គ្មានអ្នកណាដែលមិនចង់បានស្បែកភ្លឺស្រស់ថ្លា ទន់ម៉ត់រលោង គួរឲ្យចង់គយគន់នោះទេ។ ប៉ុន្តែ ដើម្បីទទួលបានភាពស្រស់ស្អាត យើងចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានដិតដល់ ចៀសវាងមានការសោកស្ដាយទៅថ្ងៃក្រោយ។ យើងអាចជាស្ត្រីដែលមានភាពជឿជាក់លើសម្រស់ខ្លួនឯង ដោយគ្រាន់តែអនុវត្តតិចនិកងាយៗ ក្នុងការផ្លាស់ប្ដូរស្បែកមុខយើងត្រឹមពេលមួយសប្ដាហ៍។
១.កំណត់ប្រភេទស្បែក
ស្បែកមុខយើង មាន៥ប្រភេទ គឺស្បែកស្ងួត ប្រេង ចម្រុះ ធម្មតា និងស្បែកងាយប្រតិកម្ម។ ដូចនេះ វាជារឿងចាំបាច់មួយ ដែលយើងត្រូវដឹងថាតើយើងមានស្បែកមុខប្រភេទណា មុនពេលចាប់ផ្ដើមថែទាំ។ ការថែទាំស្បែកត្រឹមត្រូវ ទៅតាមប្រភេទស្បែក នឹងធ្វើឲ្យយើងទទួលប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។
២. លាងសម្អាតស្បែក
ការលាងសម្អាតស្បែក គឺជារឿងចាំបាច់បំផុត ដែលយើងម្នាក់ៗមិនគួរមើលរំលង។ ជ្រើសរើសហ្វូមលាងមុខដែលគ្មានសារជាតិកាត់ ដើម្បីកម្ចាត់ធូលីដី ភាពកខ្វក់ គ្រឿងMakeup និងជាតិប្រេង។ បន្ទាប់មក ជូតមុខថ្នមៗដោយប្រើកូនកន្សែងស្អាត។ ចៀសវាងជូតមុខខ្លាំងៗ ដែលធ្វើឲ្យស្បែករលាក ឬក្រហាយ។
៣. ទឹកជូតមុខ
បន្ទាប់ពីលាងសម្អាតស្បែករួច ចូរប្រើទឹកជូតមុខដែលស័ក្ដិសមនឹងប្រភេទស្បែករបស់យើង ដោយចាក់ទឹកជូតមុខនៅលើសំឡី រួចជូតស្រាលៗនៅលើមុខឲ្យសព្វល្អ។
៤. ផ្ដល់សំណើមដល់ស្បែក
ជំហានបន្ទាប់ ចូលប្រើក្រែមផ្ដល់សំណើម ដើម្បីបំពេញជាតិទឹក និងធ្វើឲ្យស្បែកមានសុខភាពល្អ ចាកឆ្ងាយពីភាពជ្រីវជ្រួញ ក៏ដូចជាស្បែកស្រអាប់មិនភ្លឺថ្លា។
៥. ប្រើក្រែមការពារស្នាមជ្រីវជ្រួញក្រោមភ្នែក
ដោយសារក្រោមភ្នែក គឺជាផ្នែកដែលស្តើងបំផុតនៃស្រទាប់ស្បែក ដូចនេះវាត្រូវការសំណើមជាងផ្នែកផ្សេងទៀត។ ចូរប្រើក្រែមការពារស្នាមជ្រីវជ្រួញក្រោមភ្នែក ដោយលាបថ្នមៗនៅខាងក្រោមភ្នែក កន្ទុយភ្នែក និងលើត្របកភ្នែក។
៦. គ្រប់គ្រងស្រ្តេស
នៅពេលដែលយើងគិតច្រើន ធ្វើការច្រើន ឬមានបញ្ហាស្រ្តេស យើងនឹងប្រឈមការកើតមុន។ដូចនេះ ចូរស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីបន្ធូរអារម្មណ៍ ដូចជាស្ដាប់ចំរៀង អានសៀវភៅ ឬមើលភាពយន្តជាដើម។ ម្យ៉ាងវិញទៀត ការគេងឲ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់បំផុត។
៧. ចៀសវាងអាហារមិនល្អ
របបអាហារ គឺផ្នែកមួយដ៏សំខាន់ ដើម្បីទទួលបានស្បែកស្អាត ភ្លឺថ្លា និងក្មេងជាងវ័យ។ ប្រសិនបើយើងចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ឬអាហារចៀន ស្បែកយើងនឹងងាយកើតមានបញ្ហាមុន។ ចូរជ្រើសរើសអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន និងសារធាតុចិញ្ចឹមល្អៗ ផ្សេងទៀតជំនួសវិញ។
៨. ញ៉ាំទឹកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំ
ទឹកគឺជាអ្វីដែលរាងកាយយើងមិនអាចខ្វះបាន។ ការញ៉ាំទឹកគ្រប់គ្រាន់នឹងធ្វើឲ្យស្បែកយើងភ្លឺស្រស់ថ្លា និងមានសុខភាពល្អ។ ចូរញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ លើសពីនេះ យើងគួរធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីបង្កើនចលនាឈាមរត់ ដែលជួយផ្ដល់នូវអុកស៊ីសែនដល់កោសិកាស្បែករបស់យើង។
៩.ប្រើឡេការពារកម្ដៅថ្ងៃ
កម្ដៅថ្ងៃ គឺជាភ្នាក់ងារបំផ្លាញស្បែកយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កទៅជាជំងឺមហារីកស្បែកបានផងដែរ ។ ហេតុនេះហើយ ការលាបឡេការពារកម្ដៅថ្ងៃជាប្រចាំ ទោះបីជាយើងនៅក្នុងផ្ទះ ឬចេញខាងក្រៅក៏ដោយ នឹងធ្វើឲ្យស្បែកយើងមានសុខភាពល្អ ចៀសឆ្ងាយពីបញ្ហាស្បែកផ្សេងៗ។
[embed-health-tool-vaccination-tool]