត ប្រេះ លែងជាបញ្ហាសម្រស់ទៀតហើយ

    បង្កើតទម្លាប់ទាំងនេះ បបូរមាត់ស្ងួត ប្រេះ លែងជាបញ្ហាសម្រស់ទៀតហើយ

    ដ្បិត​តែ​ការ​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​តូច​តាច​មួយ ប៉ុន្តែ ​បបូរ​មាត់​ស្ងួត ប្រេះ ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​ធុញ​ទ្រាន់ ក្រៅ​ពី​ធ្វើ​ឲ្យ​បាក់​សម្រស់​ហើយ ប្រេះ​បបូរ​មាត់​ក៏​ធ្វើ​ឲ្យ​យើង​ឈឺ​ផ្សារ​បាន​ដែរ។ ប្រេះ​បបូរ​មាត់​អាច​កើត​ឡើង​បាន​គ្រប់​ពេល ហើយ​ភាគ​ច្រើន​កើត​នៅ​ពេល​ដែល​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ពេក ឬ​មួយ​យើង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ក្រែម​លាប​បបូរ​។ល។

    តែ​បើ​គ្នា​យើង​មាន​ស្រឡាញ់​បបូរ​មាត់ ចង់​ឲ្យ​មើល​ទៅ​ស្អាត ទន់​រលោង គួរ​តែ​មាន​ទម្លាប់​ថែ​ទាំ​បបូរ​មាត់ ដូច​យើង​ធ្វើ skin care លើ​មុខ និង​ដង​ខ្លួន​យើង​ដែរ ហើយ​គ្រាន់​តែ​ការ​ផ្ដល់​សំណើម​ដោយ​ការ​លាប​ក្រែម​ព្យាបាល​បបូរ​មាត់​នៅ​មិន​ទាន់​គ្រប់​ទេ ទម្លាប់​ខាង​ក្រោម​នេះ​ជួយ​រក្សា​បបូរ​មាត់​យើង​បាន​ស្អាត និង​មាន​សុខភាព​ល្អ៖

    ១. កុំ​លិឍ​បបូរ​មាត់៖ គ្នា​យើង​ខ្លះ ចេះ​តែ​លិឍ​បបូរ​មាត់ គិត​ថា​ជួយ​ឲ្យ​សើម តែ​វា​មិន​ជួយ​អ្វី​នោះ​ទេ។ ការ​លិឍ​បបូរ​មាត់​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត​ខ្លាំង​ជាង​មុន​ក្រោយ​ពេល​ទឹក​មាត់​ស្ងួត​បាត់​ទៅ។

    ២. ញ៉ាំ​ទឹក​ឲ្យ​ច្រើន៖ យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ និង​ផ្ដល់​សំណើម​ដល់​ផ្នែក​រាង​កាយ​ដទៃ​ទៀត​ដែរ។

    ៣. ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ប្រសិន​បើ​ខ្យល់​មាន​សភាព​ស្ងួត យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ ឬ​បន្ទប់ ដើម្បី​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស។

    ៤. ចៀស​វាង​ផលិត​ផល​ធ្វើ​ឲ្យ​មាត់​ប្រតិកម្ម៖ ផលិត​ផល​លាប​មាត់​ខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ធ្វើ​ឲ្យ​មាត់​ស្ងួត។ ដូច​នេះ យើង​ត្រូវ​ជ្រើស​យក​ផលិតផល​ដែល​គ្មាន​ក្លិន​ទឹក​អប់ ឬ​អាល់កុល។

    ៥. ការពារ​បបូរ​មាត់៖ អាកាសធាតុ​ត្រជាក់ កម្ដៅ ខ្យល់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត។ យក​ល្អ យើង​គួរ​ការពារ​បបូរមាត់​ដោយ​លាប​ក្រែម​ផ្ដល់​សំណើម ឬ​ក្រែម​មាន​ផ្ទុក​សារធាតុ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ចេញ​ទៅ​ណា​មក​ណា។

    ៦. ដក​ដង្ហើម​តាម​ច្រមុះ៖ ការ​ដក​ដង្ហើម​តាម​មាត់​បណ្ដាល​ឲ្យ​ស្ងួត​បបូរ​មាត់ និង​ក្នុង​មាត់​បាន។ ប៉ុន្តែ ប្រសិន​បើ​ច្រមុះ​យើង​មាន​បញ្ហា​តឹង ឬ​អាលែកហ្ស៊ី​ញឹកញាប់​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    មាត់

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 15/12/2020
    ត្រួតពិនិត្យដោយ ដេត ធន្នី