backup og meta

Iron (ជាតិដែក)

Iron (ជាតិដែក)

ស្វែងយល់ពីការប្រើប្រាស់

១- ជាតិ​ដែក​អាច​ជួយ​អ្វី​បាន​ខ្លះ?

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីហ្សែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។

អាហារ​បំប៉ន​សម្បូរ​ជាតិ​ដែក ត្រូវ​គេ​ប្រើ​ដើម្បី​ការ​ពារ និង​ព្យាបាល​កម្រិត​ជាតិ​ដែក​ទាប ​(ជំងឺ​ខ្វះ​ជាតិ​ដែក) និងជំងឺស្លេក​ស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​ក្នុង​ឈាម។

ជាតិ​ដែក ក៏​អាច​ប្រើ​សម្រាប់ជា​​ជំនួយ​សម្រាប់​អត្តពលិកបញ្ចេញ​កម្លាំង​ខ្លាំងៗ ព្យាបាល​ជំងឺ ADHD (ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍) និង​ដំបៅ​មាត់។

អ្នក​ខ្លះ​ប្រើ​ប្រាស់​ជាតិ​ដែក​សម្រាប់​ជំងឺរលាកពោះ​វៀន (Crohn’s disease) ជំងឺ​បាក់​ទឹក​ចិត្ត ហត់​នឿយ និង​ជំងឺ​អារ (គ្មាន​កូន)។ ស្រីៗ​ភាគ​ច្រើន ញ៉ាំ​ជាតិ​អាហារ​បំប៉ន​ជាតិ​ដែក សម្រាប់​បន្ថែមការ​បាត់បង់​ជាតិ​ដែក​នៅ​ពេល​មក​រដូវ។

២- ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មានការស្រាវជ្រាវ​ច្បាស់​លាស់​ណា​មួយ អាច​បង្ហាញ​ច្បាស់​ពី​ដំណើរ​ការ​របស់​ជាតិ​ដែក​នៅ​ឡើយ​ទេ។ យ៉ាងណា គេ​ដឹង​ថា​ ជាតិ​ដែក​អាច​ជួយ​ដឹក​នាំ​​អុកស៊ីហ្សែន​មាន​ក្នុង​​គ្រាប់​ឈាម​ក្រហម ពី​សួត ទៅ​កាន់​កោសិកា​ផ្សេងៗ​ទៀត ក្នុង​រាង​កាយ។ គប្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ?

ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬអ្នក​ជំនាញ​ខាង​ឱសថ​បុរាណ​ក្នុង​ករណី៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– មាន​ប្រតិកម្ម​ជាមួយជាតិដែក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា

ជាតិ​ដែក ​គឺមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ទូទៅ​នៅ​ពេល​ប្រើ​វា​ត្រឹម​ត្រូវ។ ផលិតផល​ជាតិ​ដែក​មាន​ច្រើន​ទម្រង់ ដូច​ជា​ថ្នាំ Ferrous sulfate, Ferrous gluconate, Ferrous fumarate និង​ថ្នាំ​ផ្សេង​ទៀត។ ផលិត​ផល​ខ្លះ ដូច​ជា​ថ្នាំ Polysaccharide-iron complex (Niferex-150) មានផល​រំខាន​ច្រើន​ជាង​ផលិត​ផល​ដទៃ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុ​តាង​ច្បាស់​នៅ​ឡើយ។

ថ្នាំ​មិន​រលាយ​ក្នុង​ក្រពះ ឬ​ថ្នាំ​គ្រប់​គ្រង​ការ​បញ្ចេញ​ជាតិ​ដែក អាច​កាត់​បន្ថយ​អាការៈ​ចង់​ក្អួត​សម្រាប់​ស្ថាន​ភាព​សុខភាព​មួយចំនួន ប៉ុន្តែ​រាងកាយ​មិន​សូវ​ស្រូប​យកដែរ ខណៈ​សូលុយស្យុង​ជាតិ​ដែក​ អាច​ធ្វើ​ឲ្យ​ធ្មេញ​ខ្មៅ។

ប្រើ​ជាតិ​ដែក​ច្រើន​ពេក គ្មាន​សុវត្ថិភាព​ទេ ពិសេស​ចំពោះ​ក្មេង។ ជាតិ​ដែក គឺ​មូល​ហេតុ​ធំ ធ្វើ​ឲ្យ​ក្មេងៗ​ស្លាប់ ហើយ​កម្រិត​ថ្នាំ​ទាប​ត្រឹម ៦០ មិល្លីក្រាម/គីឡូ ក៏​អាច​ស្លាប់​ដែរ។ ពុល​ជាតិ​ដែក អាច​ធ្វើ​ឲ្យ​បញ្ហា​ធ្ងន់​ធ្ងរ ដូច​ជា បញ្ហា​ក្រពះ ពោះវៀន ខ្សោយ​ថ្លើម សម្ពាធ​ឈាម​ទាប​ខ្លាំង ករណី​ខ្លះ​អាច​ស្លាប់​ក៏​មាន។

មាន​ក្តី​បារម្ភ ប្រើ​ប្រាស់​ជាតិ​ដែក​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​បេះដូង។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា អ្នក​ប្រើ​ប្រាស់​ជាតិ​ដែក​ច្រើន​ពី​ប្រភព​អាហារ ដូចជា សាច់​ក្រហម​អាចបណ្តាល​​ឲ្យ​មាន​ជំងឺ​បេះដូង ពិសេស​ចំពោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ប៉ុន្តែ​ការ​សិក្សា​នេះ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស​នៅ​ឡើយ ព្រោះ​មាន​សិក្សា​ផ្សេង​ទៀត​បង្ហាញ​ថា ជាតិ​ដែក មិន​ធ្វើ​ឲ្យ​មាន​ជំងឺ​បេះដូង​ទេ។ ករណី​នេះ អាច​នឹង​ត្រូវ​បកស្រាយ​ក្នុង​ឆាប់ៗ ថា​អាច​ប៉ះពាល់ ឬ​មិន​ប៉ះពាល់។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ការ​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន៖ ជាតិ​ដែក មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះកូន មាន​ជាតិ​ដែក​គ្រប់​គ្រាន់​ក្នុង​រាងកាយ ប៉ុន្តែ​មួយ​ថ្ងៃ​ញ៉ាំ​ច្រើន​បំផុត រាប់​បញ្ចូល​ទាំង​អាហារ​មាន​ជាតិ​ដែក ត្រូវ​ក្រោម ៤៥ មិល្លីក្រាម ប៉ុន្តែ​បើ​ញ៉ាំ​ក្នុង​កម្រិត​លើស​ពីនេះ ក៏មិន​បង្ហាញ​ផល​ប៉ះពាល់​ គំរាម​កំហែង​នោះដែរ។ ករណី​យើង​ខ្វះ​ជាតិ​ដែក កម្រិត​ប្រើ​ប្រចាំ​ថ្ងៃខ្ពស់​ជាង​នេះ ក៏​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរទេ។

យ៉ាង​ណា ជាតិ​ដែក​អាច​គ្មាន​សុវត្ថិភាព ពេល​លេប​តាម​មាត់​ក្នុង​កម្រិត​ខ្ពស់។ ហេតុនេះ បើ​យើង​មិន​​ខ្វះ​ជាតិ​ដែក មិន​ត្រូវ​ញ៉ាំ​ខ្ពស់​ជាង ៤៥ មីល្លីក្រាម/ថ្ងៃ ឡើយ។ កម្រិត​ជាតិ​ដែក​ខ្ពស់ អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន​ទៅ​លើ​ក្រពះ​ពោះ​វៀន ដូច​ជា ចង្អោរ​ក្អួត។ កម្រិត​អេម៉ូក្លូប៊ីន​ខ្ពស់​នៅ​ពេល​សម្រាល គឺ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​ពពោះ​មិន​បាន​ល្អ។ Hemoglobin គឺ​ជា​ម៉ូលេគុល​ក្នុង​កោសិកា​ឈាម​ក្រហម​មាន​ជាតិ​ដែក។

