backup og meta

Albendazole (ឱសថ Albendazole)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Albendazole ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Albendazole គេ​ប្រើ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​បណ្តាល​មក​ពីពពួក​ព្រូន ពិសេស​ជំងឺ​ព្រូន​ក្នុង​ខួរ​ក្បាល (Neurocysticercosis)។ ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​មួយ​ប្រភេទ​មាន ​ឈ្មោះ​ថា Anthelmintic។

ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

គេ​អាច​យក​ថ្នាំ​នេះ​​មក​ប្រើ ​ដើម្បី​សម្លាប់​ពពួក​ព្រូន​ប្រភេទ​ផ្សេង​ៗ​ទៀត​បាន​ផង​ដែរ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​លេប​ថ្នាំ​ជាមួយ​អាហារ ​ជា​ទូទៅ​អ្នក​ត្រូវ​លេប ​​១-២ ​ដង​ក្នុង​មួយ​ថ្ងៃ ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ​បើ​យើង កូនៗ​មាន​បញ្ហា​ពិបាក​លេប​ថ្នាំ ​អាច​យក​ថ្នាំ​មក​កិន ឬ​ទំពា​ហើយ​លេប​ជា​មួយ​ទឹក។

កម្រិត​ថ្នាំ​គឺ​អាស្រ័យ​លើ ទម្ងន់ ស្ថាន​ភាព​ជំងឺ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​។ ​ត្រូវ​លេប​ថ្នាំ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ​ករណី​ជំងឺ​ខ្លះអាចឈប់​ប្រើ​ថ្នាំ​រយៈពេល ២សប្តាហ៍ ទើប​ចាប់​ផ្តើម​លេប​ថ្នាំ​ជា​ថ្មី។ ដូច​នេះយើង​ត្រូវប្រើ​ប្រតិទិន ដើម្បី​ជួយ​ចំណាំ​ពេល​វេលា ​ត្រូវ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ជា​ថ្មី។

​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធខ្ពស់​ព្យាបាល​ជំងឺ។ ដើម្បី​ងាយ​​ចងចាំ​ពេល​វេលា​ត្រូវ​លេប ​គួរលេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។

ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​គ្រប់​តាម​​វេជ្ជ​បញ្ជា ទោះ​បី​ជា​រោគ​សញ្ញា​​បាន​ធូរ​ស្រាល​ហើយ​ក្តី។ ករណី​ឈប់​ប្រើ​ថ្នាំ​មុខពេល​កំណត់ ការ​ឆ្លង​រោគ​អាច​កើត​ឡើង​វិញ។

មាន​ថ្នាំ​មួយ​ចំនួន​ ​ត្រូវ​ប្រើ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ ដូចជា ថ្នាំ Corticosteroids និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់។ ត្រូវ​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។

ពេល​កំពុង​ប្រើ​ថ្នាំ ​មិន​ត្រូវ​ញ៉ាំ​ទំពាំង​បាយ​ជូរ ​ផឹក​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទេ បើ​មិន​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ ព្រោះ​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ ​កើន​ឡើង​នៅ​ក្នុង​ចរន្ត​ឈាម។ ត្រូវ​សាក​សួរ​គ្រូពេទ្យពី​ពត៌​មាន​បន្ថែម។

ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អាការៈ​របស់​អ្នក​នៅ​ដដែល ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Albendazole ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុន​ពេល​ប្រើ​ប្រាស់​ថ្នាំនេះ​ យើង​ត្រូវដឹង​កត្តា​មួយ​ចំនួន​ដូចជា៖

– ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការី បើ​អ្នក​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Albendazole ឬ​ថ្នាំ​ដទៃ​ទៀត។ អាច​សាក​សួរ​​ឱសថ​ការី ឬ​ពិនិត្យ​មើល​ក្រដាស​ពត៌មាន​ ដើម្បី​បាន​ដឹង​អំពី​សារធាតុ​ផ្សំ​របស់​ថ្នាំ។

– ប្រាប់​គ្រូពេទ្យ​បើ​កំពុង​ប្រើ​ថ្នាំទាំង​មាន​ ឬ​គ្មាន​វេជ្ជបញ្ជា វីតាមីន អាហារ​បំប៉ន​សុខ​ភាព ឬ​ឱសថ​បុរាណ​ណាមួយ។ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​យើង​ប្រើ​ថ្នាំ Theophylline ព្រោះ​គ្រូពេទ្យ​អាច​ប្តូរ​កម្រិត​ថ្នាំ យើង​ត្រូវ​ប្រើ ហើយ​តាម​ដាន​ផល​រំខាន​របស់​ថ្នាំ​ ដែល​អាច​កើត​មាន។

– ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​មាន​ ឬ​ធ្លាប់កើត​ជំងឺ​ថ្លើម។

-ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​កំពុង​មាន​ផ្ទៃ​ពោះ ឬ​មាន​បំណង​ចង់​មាន​កូន។ មិន​ត្រូវ​ប្រើ​ Albendazole រហូត​ដល់​មាន​ការ​ធ្វើ​តេស្ត​បញ្ជាក់​ថា ​មិន​មាន​ផ្ទៃ​ពោះ​ពិត​មែន។ មិន​គួរ​មាន​ផ្ទៃ​ពោះ​ពេល​កំពុង​ប្រើ​ Albendazole ឡើយ យ៉ាង​ហោច​ណាស់​ត្រូវ​រង​ចាំ​ឲ្យ​បាន ១ខែ បន្ទាប់​ពីឈប់​ប្រើ​ប្រាស់​ថ្នាំ។ អាច​សាក​សួរ​គ្រូពេទ្យ​ពី​វិធី​ពន្យា​កំណើត គួរ​ប្រើ​ពេល​កំពុង​ប្រើ​ប្រាស់​ថ្នាំ។ បើ​មាន​ផ្ទៃ​ពោះនៅ​ពេល​អ្នក​កំពុង​ប្រើ​ ត្រូវ​ប្រញាប់​ទាក់​ទង​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ ថ្នាំ Albendazole អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ។

– ត្រូវ​ប្រាប់​គ្រូពេទ្យ បើ​អ្នក​កំពុង​បំបៅ​ដោះ​កូន។

– បើត្រូវ​​វះ​កាត់ រាប់ទាំង​ការ​វះ​កាត់​ធ្មេញ​ផង​ដែរ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​វះ​កាត់​ យើង​កំពុង​ប្រើ​ប្រាស់ Albendazole ។

– បើប្រើថ្នាំ Albendazole ដើម្បី​ព្យាបាល​ជំងឺ​ព្រូន​ក្នុង​ខួរក្បាល​ (Neurocysticercosis) ​បង្ក​ឡើង​ដោយ​តេនញ៉ា​ក្នុងសាច់ជ្រូក (Taenia Solium) នោះ​គ្រូពេទ្យ​ប្រហែល​ជា​អាច​ប្រាប់​ឲ្យយើង​ប្រើ​ថ្នាំ​ក្នុង​កម្រិត​សមរម្យ​ណា​មួយ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ប្រព័ន្ធ​សរសៃប្រសាទ​​អំឡុង​ពេល​ព្យា​បាល។ ត្រូវ​ប្រញាប់​ទាក់​ទង​​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់ ​បើ​មាន​រោគ​សញ្ញា​ដូច​ជា ប្រកាច់ ឈឺ​ក្បាល ក្អួត អស់​កម្លាំង​ខ្លាំង ឬ​ប្រែ​ប្រួល​អត្ត​ចរិក។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ត្រូវ​ប្រាប់​គ្រូពេទ្យ​ជាបន្ទាប់​ បើ​ប្រទះ​ផល​រំខាន​បង្ក​ជា​រោគ​សញ្ញា​ដូច​ជា ហើម​កន្ទួល ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្តាត ឬ​បំពង់​ក ពិសេសរោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​មាន៖

– ងាយ​ជាំ​ស្បែក ឬ​ហូរ​ឈាម អស់​កម្លាំង​ល្ហិត​ល្ហៃ

– មាន​ក្តៅ​ញាក់ ឈឺ​ខ្លួន ឬ​មាន​រោគ​សញ្ញា​ដូច​ជំងឺ​ផ្តា​សាយ

– ក្តៅ​ខ្លួន ឈឺ​បំពង់​ក ឈឺ​ក្បាល និង​មាន​​ពង​បែក​លើ​ស្បែក របក​ស្បែក ឬ​ស្បែក​ឡើង​ក្រហម។

ផល​រំខាន​បន្ទាប់​បន្សំ​មាន​ដូច​ជា៖

– ឈឺ​ពោះ

– ចង្អោរ ក្អួត

– ឈឺ​ក្បាល វិល​មុខ

– ជ្រុះ​សក់។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរអំពើថ្នាំ

៧- អន្តរកម្ម​​​ថ្នាំ​​

ថ្នាំ​យើង​កំពុង​ប្រើ​​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​អំពើ​​ថ្នាំ Albendazole ​​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ថ្នាំ​ថយ​ចុះ ​​ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​ច្រើន។​ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

អន្តរ​កម្ម​របស់​ថ្នាំ អាច​ធ្វើ​ឲ្យប្រសិទ្ធភាព​ថ្នាំ​ប្រែ​ប្រួល ឬ​​បង្កើត​ផល​រំខាន​កាន់​តែ​ធ្ងន់​ធ្ងរ។

​អត្ថ​បទ​នេះ​​មិន​បាន​រៀប​រាប់​ឈ្មោះ​ថ្នាំ ​អាច​មាន​អន្តរ​កម្ម​ទាំង​អស់​នោះ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី ពី​ឈ្មោះ​ថ្នាំ​យើង​កំពុង​ប្រើប្រាស់ ខណៈ​ថ្នាំ​មួយចំនួន​អាច​មាន​អន្តរ​កម្ម​ជា​មួយ Albendazole មាន​ដូច​ជា៖

– ថ្នាំ Cimetidine, Dexamethasone, Praziquantel និងថ្នាំ Theophylline។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ Albendazole មាន​ការ​ប្រែប្រួល​​ ​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ​។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការីដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។ ពិសេស​មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ជាមួយទឹក​ទំពាំង​បាយជូរ​នោះ​ឡើយ។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព​

Albendazole អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​ ពិសេស​បើ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម ឬ​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ដូច​ជា៖

– ឆ្លង​រោគ Cysticercosis នៅ​ក្នុង​ភ្នែក។ អ្នក​ជំងឺ​ដែល​ប្រើថ្នាំ Albendazole ព្យាបាល​ពពួក​ព្រូន​នៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ្ធ (Neurocysticercosis) គួរ​តែ​​ពិនិត្យ​ភ្នែក​បន្ថែម ព្រោះ​ពេល​​ប្រើ​ថ្នាំ Albendazole ផល​រំខាន​របស់​ថ្នាំ​អាច​ប៉ះពាល់​អ្នក​ជំងឺ។

– មាន​ជំងឺ​ថ្លើម កាន់តែ​ប្រឈម​មុខ​ខ្ពស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Echinococcosis លើ​មនុស្ស​ពេញ​វ័យ៖

– ទម្ងន់លើស​ ៦០ ​គីឡូ​ក្រាម៖ លេប ៤០០​មិល្លីក្រាម ២​ដង ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈ​ពេល ២៨​ ថ្ងៃ។

– ទម្ងន់​តិច​ជាង ៦០ ​គីឡូ​ក្រាម៖ លេប ១៥ ​មិល្លីក្រាម/​គីឡូ ចែក​ជា ២ដង ក្នុង​មួយ​ថ្ងៃ។

– កម្រិត​ប្រើ​អតិបរមា៖ ៨០០ ​មីល្លីក្រាម/​ថ្ងៃ។

– សម្រាប់​ព្យាបាល Cystic Echinococcosis៖ ​ព្យាបាលក្នុង​រយៈ​ពេល​ ២៨​ថ្ងៃ មាន ​​៣ ជុំ។ ក្នុង​រយៈ​ពេល​នោះ ត្រូវ​ទុក​ចន្លោះ​ពេល ១៤​ថ្ងៃ ព្យាបាល​ដោយ​​មិន​ប្រើ​ថ្នាំ។

– សម្រាប់​ព្យាបាល Alveolar Echinococcosis៖ ​ព្យាបាលក្នុង​រយៈ​ពេល​​រៀង​រាល់ ២៨ ​ថ្ងៃ។ ក្នុង​រយៈ​ពេល​នោះ ត្រូវ​ទុក​ចន្លោះ​ពេល ១៤​ថ្ងៃ ​ព្យាបាល​ដោយ​​មិន​ប្រើ​ថ្នាំ។ ការ​ព្យាបាល​អាច​បន្ត​រហូត​ទៅ​ដល់​រាប់​ខែ ឬ​រាប់​ឆ្នាំ ​ដើម្បី​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត​ឲ្យ​អស់​ពី​ក្នុង​ខ្លួន។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Neurocysticercosis លើ​មនុស្ស​ពេញ​វ័យ៖

– ទម្ងន់​លើស​ ៦០ ​គីឡូ​ក្រាម៖ លេប ៤០០​មិល្លីក្រាម ២​ដង ក្នុង​មួយ​ថ្ងៃ។

– ទម្ងន់​តិច​ជាង ៦០ ​គីឡូ​ក្រាម៖ លេប ១៥​ មិល្លីក្រាម/​គីឡូ ចែក​ជា ២ដង ក្នុង​មួយ​ថ្ងៃ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Enterobiasis លើ​មនុស្ស​ពេញ​វ័យ៖

– មនុស្ស​ធំ៖ លេប ៤០០​មិល្លីក្រាម តែ​ម្តង​ប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Ascariasis (ព្រូន​ចង្កឹះ) លើ​មនុស្ស​ពេញ​វ័យ៖

– មនុស្ស​ធំ៖ លេប ៤០០​មិល្លីក្រាម តែ​ម្តង​ប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Hookworm (ព្រូន​ទំពក់) លើ​មនុស្ស​ពេញ​វ័យ៖

– លេប ៤០០​មិល្លីក្រាម តែ​ម្តងប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Strongyloidiasis លើ​មនុស្ស​ពេញ​វ័យ៖

– លេប ៤០០​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង ឬ ២​ដង​ ក្នុង​មួយ​ថ្ងៃ សម្រាប់​​រយៈ​ពេល ៣​ថ្ងៃ​ជាប់​គ្នា។ បើ​ចាំ​បាច់​ត្រូវ​លេប​​ម្តង​ទៀត នៅ​រយៈ​ពេល​ ៣​ សប្តាហ៍​ក្រោយ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Giardiasis លើ​មនុស្ស​ពេញ​វ័យ៖

– លេប ៤០០​​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង ​រយៈ​ពេល ៥ ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Enterobiasis លើ​កូន​ក្មេង៖

– អាយុ​លើស​ពី ២ ឆ្នាំ៖ លេប ៤០០​មិល្លីក្រាម តែ​ម្តង​ប៉ុណ្ណោះ។

– អាយុ​ចន្លោះ​ពី ១​-២ ឆ្នាំ៖ លេប ២០០​មិល្លីក្រាម តែ​ម្តង​ប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Ascariasis លើ​កូន​ក្មេង៖

– អាយុ​លើស​ពី ២ ឆ្នាំ៖ លេប ៤០០​​មិល្លីក្រាម ​តែ​ម្តង​ប៉ុណ្ណោះ។

– អាយុចន្លោះ​ពី ១​-២ ​ឆ្នាំ៖ លេប ២០០​មិល្លីក្រាម ​តែ​ម្តង​ប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Hookworm លើ​កូន​ក្មេង៖

– អាយុ​លើស​ពី ២ ឆ្នាំ៖ លេប ៤០០​មិល្លីក្រាម ​តែ​ម្តង​ប៉ុណ្ណោះ។

– អាយុចន្លោះ​ពី ១​-២ ​ឆ្នាំ៖ លេប ២០០​មិល្លីក្រាម ​តែ​ម្តង​ប៉ុណ្ណោះ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល Giardiasis លើ​កូន​ក្មេង៖

– លេប ៤០០​​មិល្លីក្រាម ​​មួយ​ថ្ងៃម្តង រយៈ​ពេល ៥​ ថ្ងៃ។

១២- មានទម្រង់បែបណាខ្លះ?

Albendazole មាន​ក្នុង​កម្រិត និងទម្រង់ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប៖ ២០០​មិល្លីក្រាម និង ៤០០​មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Albendazole https://www.drugs.com/mtm/albendazole.html. Accessed July 6, 2016.

Albendazole http://www.webmd.com/drugs/2/drug-6261/albendazole- oral/details. Accessed July 6, 2016.

Albendazole (Oral Route) http://www.mayoclinic.org/drugs-supplements/albendazole-oral-route/description/drg-20061505. Accessed July 6, 2016

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម