ស្រីៗគួរប្រុងប្រយ័ត្នជាមួយជំងឺបូសសុដន់ (អាប់សែសុដន់) ព្រោះអាចកើតចំពោះស្ត្រីគ្រប់វ័យ ជាពិសេសស្ត្រីកំពុងបំបៅដោះកូន។ បូសសុដន់ ជាជំងឺឆ្លង និងមានគ្រោះថ្នាក់ដល់ជីវិត។ “Hello គ្រូទេព្យ“ នឹងណែនាំពីវិធីការពារ និងព្យាបាល។
ស្រីៗគួរប្រុងប្រយ័ត្នជាមួយជំងឺបូសសុដន់ (អាប់សែសុដន់) ព្រោះអាចកើតចំពោះស្ត្រីគ្រប់វ័យ ជាពិសេសស្ត្រីកំពុងបំបៅដោះកូន។ បូសសុដន់ ជាជំងឺឆ្លង និងមានគ្រោះថ្នាក់ដល់ជីវិត។ “Hello គ្រូទេព្យ“ នឹងណែនាំពីវិធីការពារ និងព្យាបាល។

រោគសញ្ញាទូទៅនៃជំងឺបូសសុដន់មាន ឈឺហើម ស្ទះទឹកដោះ រមាស់ក្ដៅខ្លួន មានខ្ទុះហូរចេញពីក្បាលសុដន់ជាដើម។ រោគសញ្ញាអាចច្រើនជាងនេះ នៅពេលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ហើយចំពោះស្រីៗកំពុងបំបៅដោះកូន រោគសញ្ញាគឺអាចធ្ងន់ធ្ងរជាងធម្មតា។
បើមានបូសសុដន់កើតលើអ្នកមិនបំបៅដោះកូន អាចជាសញ្ញាជំងឺទឹកនោមផ្អែម ឬក៏ជំងឺមហារីកប្រភេទកម្រណាមួយ។ មានករណីកម្រមួយចំនួន អាចបណ្ដាលអ្នកមានជំងឺប្រភេទនេះ គ្រោះថ្នាក់ដល់អាយុជីវិត បើសិនជាវាវិត្តក្លាយជាមេរោគសាហាវរីករាលដាលដល់ចរន្តឈាម។
បូសសុដន់ ជាប្រភេទជំងឺឆ្លងបង្កឲ្យមានការឈឺចាប់ ភាគច្រើនបណ្ដាលមកពីការឆ្លងបាក់តេរី ពិសេសគឺពពួកបាក់តេរី ស្តាហ្វីឡូកូក។ ពួកវាឆ្លងចូលទៅក្នុងខ្លួនយើងតាមរយៈក្បាលសុដន់ ឬក៏ស្បែកសុដន់ដាច់រលាត់ បង្កទៅជាជំងឺរលាកសុដន់ឲ្យជាលិកាខ្លាញ់ឡើងហើមសង្កត់លើបំពង់បញ្ចេញទឹកដោះ។ នៅពេលសុដន់រលាកកាន់តែខ្លាំងបណ្ដាលឲ្យបំពង់ទឹកដោះចាប់ផ្ដើមស្ទះ បង្កឲ្យមានខ្ទុះប្រមូលផ្ដុំគ្នាក្លាយទៅជាបូស ឬអាប់សែ។

គួរទៅព្យាបាលមន្ទីរពេទ្យ ព្រោះយើងនឹងទទួលបានការធ្វើរោគវិនិច្ឆ័យមួយជាក់លាក់។ ពេទ្យជំនាញនឹងសាកសួររោគសញ្ញា ដូចជា ពិនិត្យមុខរបស់បូស ហើយបើសិនចាំបាច់ នឹងតម្រូវឲ្យយើងធ្វើតេស្តឈាមរកមេរោគមួយចំនួន ឬមើលបរិមាណគ្រាប់ឈាមស។ លទ្ធផលតេស្តនេះអាចផ្ដល់ព័ត៌មានទាក់ទងទៅនឹងប្រតិកម្មប្រព័ន្ធភាពស៊ាំក្នុងរាងកាយបាន។
ចំពោះស្រីៗកំពុងបំបៅដោះកូន គ្រូពេទ្យអាចនឹងយកទឹកដោះកើតបូស ទៅពិនិត្យរកមើលមេរោគដើមហេតុបង្កឲ្យកើតបូស។ ដោយសារអ្នកជំងឺភាគច្រើនចាប់ផ្ដើមស៊ាំនឹងប្រភេទថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) គ្រូពេទ្យអាចធ្វើតេស្តមន្ទីរពិសោធន៍ផ្សេងទៀតដើម្បីដឹងពីប្រភេទអង់ទីប៊ីយូទិចល្អសម្រាប់យើង ហើយបើសិនជាជំងឺធ្ងន់ធ្ងរខ្លាំង គឺមានវិធីសាស្ត្រដើម្បីព្យាបាលតាមរយៈការបង្ហូរខ្ទុះចេញពីសុដន់ មានពីរបែប។
– វិធីសាស្ត្រទី១៖ បូមខ្ទុះចេញតាមរយៈជំនួយពីម៉ាស៊ីនអេកូ។ ក្នុងករណីបូសមិនទាន់ធ្លាយ វិធីនេះល្អជាងគេ ព្រោះរូបភាពរបស់ម៉ាស៊ីនអេកូ អាចប្រាប់ពីបរិមាណខ្ទុះនៅក្នុងបូស បង្កភាពងាយស្រួលក្នុងការបូមចេញ កាត់បន្ថយហានិភ័យការឆ្លងមេរោគថែមទៀត ឬករណីចាក់ម្ជុលបូមហួសកន្លែងជាដើម។
– វិធីសាស្ត្រទី២៖ ការវះបង្ហួរខ្ទុះធម្មតា។ វិធីសាស្ត្រធ្វើឡើងដោយវះចោះរន្ធតូចមួយលើផ្ទៃមុខបូសឲ្យខ្ទុះហូរចេញមកក្រៅ។ បន្ទាប់មកលាងមុខរបួសរំងាប់មេរោគ និងអាចដាក់កូនទុយោពេទ្យតូចមួយទុកបង្ហូរខ្ទុះនៅសេសសល់។ ដើម្បីឲ្យមុខរបួសជាសះពីក្នុងមកក្រៅ។ យើងមិនគួរដេរបិទមុខរបួសឡើយ មុខរបួសគួរប្រើបង់បិទ ឬរុំជំនួសវិញ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Breast Abscess. https://www.healthgrades.com/right-care/womens-health/breast-abscess–treatments Accessed: 8 January, 2017
កំណែប្រែបច្ចុប្បន្ន
30/09/2024
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