– ជំងឺ​​ទឹក​នោម​ផ្អែម៖ អ្នក​ជំនាញ​បារម្ភ​ថា របប​អាហារ​មាន​ជាតិ​ដែក​ខ្ពស់ អាច​បង្កើន​ការ​ប្រឈម​ជំងឺ​បេះដូង​ចំពោះ​ស្រ្តី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ បើ​ទោះ​ជា​មិន​ទាន់​មាន​ភស្តុតាង​បង្ហាញ​ច្បាស់​លាស់​ក៏ដោយ។ បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ពី​កម្រិត​ជាតិ​ដែក​គួរ​ញ៉ាំ។

– ដំបៅ​ក្រពះ ឬ​ពោះវៀន៖ ជាតិ​ដែក អាច​ធ្វើ​ឲ្យ​ក្រហាយ​ និង​អាច​នាំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ សូម​ប្រើ​ជាតិ​ដែក​ដោយ​ប្រុង​ប្រយ័ត្ន។

– ការ​រលាក​ពោះវៀន Ulcerative colitis ឬ Crohn’s disease៖ ជាតិ​ដែក អាច​ធ្វើ​ឲ្យក្រហាយ និង​អាច​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ សូម​ប្រើ​ជាតិ​ដែក​ដោយ​ប្រុង​ប្រយ័ត្ន។

– ជំងឺ​អេម៉ូក្លូបីន (Thalassemia)៖ អាច​បណ្ដាល​ឲ្យ​ជាតិ​ដែក​កើន​ឡើង​ខ្លាំង​ក្នុង​ខ្លួន ចំពោះ​អ្នក​ជំងឺ​ប្រភេទ​នេះ។ សូម​កុំ​ញ៉ាំ​ជាតិ​ដែក លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ។

– ទារក​មិន​គ្រប់​ខែ៖ ផ្តល់​ជាតិ​ដែក​ទៅ​ទារក​មិន​គ្រប់​ខែ មាន​វីតាមីនE ទាប អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ដូច្នេះ​គួរ​តែ​កែ​តម្រូវ​ការ​ខ្វះ​វីតាមីន E មុន​ពេល​ឲ្យ​ថ្នាំ​ជាតិ​ដែក។ ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​មុន​ពេល​ផ្តល់​ជាតិ​ដែក​ដល់​ទារក។

ស្វែងយល់ពីផលរំខាន

៦- មាន​ផល​រំខាន​អី​ខ្លះ?

ជាតិ​ដែក អាច​ធ្វើ​ឲ្យ​ឈឺ​ក្រពះ ទល់​លាមក រាក ចង់​ក្អួត ឬក្អួត។ មិន​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា ​សុទ្ធ​តែមាន​រោគ​សញ្ញា​​ដូច​គ្នា​នោះ​ទេ អាការៈរបស់​វា​អាច​លេច​ចេញ​ខុស​ៗគ្នា។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មាន​អន្តរ​កម្ម​ជា​មួយ​អី​ខ្លះ?

ជាតិ​ដែក​អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ​យើង​កំពុង​ផឹក ឬ​ថ្នាំ​ផ្សេងៗ ដូច្នេះ​ត្រូវ​ពិគ្រោះ​ជា​មួយ គ្រូពេទ្យ​មុន​ពេល​ប្រើ ហើយ​ថ្នាំ​អាច​មាន​អន្តរ​អំពើ​ជាមួយ​ជាតិ​ដែក​រួម​មាន៖

– ថ្នាំផ្សះ៖ ជាតិ​ដែក ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​ថ្នាំផ្សះ​ថយចុះ ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ថ្នាំ​ផ្សះ​មួយ​ចំនួន។ ដើម្បី​ចៀស​វាង​ប្រតិកម្ម​នេះ ត្រូវ​ប្រើ​ជាតិ​ដែក​ពីរ​ម៉ោង​មុន ឬ​ក្រោយ​ប្រើ​ថ្នាំ​ផ្សះ។ ថ្នាំ​ផ្សះ​មួយ​ចំនួន អាច​មាន​អន្តរអំពើ​ជា​មួយ​ក្រុម​ថ្នាំ Quercetin រួម​មាន Ciprofloxacin (Cipro), Enoxacin (Penetrex), Norfloxacin (Chibroxin, Noroxin), Sparfloxacin (Zagam), Trovafloxacin (Trovan), និង Grepafloxacin (Raxar)។

– ថ្នាំផ្សះពពួក Tetracycline៖ ជាតិ​ដែក​អាច​ភ្ជាប់​ជាមួយ​ថ្នាំ​ផ្សះ Tetracycline នៅ​ក្នុង​ក្រពះ​ហើយ​បន្ថយ​ការ​ស្រូប​សមត្ថភាព​រាង​ការ​ស្រូប​យក នាំ​ឲ្យ​ថយ​ចុះ​ប្រសិទ្ធ​ភាព​ថ្នាំ។ ដើម្បី​ចៀស​វាង​ប្រតិកម្ម​នេះ ត្រូវ​ប្រើ​ជាតិ​ដែក​ពីរ​ម៉ោង​មុន ឬ​ក្រោយ​ប្រើ​ថ្នាំ​ផ្សះ Tetracycline។ ក្រុមថ្នាំ Tetracycline រួមមាន​Demeclocycline (Declomycin), Minocycline (Minocin) និង Tetracycline (Achromycin)។

– ពពួក​ថ្នាំ Bisphosphonates (ថ្នាំ​ព្យាបាល​ឆ្អឹង)៖ ជាតិ​ដែក ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​ថ្នាំ Bisphosphonatesថយចុះ ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ថ្នាំ។ ដើម្បី​ចៀស​វាង​ប្រតិកម្ម​នេះ ត្រូវ​ប្រើ​ជាតិ​ដែក​ពីរ​ម៉ោង​មុន ឬ​ក្រោយ​ប្រើ Bisphosphonates។ ពពួក​ថ្នាំ Bisphosphonates រួមមាន Alendronate (Fosamax), Etidronate (Didronel), Risedronate (Actonel), Tiludronate (Skelid) និង​ផ្សេងៗ​ទៀត។

– ថ្នាំ Levodopa (ថ្នាំ​ព្យាបាល​ជំងឺ​ខួរក្បាល)៖ ជាតិ​ដែក ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​ថ្នាំ levodopa ថយចុះ ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ថ្នាំ។ កុំ​ប្រើ​ថ្នាំ​នេះ និង​ថ្នាំ​ជាតិ​ដែក ក្នុង​ពេល​តែ​មួយ។

– ពពួកថ្នាំ Levothyroxine៖ ថ្នាំ Levothyroxine ប្រើ​សម្រាប់​បន្ថយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ឲ្យ​ចុះ​ទាប។ ជាតិ​ដែក​ធ្វើ​ឲ្យ​ថយ​ចុះ​ការ​ស្រួប​ថ្នាំ​នេះ ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ថ្នាំ។ ថ្នាំ​នេះ​មាន​ច្រើន​ផលិត​ផល រួម​មាន Armour Thyroid, Eltroxin, Estre,Euthyrox, Levo-T, Levothroid, Levoxyl, Synthroid, Unithroid និងផ្សេងៗ​ទៀត។

នៅមាន​ប្រភេទ​ថ្នាំ​មួយចំនួន​ទៀត ដែក​ប្រតិកម្ម​ជាមួយ​ជាតិ​ដែក ដូចជា ថ្នាំ Methyldopa (Aldomet) ថ្នាំ Mycophenolate Mofetil (CellCept) ថ្នាំ Penicillamine និង​ថ្នាំ Chloramphenicol ជា​ដើម។ ដើម្បី​ចៀស​វាង​ប្រតិកម្ម​នេះ ត្រូវ​ប្រើ​ជាតិ​ដែក​ពីរ​ម៉ោង​មុន ឬ​ក្រោយ​ប្រើ​ថ្នាំ​ទាំង​នេះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើ​ដែល​បាន​សិក្សា​ជាក់​លាក់ មាន៖

លេបតាម​មាត់

– ខ្វះ​ជាតិ​ដែក​សម្រាប់​មនុស្ស​ធំ៖ ៥០-១០០ មិល្លីក្រាម បី​ដង/​ថ្ងៃ រៀង​រាល់​ថ្ងៃ។ សម្រាប់​មនុស្ស​ស្រី កម្រិត​ថ្នាំ​ចន្លោះ​ពី ៣០-១២០ មិល្លីក្រាម​រៀង​រាល់​សប្តាហ៍។

– ព្យាបាល​កុមារ​មាន​ជម្ងឺ​ស្លេក​ស្លាំង ដោយសារ​ខ្វះ​ជាតិ​ដែក កម្រិត​ថ្នាំ ៤-៦ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែក​ជា​បី​ដង។ ចំពោះ​មនុស្ស​ធំ និង​កុមារ ការ​ព្យាបាល​រយៈពេល ២-៣ ខែ អាច​ព្យាបាល​ជំងឺ​បាន​មែន ប៉ុន្តែ​មិន​អាច​ជួសជុល​កន្លែង​ស្តុក​ជាតិ​ដែក​ក្នុង​រាងកាយ​បាន​ទេ ដូច្នេះ​ការ​ព្យាបាល​អាច​បន្ត ៦ខែ ទៀត​ដើម្បី​ជួសជុល​កន្លែង​បម្រុង​ជាតិ​ដែក។

ដើម្បី​ការពារ​ការ​ខ្វះ​ជាតិ​ដែក​ចំពោះ​កុមារ វិទ្យាស្ថាន​ជំងឺ​កុមារ នៅអាមេរិក (American Academy of Pediatrics) បាន​ណែ​នាំ​ឲ្យ​ប្រើ​អាហារ​បំប៉ន​ជាតិ​ដែក​សម្រាប់​ក្រុម​មនុស្ស​មួយ​ចំនួន។

– សម្រាប់​ទារក​បៅ​ដោះ អាយុ៤-៦ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១ មិល្លីក្រាម/គីឡូ/ថ្ងៃ។

– ក្មេង​អាយុ ៦-១២ ខែ ត្រូវ​ការ​ជាតិ​ដែក ១១មិល្លីក្រាម/ថ្ងៃ ពី​ចំណី​អារហារ​ ឬ​អាហារ​បំ​ប៉ន។

– ចំពោះ​ទារក​កើត​មុន​ខែ ត្រូវ​ការ ២មិល្លីក្រាម/​គីឡូ/​ថ្ងៃ ប្រើ​ពេញ​មួយ​ឆ្នាំ​ដំបូង។ គួរ​តែ​ធ្វើ​បែប​នេះ​រហូត​ដល់​ក្មេងៗ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​ទឹក​ដោះ​គោ ឬ​អាហារ។ ក្មេង​បៅ​ទឹក​ដោះ​គោ អាចទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់។

– ក្មេង​អាយុ ១-៣ ឆ្នាំ អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​អាហារ​គេញ៉ាំ ដែល​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ៧​មិល្លីក្រាម និង​អាច​បន្ថែម​អាហារ​បំប៉ន​ក្នុង​ករណី​ចាំ​បាច់។

– សម្រាប់​ការ​លូតលាស់​ចំណេះ​ដឹង និង​ការ​គិត ចំពោះ​ក្មេង​ជំទង់​ខ្វះ​ជាតិ​ដែក ប្រើ ៦៥០មិល្លីក្រាម (Ferrous sulfate) ២ ដង/ថ្ងៃ។

– ក្អក​បណ្តាល​មក​ពី​ពពួក​ថ្នាំ ACE inhibitors ប្រើ​ប្រាស់ ២៥៦ មិល្លីក្រាម (Ferrous sulfate) រៀង​រាល់​ថ្ងៃ។

– ជាតិ​ដែក​សម្រាប់​ក្មេង ៦ ខែ​ចុះ​ក្រោម ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​អាហារ ០.២៧ មិល្លីក្រាម/​ថ្ងៃ។

– ក្មេង​អាយុ ៧-១២ ខែ ត្រូវ​ការ ១១ មិល្លីក្រាម/​ថ្ងៃ។

– អាយុ​១ទៅ៣​ឆ្នាំ ត្រូវ​ការ ​៧មិល្លីក្រាម/​១ថ្ងៃ ។

– អាយុ​ ៤-៨​ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក​ ១០មិល្លីក្រាម/​១ថ្ងៃ។

– អាយុ​៩-១៣​ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក​ ៨មិល្លីក្រាម/​១ថ្ងៃ។

– ក្មេង​ប្រុស​អាយុ ១៤-១៨​ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក​ ១១​មិល្លីក្រាម/​១ថ្ងៃ។

– ក្មេងស្រី​​អាយុ ១៤-១៨​ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក​ ១៥មិល្លីក្រាម/​១ថ្ងៃ។

– សម្រាប់​មនុស្ស​ធំ តម្រូវ​ការប្រចាំ​ថ្ងៃ​៨​មិល្លីក្រាម/​១ថ្ងៃ​សម្រាប់​បុរស​អាយុ​១៩​ឆ្នាំឡើងទៅ និង​ស្រី្ត​អាយុ​៥១​ឆ្នាំឡើងទៅ។

– សម្រាប់​ស្រ្តី​អាយុ​១៩-៥០​ឆ្នាំ តម្រូវ​ការ​ជាតិ​ដែក​គឺ​ ១៨មិល្លីក្រាម/​១ថ្ងៃ។

– សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ តម្រូវ​ការ​ជាតិ​ដែក​គឺ​ ២៧មិល្លីក្រាម/​១ថ្ងៃ។

– សម្រាប់​ស្រ្តី​បំបៅ​ដោះ​ តម្រូវ​ការ​ជាតិ​ដែក​គឺ​ ១០​មិល្លីក្រាម/​១ថ្ងៃ សម្រាប់​អាយុ ១៤-១៨​ឆ្នាំ និង​៩មិល្លីក្រាម/១ថ្ងៃ សម្រាប់​អាយុ ១៩-៥០ឆ្នាំ។

កម្រិត​ប្រើ​ជាតិ​ដែក​ខ្ពស់​បំផុត (UL) និង​គ្មាន​ផល​ប៉ះពាល់ សម្រាប់​ទារក ដល់អាយុ ១៣​ឆ្នាំ កម្រិត​ប្រើ​ខ្ពស់​បំផុត ៤០ មិល្លីក្រាម/ថ្ងៃ។ ក្មេង​អាយុ ១៤ ឆ្នាំឡើងទៅ (រួម​ទាំង​ស្រី្ត​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ) ចំនួន​ជាតិ​ដែក​ខ្ពស់​បំផុត​គឺ ៤៥ មិល្លីក្រាម/​ថ្ងៃ។ អ្នក​ជំងឺ​ខ្វះ​ជាតិ​ដែល អាច​ប្រើ​កម្រិត​ខ្ពស់​ជាង​នេះ ដោយ​គ្មាន​ផល​ប៉ះ​ពាល់​នោះ​ទេ។

ថ្នាំ​ និង​អាហារ​បំប៉ន​ជាតិ​ដែកមាន​ច្រើន​ទម្រង់​ខុសៗ​គ្នា ដូចជា ថ្នាំ Ferrous gluconate ១ក្រាម មាន​ជាតិ​ដែក ១២០​មិល្លីក្រាម (១២%) ថ្នាំ Ferrous sulfate ១ក្រាម មាន​ជាតិ​ដែក ២០០​មិល្លីក្រាម

(២០%) ថ្នាំ Ferrous fumarate ១​ក្រាម មាន​ជាតិ​ដែក ៣៣០​មិល្លីក្រាម (៣៣%)។

ប្រសិទ្ធ​ភាព និង​ផល​ប៉ះពាល់ គឺ​ស្រដៀង​គ្នា បើ​ប្រើ​បរិមាណ​ស្មើ​គ្នា។ កម្រិត​ថ្នាំ​ជាតិ​ដែក អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ អាស្រ័យ​លើ​អាយុ សុខភាព​ និង​កត្តា​ផ្សេងៗ​ទៀត។ អាហារ​បំប៉ន​ មិន​មាន​សុវត្ថិភាព​រហូត​ទេ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពី​បរិមាណ​ជាតិ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។

៩- អាចមានទម្រង់អីខ្លះ?

ជាតិ​ដែក​អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– ថ្នាំ​ជាតិ​ដែក​គ្រាប់ ២៨មិល្លីក្រាម (ជាតិ​ដែក​សុទ្ធ)

– សូ​លុយ​ស្យុង​ជាតិ​ដែក៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជាមិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Iron http://www.webmd.com/vitamins-supplements/ingredientmono-912-iron.aspx?activeingredientid=912 Accessed September 11, 2017

Iron http://www.rsc.org/periodic-table/element/26/iron Accessed September 11, 2017

កំណែ​ប្រែបច្ចុប្បន្ន

06/03/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Mar 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម