backup og meta

Iodine (អ៊ីយ៉ូត)

ស្វែងយល់ពីការប្រើប្រាស់

១-​ អ៊ីយ៉ូត​ជួយអីខ្លះដល់រាងកាយ?

អ៊ីយ៉ូត​ជា​សារ​ធាតុ​គីមីដែល​រាងកាយ​ត្រូវការ​ ប៉ុន្តែរាងកាយ​មិន​អាច​បង្កើតសារធាតុ​នេះ​បានដោយ​ឯកឯង​ទេ ហើយអ៊ីយ៉ូតយើងអាច​បានពីរបប​អាហារប្រចាំ។

អ៊ីយ៉ូត​ប្រើសម្រាប់ការពារ​កង្វះ​សារជាតិ​អ៊ីយ៉ូត និង​ផលវិបាក​​ដូច​ជា​ជំងឺ​ពក​ក។ វាក៏ប្រើសម្រាប់៖

– ព្យាបាល​ជំងឺ​ស្បែក​បង្ករោគដោយពពួក​ផ្សិត (Cutaneous sporotrichosis)

– ព្យាបាល​ជំងឺ​ដុំ​គីស​ក្នុង​សុដន់ (Fibrocystic breast)

– ការពារ​មហារីក​ដោះ ជំងឺ​ភ្នែក ទឹក​នោម​ផ្អែម ជំងឺ​បេះដូង​ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

– ថ្នាំ​បញ្ចេញ​ស្លេស្ម។

គេ​ក៏​ប្រើ​វា​សម្រាប់ករណី​សង្រ្គោះបន្ទាន់​ ក្នុង​គ្រោះថ្នាក់​ដោយ​ជាតិវិទ្យុសកម្ម ការពារ​ក្រពេញ​ទីរ៉ូអ៊ីត​ ពីវិទ្យុសកម្ម។

ក្រៅពីនេះ គេ​ប្រើ​វា​លាប​លើស្បែក​ដើម្បី​សម្លាប់​មេរោគ កុំឲ្យឈឺក្នុងមាត់( Mucositis) ដោយ​សារ​ការ​ព្យាបាល​ដោយ​ប្រើ​ជាតិ​គីមី និង​ព្យាបាល​ដំបៅ​ដោយសារ​ទឹកនោម​ផ្អែម។

២- វាដំណើរការម៉េច?

មិនទាន់​មាន​ការ​សិក្សារ​គ្រប់គ្រាន់​ទៅ​លើ​ដំណើរការ​របស់​វា​នៅឡើយ​ទេ។ ចំពោះព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​។ ទោះបីយ៉ាងណា គេ​ដឹង​ថាវាអាច​បន្ថយកម្រិត​អ័រម៉ូនក្រពេញ​ទីរ៉ូអ៊ីត​ អាច​សម្លាប់​ផ្សិត បាក់តេរី និង​ពពួក​មេរោគ​តូចៗ ដូចជា ​អាមីប​ជាដើម។ ប្រភេទ​ពិសេស​នៃអ៊ីយ៉ូត​ ឈ្មោះ​ថា​ប៉ូតាស្យូមអ៊ីយ៉ូត ​ប្រើ​សំរាប់​ព្យាបាល (មិនសម្រាប់​ការពារ) ឥទ្ធិពល​គ្រោះថ្នាក់​ដោយសារ​វិទ្យុសកម្ម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយអ៊ីយ៉ូត ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ភាគ​ច្រើន​ វា​​មាន​សុវត្ថិភាព​ ប្រសិន​ជា​ប្រើ​តាម​ការលេប ឬ​លាប​លើ​ស្បែក​ដោយ​ត្រឹមត្រូវ​តាម​ការ​ណែនាំ។

បើ​ប្រើ​ច្រើន ឬ​ប្រើ​រយៈពេល​យូរ​ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់។ ចំពោះ​មនុស្ស​ពេញ​វ័យ ​មិន​គួរ​ប្រើ​វា​យូរ​ និងកម្រិត​ខ្ពស់​ជាង ១១០០មីក្រូក្រាម/ថ្ងៃ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ។ ចំពោះ​កុមារ​អាយុ​ពី ១-៣ ឆ្នាំ មិន​គួរ​ប្រើ​លើស​ពី ២០០មីក្រូក្រាម/ថ្ងៃ ទេ កម្រិត ៣០០មីក្រូក្រាម/ថ្ងៃ ចំពោះ​កុមារ​អាយុ ៤-៨ ឆ្នាំ  កម្រិត ៦០០មីក្រូក្រាម/ថ្ងៃ ចំពោះកុមារ​អាយុ ៩-១៣ ឆ្នាំ និងកម្រិត ៩០០មីក្រូក្រាម/ថ្ងៃ ចំពោះក្មេងវ័យជំទង់។

៥- គួរប្រុងប្រយ័ត្ន 

– ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​កំពុង​បំបៅ​កូន៖ ​មាន​សុវត្ថិភាព​បើ​លេប ​និង​លាប​វា​លើ​ស្បែក​ក្នុង​បរិមាណ​ត្រឹមត្រូវ (កំហាប់ ២ ភាគរយ)។ តែ​បើ​លេប​ក្នុង​កម្រិត​ខ្ពស់​វា​មិនមាន​សុវត្ថិភាព​ទេ។

– អាយុ៖ ​មិន​គួរ​លេប​លើស ១១០០មីក្រូក្រាម/ថ្ងៃ​ទេ បើអ្នក​មានអាយុលើស ១៨ឆ្នាំ ហើយ​បើ​​មាន​អាយុ​ ១៤-១៨ ​ឆ្នាំ ​មិន​គួរ​លេប​លើស​ពី ៩០០មីក្រូក្រាម/ថ្ងៃ ដែរ។ ​លេប​ហួស​កម្រិត ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។

– មាន​ជំងឺ​លើ​​ក្រពេញ​ទីរ៉ូអ៊ីត​ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ៖ អ្នក​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងរាង​កាយ ​និង​ក្រពេញ​ទីរ៉ូអ៊ីត អាច​បណ្ដាលឲ្យ​កើន​ឡើង​ផលរំខាន​ផ្សេង​ៗ​របស់​ជាតិ​អ៊ីយ៉ូត។

– ជំងឺ​កន្ទួល​ក្រហម​លើ​ស្បែក​ធ្ងន់ធ្ងរ (Dermatitis herpetiformis)៖ ​ប្រើ​ជាតិ​អ៊ីយ៉ូត​ អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​ក្រហម​ទាំង​នោះ​កាន់​តែ​ធ្ងន់ធ្ងរ។

– ជំងឺ​លើ​ក្រពេញ​ទីរ៉ូអ៊ីត៖ ដូច​ជា ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ក្រពេញ​ទីរ៉ូអ៊ីត​រីកធំ (ពកក) ឬ​​មាន​ដុំសាច់។ ប្រសិន​ជា​ប្រើ​យូរ ឬ​ច្រើនលើស ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

អ៊ីយ៉ូត​មាន​ផល​ប៉ះពាល់​ជាពិសេស​ទៅលើ​មនុស្សខ្លះ។ បញ្ហា​ទាំងនោះ​រួមមាន ចង្អោរ ឈឺពោះ ហៀរសំបោរ ឈឺក្បាល ល្វីងមាត់ និងរាក។

ចំពោះ​មនុស្ស​​ងាយ​ប្រតិកម្ម​អាច​មាន​សញ្ញា​ដូចជា ហើមមាត់ ​និង​មុខ ហូរឈាម​ធ្ងន់ធ្ងរ ក្ដៅខ្លួន ឈឺ​សន្លាក់ រីក​ក្រពេញ​ទឹករងៃ អាលែកហ្ស៊ី (កន្ទាលត្រអាក) និងអាច​បណ្តាល​ឲ្យស្លាប់ទៀត​ផង។

ចំពោះកុមារ និងមនុស្ស​ពេញវ័យ ការ​លេប​វា​លើស​កម្រិត​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពេញទីរ៉ូអ៊ីត។ បរិមាណ​អ៊ីយ៉ូត​ច្រើន​ពេក ​អាច​ធ្វើឲ្យ​ល្វីងមាត់ ឈឹធ្មេញ ​និង​អញ្ចាញធ្មេញ ក្ដៅមាត់ ក ចេញ​ទឹក​មាត់​ច្រើន រលាក​ក ឈឺ​ពោះ​ រាគ បាក់​ទឹកចិត្ត បញ្ហា​ស្បែក និងផល​រំខាន​មួយ​ចំនួន​ទៀត។

ពេល​ប្រើ​វា​ផ្ទាល់​លើ​ស្បែក អាច​​បណ្ដាល​ឲ្យ​រមាស់ អាលែកហ្ស៊ី និង​ផល​វិបាក​មួយ​ចំនួន​ទៀត។ សូម​ប្រុង​ប្រយ័ត្ន មិន​គួរ​រុំ​បង់​ពី​លើ​កន្លែង​ដែល​ព្យាបាល​ដោយ​អ៊ីយ៉ូត​ទេ​ដើម្បី​ជៀសវាង​រលាក។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរអំពើថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

បើ​និយាយ​ពីអន្តរកម្មវិញ អាច​មាន​​ជាមួយថ្នាំយើងកំពុងប្រើ​ និង​ស្ថាន​ភាព​ជំងឺ​​កំពុង​មា​នផ្ទាល់។ សូម​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ។

ថ្នាំអាច​មានអន្តរកម្មជាមួយ​អ៊ីយ៉ូត​មាន៖

– ថ្នាំ​ប្រឆាំង​ទីរ៉ូអីត (Antithyroid Drug)៖ អ៊ីយ៉ូត អាច​ធ្វើ​អោយ​ប៉ះពាល់​ក្រពេញ​ទីរ៉ូអ៊ីត។ ​​បើ​លេប​ជាមួយ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​ការ​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​ថយចុះ​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីតខ្លាំងដូចគ្នា។ ដូច​នេះ​អ្នក​ជំងឺ មិន​គួរថ្នាំ​ទាំង​ពីរមុខ​ក្នុង​ពេល​តែ​មួយ​ទេ។

ថ្នាំ​ថ្នាំ​ប្រឆាំង​ទីរ៉ូអីត ​មានដូចជា Methenamine Mandelate (Methimazole), Methimazole (Tapazole), Potassium iodide (Thyro-Block) និងថ្នាំ​ផ្សេង​ទៀត។

– ថ្នាំ Amiodarone៖ Amiodarone (Cordarone) មាន​ផ្ទុក​អ៊ីយ៉ូត ពេល​លេប​អ៊ីយ៉ូត​ជាមួយ Amiodarone អាចបណ្ដាលឲ្យ​មាន​កម្រិត​អ៊ីយ៉ូត​ច្រើន​ក្នុង​ឈាម បណ្ដាល​ឲ្យ​ប៉ះពាល់​ក្រពេញ​ទីរ៉ូអ៊ីត។

– ថ្នាំ Lithium៖ Lithium អាច​បិទ​សកម្មភាព​ក្រពេញ​ទីរ៉ូអ៊ីត បើ​ប្រើ​ផ្សំ​គ្នា​ជាមួយ​អ៊ីយ៉ូត​ នាំ​ឲ្យ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត។

– ពពួក ACE inhibitors៖ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​មួយ​ចំនួន ​ធ្វើ​ឲ្យ​ការ​បំផ្លាញ​ប៉ូតាស្យូម​ក្នុង​ខ្លួន​កើន​ឡើង។ ថ្នាំ​​បំប៉ន​អ៊ីយ៉ូត​ ភាគ​ច្រើន​មាន​ផ្ទុក​ប៉ូតាស្យូម។ ការ​លេប​ប៉ូតាស្យូម​អ៊ីយ៉ូត​ ជាមួយ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​រួមគ្នាក្នុងពេល​តែ​មួយ អាច​ធ្វើ​ឲ្យ​មាន​កម្រិត​ប៉ូតាស្យូម​លើស​ក្នុង​ខ្លួន។

ថ្នាំ​ទាំង​នោះ​មាន​ដូចជា Captopril (Capoten), Enalapril (Vasotec), Lisinopril (Prinivil, Zestril), Ramipril (Altace) និង​ផ្សេង​ទៀត។

– ពពួក​ថ្នាំ Angiotensin receptor blockers (ARBs)៖ ជាថ្នាំបញ្ចុះយ​សម្ពាធ​ឈាម​ចុះ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ការ​បំផ្លាញ​ប៉ូតាស្យូម​ក្នុង​ខ្លួន​កើន​ឡើង។ ថ្នាំ​​បំប៉ន​អ៊ីយ៉ូត​ ភាគ​ច្រើន​មាន​ផ្ទុក​ប៉ូតាស្យូម។ ការ​លេប​ប៉ូតាស្យូម​អ៊ីយ៉ូត​ ជាមួយ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​រួមគ្នា អាច​ធ្វើ​ឲ្យ​មាន​កម្រិត​ប៉ូតាស្យូម​លើស​ក្នុង​ខ្លួន។

ថ្នាំ​ទាំង​នោះ​រួម​មាន Losartan (Cozaar), Valsartan (Diovan), Irbesartan (Avapro), Candesartan (Atacand), Telmisartan (Micardis) និង Eprosartan (Teveten)។

– ថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ Potassium-sparing៖ អាហារ​បំប៉ន​ធ្វើ​ពី​អ៊ីយ៉ូត​ មាន​ផ្ទុក​ប៉ូតាស្យ៉ូម​ ខណៈថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ​នេះ​ អាច​ធ្វើ​ឲ្យ​​កម្រិត​ប៉ូតាស្យូម​ក្នុង​ខ្លួន​កើន​ឡើង។ បើ​លេប​ប៉ូតាស្យូម​អ៊ីយ៉ូត​ជាមួយ ​អាច​​បណ្ដាល​ឲ្យ​លើស​កម្រិត​ប៉ូតាស្យូម​ក្នុង​ខ្លួន។

ថ្នាំ​ទាំង​នោះ​រួម​មាន Spironolactone (Aldactone), Triamterene (Dyrenium) និង Amiloride (Midamor)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

ពេទ្យ​​ណែនាំ​ឲ្យ​ប្រើ​កម្រិត​ដូច​ខាង​ក្រោម៖

តាម​ការ​លេប 

– សម្រាប់​​គ្រោះ​ថ្នាក់​ដោយ​វិទ្យុសកម្ម៖ ប៉ូតាស្យូម​អ៊ីយ៉ូត ​គួរ​លេប​មុន​ពេល ឬលេប​ភ្លាមៗ​បន្ទាប់​ពី​គ្រោះថ្នាក់​។​ សារធាតុ​វិទ្យុ​សកម្ម​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ ឬ​កំពុង​បំបៅ​កូន​ ក្មេងតូចៗ ហេតុនេះ​​ប្រើ​ប៉ូតាស្យូម​អ៊ីយ៉ូត​ គឺ​អាស្រ័យ​លើ​វិទ្យុសកម្ម​​ប៉ះពាល់ ​និង​អាយុ។ គេ​វាស់​ការ​ប៉ះពាល់​វិទ្យុ​សកម្ម​ដោយ​ Centigrays (cGy)។ ចំពោះ​កូន​ក្មេង ទារក កុមារ វ័យ​ជំទង់ ​និង​អ្នក​មាន​ផ្ទៃ​ពោះ​ ឬកំពុង​បំបៅ​កូន គេ​នឹង​ឲ្យ​ប៉ូតាស្យូមអ៊ីយ៉ូត​ ប្រសិន​បើ​វិទ្យុ​សកម្ម​ប៉ះ​ពាល់​ពី ៥ cGy ឬ​​ច្រើន​ជាង​នេះ។ ម្យ៉ាង​ទៀត​គេ​អាច​កាត់​គ្រាប់​ថ្នាំ​ដាក់​លាយ​ជាមួយ​ទឹកក្រូច ឬទឹក​ដោះ​គោ​បាន​ដែរ។

– ទារក​ពីពេល​កើតដល់ ១ ខែ៖ ១៦មិល្លីក្រាម

– ទារក​ដល់​កុមារ​លើស​ពី ១ខែ ដល់ ៣ ឆ្នាំ៖ ៣២មិល្លីក្រាម

– កុមារពី ៣-១២ ឆ្នាំ៖ ៦៥មិល្លីក្រាម

– ក្មេង​ពី ១២-១៨ ឆ្នាំ៖ ៦៥មិល្លីក្រាម ឬ ១២០មិល្លីក្រាម

– ​មាន​ផ្ទៃពោះ ឬកំពុង​បំបៅ​កូន៖ ១២០មិល្លីក្រាម

– មនុស្ស​ពេញ​វ័យ ១៨-៤០ ឆ្នាំ ប៉ះពាល់ដល់ ១០ cGy ឬលើសនេះ៖ ១៣០មិល្លីក្រាម

– មនុស្ស​ពេញ​វ័យ​លើសពី ៤០ឆ្នាំ ប៉ះពាល់ពី ៥០០ cGy ឬច្រើនជាងនេះ៖ ១៣០មិល្លីក្រាម

ចំនួន​គ្រប់​គ្រាន់​នៅ​ក្នុង​អាហារ​ចំពោះ​ទារក៖ 

– ពី​ ០-៦ ខែ ១១០មីក្រូក្រាម/ថ្ងៃ

– ៧-១២ ខែ ១៣០មីក្រូក្រាម/ថ្ងៃ

សម្រាប់​​កុមារ​ និង​វ័យ​ជំទង់ បរិមាណ​របប​អាហារ​​គេ​ណែនាំ៖

– ក្មេង ១-៨ ឆ្នាំ ៩០មីក្រូក្រាម/ថ្ងៃ

– ពី​ ៩-១៣ ឆ្នាំ ១២០មីក្រូក្រាម/ថ្ងៃ

– ១៤ ឆ្នាំឡើង ១៥០មីក្រូក្រាម/ថ្ងៃ

– សម្រាប់​ស្ត្រីមានផ្ទៃពោះ ២០៩មីក្រូក្រាម/ថ្ងៃ និងកំពុងបំបៅកូន ២៩០មីក្រូក្រាម/ថ្ងៃ។

កម្រិត​ខ្ពស់បំផុត​​អាច​ទទួលទាន ​ហើយ​មិន​បង្ក​ឲ្យផលវិបាក៖

– កុមារ ១-៣ ឆ្នាំ ២០០មីក្រូក្រាម/ថ្ងៃ

– ពី​ ៤-៨ ឆ្នាំ ៣០០មីក្រូក្រាម/ថ្ងៃ

– ពី​ ៩-​១៣ ឆ្នាំ ៦០០មីក្រូក្រាម/ថ្ងៃ

– ពី ១៤-​១៨ ឆ្នាំ (ទាំងមានផ្ទៃពោះ និងបំបៅកូន) ៩០០មីក្រូក្រាម/ថ្ងៃ។

-សម្រាប់​​មនុស្ស​ពេញ​វ័យ​អាយុ​លើស​ ១៩ឆ្នាំ រួម​បញ្ចូល​ទាំង​អ្នក​មាន​ផ្ទៃពោះ​ និង​កំពុង​បំបៅ​កូន ១១០០មីក្រូក្រាម/ថ្ងៃ ។

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

– ប៉ូតាស្យូមអ៊ីយ៉ូត ១៥០មីក្រូក្រាម

– ទឹក​ថ្នាំ​បន្តក់ Iodinehigh potency liquid drops ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Iodine http://www.webmd.com/vitamins-supplements/ingredientmono-35-iodine.aspx?activeingredientid=35 Accessed September 7, 2017

Iodine https://medlineplus.gov/ency/article/002421.htm  Accessed September 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម