ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Candesartan ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Candesartan គឺប្រើព្យាបាលការឡើងសម្ពាធឈាម កាត់បន្ថយសម្ពាធឈាម ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង (Heart Attacks) និងបញ្ហាតម្រងនោម (Kidney Problems) ផងដែរ។ Candesartan ស្ថិតនៅក្នុងក្រុមថ្នាំ Angiotensin receptor blockers (ARBs) មានប្រសិទ្ធភាព ជួយបន្ធូរសរសៃឈាម នាំឲ្យឈាមហូរកាន់តែល្អ។
ថ្នាំនេះ ត្រូវគ្រូពេទ្យប្រើក្នុងការព្យាបាលជំងឺខ្សោយបេះដូងផងដែរ។
យ៉ាងណា ថ្នាំនេះមិនត្រូវណែនាំឲ្យប្រើទៅលើកុមារអាយុក្រោម ១ ឆ្នាំឡើយ ព្រោះអាចបង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាប្រភេទថ្នាំលេប អាចជាមួយអាហារ ឬពោះទទេ អាស្រ័យលើការណែនាំរបស់វេជ្ជបណ្ឌិត ហើយជាទូទៅ ប្រើ ១-២ ដងក្នុងមួយថ្ងៃ។
កម្រិតប្រើថ្នាំគឺអាស្រ័យលើស្ថានភាពសុខភាព និងការឆ្លើយតបក្រោយព្យាបាល។ សម្រាប់ក្មេងៗ កម្រិតថ្នាំអាស្រ័យលើទម្ងន់។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធិភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំថាលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។ ព្យាបាលករណីឡើងសម្ពាធឈាមខ្ពស់ ត្រូវចំណាយពេលដល់ទៅ ៦សប្តាហ៍ ទើបទទួលបានប្រសិទ្ធិភាពពេញលេញពីថ្នាំនេះ។
ប្រាប់ទៅវេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់ឡើងខ្ពស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Candesartan អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Candesartan ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។