ស្វែងយល់ពីការប្រើប្រាស់
១- ខ្ញីជួយអីខ្លះដល់រាងកាយ?
ខ្ញី គឺប្រើដើម្បីបង្ការ ឬព្យាបាលអាការៈក្អួតចង្អោរដោយសារពុលឡាន មានផ្ទៃពោះ និងការព្យាបាលដោយធាតុគីមីលើអ្នកជំងឺមហារីកទៀតផង។ គេក៏អាចប្រើប្រទាលនេះ ពេលឈឺពោះតិចតួច កាត់បន្ថយអាការៈឈឺចាប់ដោយសាររលាកឆ្អឹង និងសន្លាក់ ព្រមទាំងជំងឺបេះដូងផងដែរ។
២- វាដំណើរការម៉េច?
ខ្ញីមានផ្ទុកសារធាតុគីមីអាចកាត់បន្ថយការចង្អោរ និងរលាកបាន។ អ្នកស្រាវជ្រាវជឿថា សារធាតុគីមីទាំងនោះ ចូលទៅក្នុងក្រពះ និងពោះវៀនតូចជាមុនសិន បន្ទាប់មកនឹងបន្តចូលទៅធ្វើការក្នុងខួរក្បាល ប្រព័ន្ធប្រសាទ ដើម្បីគ្រប់គ្រងអាការៈចង់ចង្អោរ។
ចំពោះព័ត៌មានបន្ថែមសូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយខ្ញី ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ
– បើផឹកទឹកខ្ញីមុនពេលវះកាត់ ឬដាក់ថ្នាំសន្លប់។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
– ចំពោះក្មេង៖ មិនមានសុវត្ថិភាពទេ ចំពោះក្មេងអាយុក្រោម ២ ឆ្នាំ។
– ស្ត្រីមានផ្ទៃពោះ៖ ការប្រើប្រាស់ខ្ញីពេលមានផ្ទៃពោះ មិនប្រាកដថាមានសុវត្ថិភាពទាំងស្រុងនោះទេដោយសារវាអាចប៉ះពាល់អ័រម៉ូនភេទរបស់គភ៌។ ស្ត្រីជាម្តាយមិនគួរប្រើលើសពី ១ក្រាម/ថ្ងៃ។
– ស្ត្រីបំបៅដោះកូន៖ មិនទាន់មានព័ត៌មានជាក់លាក់អំពីសុវត្ថិភាពលើស្ត្រីបំបៅដោះកូននៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមចៀសវាងកុំប្រើប្រាស់។
ស្វែងយល់ពីផលរំខាន
៥- មានផលរំខានអីខ្លះ?
ខាងក្រោមនេះជាផលរំខានឧស្សាហ៍កើតមានញឹកញាប់៖
– ក្រហាយក្រោយសន្ទះទ្រូង
– រាក
– មិនសូវស្រួលពោះ
– ហូរឈាមរដូវច្រើន
– រោល ឬរមាស់ស្បែក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- មានអន្តរកម្មជាមួយអីខ្លះ?
ខ្ញីអាចមានប្រតិកម្មជាមួយថ្នាំយើងកំពុងប្រើ ឬជំងឺកំពុងមានក្នុងខ្លួន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ។
ខ្ញីអាចមានប្រតិកម្មជាមួយថ្នាំដូចជា៖
– ថ្នាំពង្រាវឈាម៖ ខ្ញីអាចបង្កើនលំហូរឈាមកាន់តែលឿន ហើយបើប្រើជាមួយថ្នាំពពួកនេះផង នាំឲ្យងាយហូរឈាមពេលមានរបួស។ ថ្នាំទាំងនោះមានដូចជា Aspirin, Clopidogrel (Plavix), diclofenac (Voltaren, Cataflam ផ្សេងទៀត), Ibuprofen (Advil, Motrin ផ្សេងទៀត), Naproxen (Anaprox, Naprosyn ផ្សេងទៀត), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin), Phenprocoumon និងថ្នាំប្រភេទមានផ្សេងទៀត។
– ថ្នាំទឹកនោមផ្អែម៖ ខ្ញីជួយបន្ថយជាតិស្ករក្នុងឈាមដែរ អ៊ីចឹងយើងអាចប្រឈមការខ្វះជាតិស្ករក្នុងឈាមបាន។
– ថ្នាំសម្រាប់លើសសម្ពាធឈាម៖ ខ្ញីធ្វើឲ្យសម្ពាធឈាមថយចុះ នាំឲ្យបេះដូងលោតមិនទៀងទាត់ និងសម្ពាធឈាមទាប។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
ចំពោះកូនក្មេង
– ក្មេងអាយុក្រោម ២ ឆ្នាំ៖ មិនអាចប្រើបានទេ។
– ក្មេងអាយុចាប់ពី ២ ឆ្នាំឡើង៖ អាចប្រើបានដើម្បីព្យាបាល អាការៈចង្អោរ រមូលក្រពះ និងឈឺក្បាល។ សូមសួរគ្រូពេទ្យដើម្បីដឹងពីកម្រិតត្រូវប្រើ។
ចំពោះមនុស្សពេញវ័យ
– តាមការញ៉ាំ៖ សូមកុំញ៉ាំខ្ញីលើសពី ៤ក្រាម ក្នុងមួយថ្ងៃ រាប់បញ្ចូលក្នុងទាំងម្ហូបអាហារ។
– សម្រាប់ការចង្អោរ ឆ្អល់ពោះភើ ឬពិបាករំលាយអាហារ៖ អាចប្រើខ្ញី ១ក្រាម/ថ្ងៃ បានដោយបែងចែកតាមពេល។
– សម្រាប់សម្រួលអាការៈក្អួតពេលមានផ្ទៃពោះ៖ ការសិក្សាមួយចំនួន អាចប្រើ ០,៦៥-១ ក្រាម/ថ្ងៃបាន។ សូមកុំប្រើ បើមិនបានសួរគ្រូពេទ្យជាមុន។
– សម្រាប់អាការៈឈឺសន្លាក់៖ អាចប្រើ ២៥០មិល្លីក្រាម ៤ ដង/ថ្ងៃ។
– សម្រាប់ឈឺពេលមករដូវ៖ ២៥០មិល្លីក្រាម (Zintoma, Goldaru) ៤ដង/ថ្ងៃ រយៈពេល ៣ថ្ងៃ រាប់ពីថ្ងៃដំបូង។ ១,៥ ក្រាម/ថ្ងៃ ចែកជា ៣ដង ចាប់ពី ២ថ្ងៃ មុនមករដូវ ហើយបន្តដល់ ៣ថ្ងៃ ដំបូងពេលមករដូវ។
– ពេលចាញ់កូន (Morning Sickness)៖ ០,៥-២,៥ ក្រាម/ថ្ងៃ ចែក ជា ២-៤ ដង រយៈពេល ៣ថ្ងៃ ទៅ ៣ សប្តាហ៍។
– សម្រាប់ពេលចង្អោរ និងក្អួតក្រោយវះកាត់៖ ១-២ ក្រាម (ម្សៅខ្ញី) ៣០-៦០ នាទី មុនចាក់ថ្នាំសន្លប់។ ពេលខ្លះអាចប្រើ ១ក្រាម ក្រោយវះកាត់ ២ ម៉ោង។
– ក្អួរចង្អោរដោយជម្ងឺ HIV/AIDS៖ ១ក្រាម ចែកជា ២ដង ចន្លោះពេល ៣០នាទី មុនពេលប្រើថ្នាំប្រឆាំងមេរោគអេដស៍ និងប្រើរយៈពេល ១៤ ថ្ងៃ។
ប្រើដោយលាបលើដងខ្លួន
– សម្រាប់ជំងឺរលាកឆ្អឹង និងសន្លាក់៖ ចាហួយ លាប (Gel) ម្យ៉ាងមានជាតិខ្ញី និង Plai (Plygersic Gel) វិទ្យាស្ថានវិទ្យាសាស្ត្ រនិងបច្ចេកទេសស្រាវជ្រាវប្រទេសថៃ) ៤ក្រាម/ថ្ងៃ ចែកជា ៤ដង រយៈពេល ៦ សប្តាហ៍។
៨- អាចមានទម្រង់អីខ្លះ?
– សម្រង់ខ្ញី ថ្នាំលាប ចាហួយ (Gel) ថ្នាំគ្រាប់ និងប្រេង
– មើមខ្ញីស្រស់ដាំជាតែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]