ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Candesartan ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Candesartan គឺប្រើព្យាបាលការឡើងសម្ពាធឈាម កាត់បន្ថយសម្ពាធឈាម ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង (Heart Attacks) និងបញ្ហាតម្រងនោម (Kidney Problems) ផងដែរ។ Candesartan ស្ថិតនៅក្នុងក្រុមថ្នាំ Angiotensin receptor blockers (ARBs) មានប្រសិទ្ធភាព ជួយបន្ធូរសរសៃឈាម នាំឲ្យឈាមហូរកាន់តែល្អ។
ថ្នាំនេះ ត្រូវគ្រូពេទ្យប្រើក្នុងការព្យាបាលជំងឺខ្សោយបេះដូងផងដែរ។
យ៉ាងណា ថ្នាំនេះមិនត្រូវណែនាំឲ្យប្រើទៅលើកុមារអាយុក្រោម ១ ឆ្នាំឡើយ ព្រោះអាចបង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាប្រភេទថ្នាំលេប អាចជាមួយអាហារ ឬពោះទទេ អាស្រ័យលើការណែនាំរបស់វេជ្ជបណ្ឌិត ហើយជាទូទៅ ប្រើ ១-២ ដងក្នុងមួយថ្ងៃ។
កម្រិតប្រើថ្នាំគឺអាស្រ័យលើស្ថានភាពសុខភាព និងការឆ្លើយតបក្រោយព្យាបាល។ សម្រាប់ក្មេងៗ កម្រិតថ្នាំអាស្រ័យលើទម្ងន់។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធិភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំថាលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។ ព្យាបាលករណីឡើងសម្ពាធឈាមខ្ពស់ ត្រូវចំណាយពេលដល់ទៅ ៦សប្តាហ៍ ទើបទទួលបានប្រសិទ្ធិភាពពេញលេញពីថ្នាំនេះ។
ប្រាប់ទៅវេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់ឡើងខ្ពស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Candesartan អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Candesartan ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនលេប Candesartan ត្រូវប្រាប់វេជ្ជបណ្ឌិត ឬឱសថការី បើយើងមានប្រតិកម្មជាមួយថ្នាំនេះ ឬថ្នាំដទៃទៀត។ ផលិតផលនេះ អាចមានសារធាតុមិនសកម្ម (Inactive) បង្កទៅជាអាលែកហ្ស៊ី ឬបញ្ហាផ្សេងទៀត។ សូមសាកសួរទៅកាន់ឱសថការី ដើម្បីទទួលបានព័ត៌មានលម្អិត។
ប្រាប់វេជ្ជបណ្ឌិត ឬឱសថការីពីប្រវត្តិជំងឺរបស់យើង ពិសេសបើមានជំងឺថ្លើម កម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់ (Hyperkalemia) បាត់បង់ជាតិទឹក និងសារធាតុរ៉ែ ក្នុងខ្លួនច្រើន (Dehydration)។
ថ្នាំនេះអាចធ្វើអោយអ្នកងងុយ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាម៉ាស៊ីនធំៗ និងត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់សកម្មភាពអាចបង្កគ្រោះថ្នាក់ រហូតទាល់តែច្បាស់ថា អាចធ្វើការងារទាំងនោះដោយ សុវត្ថិភាព និងត្រូវបន្ថយផឹកស្រាផងដែរ។
បែកញើសច្រើន រាករូស ក្អួត អាចធ្វើឲ្យកើនឡើងហានិភ័យ មានអារម្មណ៍ថាស្រាលក្បាល ធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន (Dehydration) ។ ត្រូវរាយការណ៍ទៅគ្រូពេទ្យ បើមានអាការៈ ក្អួត ឬរាករយៈពេលយូរ។ ត្រូវប្រាកដថាបានផឹកទឹកគ្រប់គ្រាន់ ដើម្បីការពារករណីខ្វះជាតិទឹក លើកលែងណែនាំវិធីផ្សេងទៀត។
មុនពេលវះកាត់ សូមប្រាប់ទៅវេជ្ជបណ្ឌិត ឬទន្តពេទ្យ ពីថ្នាំពេទ្យយើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបូរាណផងដែរ។
ថ្នាំនេះអាចធ្វើឲ្យសារធាតុប៉ូតាស្យូមកើតឡើងខ្លាំង ហេតុនេះមុនប្រើប្រាស់ អាហារបំប៉ន ឬអំបិលមានជាតិប៉ូតាស្យូម គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីជាមុន។
មនុស្សចាស់ អាចមានផលរំខានច្រើនជាង ពិសេសវិលមុខខ្លាំង និងផ្លាស់ប្ដូរបរិមាណទឹកនោម (បញ្ហាតម្រងនោម)។
ថ្នាំនេះត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ និងអាចឆ្លងចូលទឹកដោះបាន។ ដូចជាបើកំពុងមានផ្ទៃពោះ ឬបំបៅដោះបេប៊ី គួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតព័ត៌មានលម្អិត។
នៅមិនទាន់ដឹងថាថ្នាំ Candesartan អាចឆ្លងចូលក្នុងទឹកដោះម្ដាយ ឬយ៉ាងណាទេ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
វិលមុខខ្លាំង មានអារម្មណ៍ស្រាលក្បាល អស់កម្លាំង ឬឈឺក្បាល អាចកើតដោយសារយើងទើបចាប់ផ្ដើមប្រើថ្នាំនេះ។ ក្អកស្ងួត ក៏អាចនឹងកើតមានផងដែរ ហើយប្រសិនបើផលរំខានទាំងនោះកើតឡើងរយៈពេលយូរ ឬកាន់តែធ្ងន់ធ្ងរ សូមប្រាប់គ្រូពេទ្យ ឬឱសថការីភ្លាម។
ដើម្បីកាត់បន្ថយភាពងងុយខ្លាំង និងអារម្មណ៍ស្រាលក្បាល សូមក្រោកយឺតៗ ទាំងពេលអង្គុយ និងគេង។
ចាំថាគ្រូពេទ្យចេញវេជ្ជបញ្ជាអោយប្រើឱសថនេះ ព្រោះយល់ឃើញថាថ្នាំនេះមានគុណប្រយោជន៍ច្រើនជាងហានិភ័យ និងផលរំខាន។ មនុស្សភាគច្រើនប្រើថ្នាំនេះ មិនមានផលរំខានដែលធ្ងន់ធ្ងរឡើយ។
ត្រូវប្រាប់គ្រូពេទ្យភ្លាម បើប្រទះផលរំខានធ្ងន់ធ្ងរ ដូចជា សន្លប់ និងរោគសញ្ញាកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម (សាច់ដុំខ្សោយ ចង្វាក់បេះដូងយឺត ឬដើរខុសប្រក្រតី)។
ទោះបីជាថ្នាំ Candesartan អាចប្រើការពារបញ្ហាតម្រងនោម ព្យាបាលអ្នកជំងឺមានបញ្ហាតម្រងនោមក្តី តែក្នុងករណីកម្រថ្នាំនេះអាចធ្វើឲ្យតម្រង់នោមមានបញ្ហាធ្ងន់ធ្ងរ។ គ្រូពេទ្យ នឹងពិនិត្យមើលមុខងារតម្រងនោម អំឡុងពេលយើងកំពុងប្រើថ្នាំនេះ។ ប្រាប់គ្រូពេទ្យភ្លាម បើមានសញ្ញាបញ្ហាតម្រងនោម ដូចជា បរិមាណទឹកនោមប្រែប្រួល។
ប្រតិកម្មធ្ងន់ធ្ងររបស់ថ្នាំនេះ កម្រកើតមានណាស់។ យ៉ាងណា ត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម បើសម្គាល់ឃើញថាមានសញ្ញាអាល្លែហ្ស៊ីធ្ងន់ធ្ងរណាមួយកើតឡើង ដូចជា កន្ទួល រមាស់ រមាស់ស្បែក ហើម ជាពិសេស លើមុខ អណ្ដាត បំពង់ក ងងុយខ្លាំងជ្រុល និងពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេង ទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំខ្លះអាចមានអន្តរកម្មជាមួយ Candesartan មានដូចជាថ្នាំ Aliskiren ថ្នាំ Lithium និងពពួកថ្នាំអាចបង្កើនកម្រិតសារធាតុប៉ូតាស្យូមក្នុងឈាម ដូចជា ក្រុមថ្នាំ ACEs inhibitors មាន Benazepril, Lisinopril ពពួកថ្នាំពន្យារកំណើត មានសារធាតុ Drospirenone ជាដើម។
ថ្នាំខ្លះទៀត អាចមានសារធាតុធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ បេះដូងកាន់តែចុះខ្សោយ។ សូមប្រាប់ឱសថការី ពីថ្នាំយើងកំពុងប្រើ និងសាកសួរពីរបៀបប្រើត្រឹមត្រូវ (ជាពិសេស ថ្នាំផ្ដាសាយក្អក ថ្នាំបំប៉ន ឬពពួក NSAIDs ដូចជា Ibuprofen និង Naproxen។
Candesartan អាចមានប្រតិកម្ម ជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន ធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើទូទៅលើមនុស្សពេញវ័យលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ១៦មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ ៨-៣២ មិល្លីក្រាម ក្នុងមួយថ្ងៃ លេប ១-២ ដងក្នុងមួយថ្ងៃ
– កម្រិតប្រើអតិបរមា៖ ៣២មិល្លីក្រាម ក្នុងមួយថ្ងៃ។
មតិយោបល់
– គួរពិចារណាកម្រិតទាបនៅពេលប្រើដំបូង ចំពោះអ្នកជំងឺដែលបាត់បង់ជាតិទឹកខ្លាំង។
– ថ្នាំបញ្ចុះសម្ពាធឈាមភាគច្រើន មានប្រសិទ្ធភាពអំឡុងពេល ២សប្ដាហ៍ សម្ពាធឈាមចុះមកនៅកម្រិតអប្បរមា ជាទូទៅគេសង្កេតឃើញនៅចន្លោះពី ៤-៦ សប្ដាហ៍ បន្ទាប់ពីចាប់ផ្ដើមប្រើ។
កម្រិតប្រើលើមនុស្សពេញវ័យកើតជំងឺខ្សោយបេះដូងពីកំំណើត
– កម្រិតប្រើដំបូង៖ ៤មិល្លីក្រាម លេបមួយថ្ងៃម្តង។ បង្កើនកម្រិតប្រើ ២ដង រៀងរាល់ ២សប្ដាហ៍ ដោយសារតែការស៊ាំថ្នាំ បង្កើនរហូតដល់កម្រិតគោលដៅ ៣២មិល្លីក្រាម លេបមួយថ្ងៃម្តង។
– ការប្រើប្រាស់៖ ការព្យាបាលរបស់សមាគមសុខភាពបេះដូងក្រុងញូវយ៉ក (NYHA) លើជំងឺខ្សោយបេះដូង កម្រិត ២ ដល់កម្រិត ៤ ។
កែតម្រូវកម្រិតថ្នាំចំពោះបញ្ហាតម្រងនោម
មនុស្សពេញវ័យ៖ មិនមានការណែនាំ កែកម្រិតប្រើឡើយ។
កែតម្រូវកម្រិតថ្នាំចំពោះបញ្ហាថ្លើម
– ខូចមុខងារថ្លើមក្នុងកម្រិតទាប (Child-Pugh A)៖ មិនមានការណែនាំ កែកម្រិតប្រើឡើយ។
– ខូចមុខងារថ្លើមក្នុងកម្រិតមធ្យម (Child-Pugh B)៖ កម្រិតប្រើដំបូង ៨មិល្លីក្រាម លេបមួយថ្ងៃម្តង។
– ខូចមុខងារថ្លើមក្នុងកម្រិតធ្ងន់ធ្ងរ (Child-Pugh C)៖ មិនមានព័ត៌មាន។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើទូទៅលើក្មេងមានជំងឺលើសសម្ពាធឈាម
អាយុ ១ឆ្នាំ ដល់អាយុក្រោម ៦ ឆ្នាំ៖
– កម្រិតប្រើដំបូង៖ ០,២ មិល្លីក្រាម/គីឡូ/ថ្ងៃ លេប ១-២ ដង/ថ្ងៃ។
– កម្រិតប្រើបន្ថែម៖ ០,០៥-០,៤ មិល្លីក្រាម/គីឡូ/ថ្ងៃ លេប ១-២ ដង/ថ្ងៃ។
អាយុ ៦ឆ្នាំ ដល់អាយុក្រោម ១៧ ឆ្នាំ៖
(ទម្ងន់តិចជាង ៥០ គីឡូក្រាម)
– កម្រិតប្រើដំបូង៖ ៤-៨ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/ថ្ងៃ
-កម្រិតប្រើបន្ថែម៖ ២-១៦ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/ថ្ងៃ។
(ទម្ងន់ធ្ងន់ជាង ៥០ គីឡូក្រាម)
– កម្រិតប្រើដំបូង៖ ៨-១៦ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/ថ្ងៃ
– កម្រិតប្រើបន្ថែម៖ ៤-៣២ មិល្លីក្រាម/ថ្ងៃ លេប ១-២ ដង/ថ្ងៃ។
មតិយោបល់
– សម្រាប់អ្នកជំងឺ Intravascular volume depletion (អ្នកជំងឺព្យាបាលដោយថ្នាំបញ្ចុះទឹកនោម ពិសេសអ្នកជំងឺខូចតម្រងនោម) កម្រិតប្រើថ្នាំដំបូង ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យឲ្យបានដិតដល់ និងពិចារណាឲ្យថ្នាំនៅក្នុងកម្រិតទាប។
– ថ្នាំបញ្ចុះសម្ពាធឈាមភាគច្រើន មានប្រសិទ្ធភាពអំឡុងពេល ២សប្ដាហ៍ សម្ពាធឈាមចុះមកនៅកម្រិតអប្បរមា ជាទូទៅគេសង្កេតឃើញនៅចន្លោះពី ៤-៦ សប្ដាហ៍ បន្ទាប់ពីចាប់ផ្ដើមប្រើ។
– សម្រាប់កុមារមិនអាចលេបថ្នាំបាន គួរជំនួសដោយប្រភេទថ្នាំ Extemporaneous suspension (ថ្នាំប្រភេទទឹកខាប់ពណ៌ស)។
កែតម្រូវលើកម្រិតប្រើចំពោះបញ្ហាតម្រងនោម
– GFR ៣០ មិល្លីលីត្រ/នាទី ក្នុង ១,៧៣ម៉ែត្រការេ ឬធំជាងនេះ៖ មិនមានព័ត៌មាន។
– GFR តិចជាង ៣០ មិល្លីលីត្រ/នាទី ក្នុង ១,៧៣ម៉ែត្រការេ៖ ហាមប្រើ។
១២- មានទម្រង់បែបណាខ្លះ?
Candesartan នៅលើទីផ្សារមានទម្រង់ និងកម្រិត ជាថ្នាំគ្រាប់សម្រាប់លេប។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]