backup og meta

Panax ginseng (យិនសិនប៉ាណាក់)

Panax ginseng (យិនសិនប៉ាណាក់)

ស្វែងយល់ពីការប្រើប្រាស់

១- យិនសិនប៉ាណាក់ ជួយអីខ្លះដល់រាងកាយ?

យិនសិនប៉ាណាក់ (Panax ginseng) ជារុក្ខជាតិ​ដុះ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។ គេ​យក​មើម​របស់​វា​ធ្វើ​ជាឱសថ។ យិនសិនប៉ាណាក់ (Panax ginseng) ខុស​ពី យិនសិនអាមេរិក យិនសិន​ស៊ីបេរី ឬ Panax Pseudoginseng។

គេ​ញ៉ាំដើម្បី​ជំរុញ​ការគិត ប្រមូល​អារម្មណ៍ ការ​ចងចាំ ព្យាបាល​ជំងឺ​វង្វេង​មនុស្ស​ចាស់ (Alzheimer’s disease) ជួយ​បំពេញ​កម្លាំង​រាង​កាយ ការពារ​កុំ​ឲ្យ​ខូច​សាច់ដុំ​ពេល​ហាត់​ប្រាណ ជាពិសេស​ចំពោះ​កីឡាករ។

គេ​ក៏​អាច​ប្រើ​វា​ដើម្បី​សម្រួល​ដល់​ការ​ធុញថប់ ស្ត្រេស ជំនួសទឹក​ថ្នាំ​ប៉ូវ​កម្លាំង​ផង​ដែរ។ ពេល​ខ្លះ​ អាច​ហៅ​​ថា Adaptogen ពេល​ប្រើ​វា​ក្នុង​ករណី​ដូច​រៀប​រាប់​នេះ។

ដើមយិនសិនប៉ាណាក់

មួយ​វិញ​ទៀត អាច​​ប្រើព្យាបាល​​ជំងឺបាក់​ទឹក​ចិត្ត ជំងឺថប់បារម្ភ បណ្ដុំ​រោគ​សញ្ញា​ហត់​នឿយ​អស់​កម្លាំង (CFS) ជំងឺ​ស្បែក​ឡើង​រឹង ​ប្រើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ព្រម​ទាំង​ការ​ឆ្លង​មេរោគ​ក្នុង​សួត​ (Cystic Fibrosis) បង្ក​ដោយ​​មេរោគ​ Pseudomonas។

អ្នក​ខ្លះ​ប្រើ​យិនសិន​នេះ​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​សុដន់ បង្ការ​មហារីក​ដៃ​ស្បូន មហារីកថ្លើម សួត​ និង​ស្បែក​ជាដើម។

គេ​ក៏​យក​ទៅ​ប្រើ​ក្នុងជំងឺស្លេកស្លាំង រលាកទងសួត​រាំរ៉ៃ ផ្តាសាយ​បក្សី ជំងឺទឹក​នោម​ផ្អែម រលាក​ក្រពះ ក្តៅខ្លួន បន្សាប​ជាតិ​ស្រវឹង ជំងឺសួត COPD ជំងឺអេដស៍ បញ្ហា​បន្តពូជ វិបត្តិ​ផ្លូវ​ភេទ​បុរស បង្កើន​​សម្រើប​សម្រាប់​ស្ត្រី និង​ព្យាបាល​ជំងឺហឺត​ជាដើម។

យិន​សិននេះ អាចប្រើ​ព្យាបាល​បញ្ហា​ឈាម​ហូរ​​មិន​ឈប់ មិន​ឃ្លាន​អាហារ ក្អួត បញ្ហា​ពោះវៀនតូច ប្រមាត់ ធុំ​ក្លិន​មាត់ ឈឺ​សាច់​ដុំ​ស្បូន គេង​មិន​លក់ ឈឺ​សរសៃ ឈឺ​សន្លាក់ វិល​មុខ ឈឺក្បាល ថ្លង់ វង្វេងវង្វាន់ ជំងឺអំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​សម្រាល​កូន ក្តៅ​មុខ​មាត់​ពេល​ជិត​អស់​រដូវ ផ្តាសាយ​ធម្មតា ខ្សោយ​បេះដូង លើស​សម្ពាធ​ឈាម ស្បែក​ជ្រីវជ្រួញ និង​ពន្យឺត​ភាព​ចាស់។

បុរស​ខ្លះ​យក​វា​ទៅ​លាប​លើ​ពងស្វាស​ ដើម្បី​ព្យាបាល​ការ​បញ្ចេញ​ទឹក​កាម​លឿន​ពេក ឬ​យើង​ហៅ​ថា​រួមភេទ​មិន​បាន​យូរ ឆាប់​ចេញ​ទឹកកាម (Premature Ejaculation)។

ក្នុង​ផ្នែក​ឧស្សាហកម្ម​គេ​ក៏​យក​វា​ទៅ​ធ្វើ​ជា​សាប៊ូ គ្រឿង​សម្អាង ក៏​ដូច​ជា​ភេសជ្ជៈ​ផងដែរ។

២- វាដំណើរការម៉េច?

មិនទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ទៅ​លើ​ដំណើរការ​របស់​វា​នៅឡើយ​ទេ។ ចំពោះព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ យ៉ាង​ណា​គេ​ដឹង​ថាយិនសិន ប៉ាណាក់ មាន​សារធាតុ​សកម្ម​សំខាន់​ៗ​មួយ​ចំនួន ​ដូច​ជា Ginsenoides ឬ Panaxosides។ Ginsenosides ជា​ពាក្យ​បង្កើត​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាស៊ី ហើយ Panaxosides វិញ​ត្រូវ​បាន​ដាក់​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​រុស្សី។

យិនសិនប៉ាណាក់ (Panax ginseng) ​ជា​ថ្នាំ​ជំនួយ​សុខភាព​ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ជា​ច្រើន​ក្នុង​រាង​កាយ។

ផ្កាយិនសិនប៉ាណាក់

កត្តាប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​យកធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយយិនសិន ប៉ាណាក់ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

មើមយិនសិនប៉ាណាក់

៤- មានសុវត្ថិភាពកម្រិតណា?

យិនសិន ប៉ាណាក់ មាន​សុវត្ថិភាព ​បើ​ប្រើ​លាប​លើ​ស្បែក​ ជា​ផលិតផល​មាន​ធាតុផ្សំ​ច្រើន​មុខ (SS Cream)។

តែគ្មាន​សុវត្ថិភាព​បើ​ញ៉ាំ​វា​លើស​ពី ៦ ខែឡើង។ អ្នក​ស្រាវ​ជ្រាវ​គិត​ថា​ អាច​បង្ក​បញ្ហា​ដល់​អ័រម៉ូន​ខ្លះ​ បើសិន​ជា​ប្រើ​ក្នុង​រយៈពេល​យូរ។

៥- គួរប្រុងប្រយ័ត្ន 

ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​បំបៅ​ដោះ​កូន៖ អាច​គ្មាន​សុវត្ថិភាព​ បើ​ញ៉ាំ​វា​ពេល​កំពុង​មាន​ផ្ទៃ​ពោះ។ ធាតុ​គីមី​ម្យ៉ាង​នៅ​ក្នុងយិនសិន ប៉ាណាក់ ត្រូវបាន​រក​ឃើញ​ថា​អាច​បង្ក​ជំងឺងឺ​ពី​កំណើតនៅ​លើ​សត្វ។ យល់​ល្អ​កុំ​ប្រើ​ឱសថនេះ​ពេល​​កំពុង​មាន​ផ្ទៃ​ពោះ​អី។

ម្យ៉ាង​ទៀត​យើង​ពុំ​ទាន់​មាន​បញ្ជាក់​ពី​សុវត្ថិភាព ​ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដើម្បី​ចៀសវាង​ពី​គ្រោះ​ថ្នាក់ សូម​កុំ​ប្រើ​ប្រាស់អំឡុងពេលនោះ។

ទារក​ និង​កុមារ៖ គ្មាន​សុវត្ថិភាព​ទេ​ ចំពោះ​ទាំងទារក​ និង​កុមារ។ យិន​សិននេះ អាច​បណ្តាល​ឲ្យ​ទារកពុល ​និង​អាច​ឈានដល់​ស្លាប់​ទៀត​ផង។ ចំណែក​​កុមារ​មាន​អាយុ​ច្រើន​បន្តិច​វិញ ក៏​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ដែរ។

ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ៖ ដូច​ជា ជំងឺ​ស្បែក​ឡើង​រឹង (Multiple sclerosis) ជំងឺ Lupus (Systemic Lupus Erythematosus, SLE) រលាកខូចសន្លាក់ (Rheumatoid Arthritis) និង​ជំងឺ​ផ្សេង​ទៀត ប្រើ​យិនសិន​ប៉ាណាក់ អាច​បង្កើន​សកម្មភាពក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​ ធ្វើ​ឲ្យ​ជំងឺ​​ទាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ សូម​កុំ​ប្រើ​វា​បើ​​មាន​ស្ថានភាព​ទាំង​នេះ។

ករណី​ហូរឈាម៖ ឱសថ​រុក្ខជាតិ​នេះ ​អាច​ធ្វើឲ្យ​ប៉ះពាល់​មុខងារ​កំណក​ឈាម។ ដូច​នេះ​កុំ​ប្រើ​វា​ប្រសិន​បើ​​មាន​បញ្ហា​ហូរ​ឈាម។

ជំងឺ​បេះដូង៖ យិនសិន ប៉ាណាក់ អាច​ជះ​ឥទ្ធិពលដល់​ចង្វាក់​បេះដូង ​និង​សម្ពាធ​ឈាម​បន្តិច​បន្តួច ​នៅ​ថ្ងៃ​ដំបូង​ចាប់​ផ្តើម​ប្រើ។ ប៉ុន្តែ​បើ​ប្រើ​ជាប់​រហូត ​មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ។ មួយ​វិញ​ទៀត​ ពុំ​ទាន់​មាន​ការ​សិក្សារ​ពី​ទំនាក់ទំនងយិនសិននេះ ជាមួយ​ជំងឺ​បេះដូង​ទេ ដូច្នេះហើយត្រូវ​ប្រើ​វា​ដោយ​ប្រុង​ប្រយ័ត្ន។

ជំងឺ​ទឹកនោម​ផ្អែម៖ ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ថយ​ចុះ ហើយ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លេប​ថ្នាំ​បញ្ចុះជាតិ​ស្ករ​ កាន់​តែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​កាន់​តែ​ខ្លាំង។ ប្រសិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ប្រើយិនសិន​នេះ សូម​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ស្ថាន​ភាព​អរម៉ូន៖ ដូច​ជា មហារីក​សុដន់ មហារីក​ស្បូន មហារីក​ដៃ​ស្បូន ជំងឺ Endometriosis ឬ​ដុំសាច់​ក្នុង​ស្បូន អាច​ប៉ះ​ពាល់​ដូចគ្នា ព្រោះយិនសិន ប៉ាណាក់ មាន​ធាតុ​គីមី​ឈ្មោះ Ginsenosides មាន​សកម្មភាព​ដូចអរម៉ូន Estrogen ហេតុនេះ​ស្ថាន​ភាព​ជំងឺ អាច​​កាន់​តែ​ធ្ងន់ធ្ងរ​បើ​ប៉ះ​ជាមួយ Estrogen។

បញ្ហា​គេង​មិន​លក់៖ ញ៉ាំយិនសិន​នេះ​​ច្រើន​ពេក ​អាច​ធ្វើ​ឲ្យ​​ពិបាក​គេង​។ ហេតុនេះ​សូម​ប្រើ​វា​ដោយ​ប្រុង​ប្រយ័ត្ន។

វះកាត់​ប្តូរ​សរីរាង្គ៖ យិនសិន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​សកម្ម ​អាច​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​​ប្រើ​ក្រោយ​ពេល​វះកាត់​ប្តូរ​សរីរាង្គ។ ដូច្នេះ​សូម​កុំ​ប្រើ​។

ជំងឺវិកលចរិត Schizophrenia៖ ប្រើយិនសិន ប៉ាណាក់ ​កម្រិត​ខ្ពស់​ធ្វើ​ឲ្យមាន​បញ្ហា ​ក្នុង​ការ​គេង ​និងអារម្មណ៍​មិន​ស្ងប់​ចំពោះ​។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

ផល​រំខាន​មាន​ញឹក​ញាប់​ជាងគេ​គឺពិបាក​គេង។ ក្រៅ​ពី​នោះ​ រួម​មាន បញ្ហា​មក​រដូវ ឈឺ​សុដន់ ចង្វាក់​បេះដូង​កើន​ឡើង សម្ពាធ​ឈាម​ទាប​ ឬ​ខ្ពស់ ឈឺ​ក្បាល មិន​ឃ្លាន​អាហារ រាក រមាស់ កន្ទួល វិល​មុខ អារម្មណ៍​ប្រែប្រួល ហូរ​ឈាមតាម​ទ្វារមាស និង​មាន​បញ្ហា​ផ្សេងទៀត។

ផល​រំខាន​គេ​មិន​សូវ​ឃើញ​ញឹក​ញាប់ ​រួម​មាន​ ការ​ឡើង​កន្ទួល​រមាស់​ធ្ងន់ធ្ងរ​ ​គេ​អាច​ហៅ​ថា បណ្ដុំ​រោគសញ្ញា Stevens-Johnson បញ្ហា​ថ្លើម និង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

វាអាច​មាន​អន្តរកម្ម​ជាមួយថ្នាំយើង​កំពុងលេប​ និង​ស្ថាន​ភាព​ជំងឺកំពុងមាន​។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុនពេល​ប្រើ។

ថ្នាំ​អាចមាន​ប្រតិកម្ម​ជាមួយយិនសិន​នេះ​​រួមមាន៖

ស្រា៖ រាងកាយ​បម្លែងជាតិ​អាល់កុល​ដើម្បី​បញ្ចេញ​វា​ចោល។ ការ​ញ៉ាំ​យិនសិនប៉ាណាក់ (Panax ginseng) អាច​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ធ្វើ​ការ​កាន់​តែ​លឿន។

ជាតិ​កាហ្វេអ៊ីន៖ ជាតិ​កាហ្វេអ៊ីន​បង្កើន​ល្បឿន​របស់​ប្រព័ន្ធ​ប្រសាទ ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ច្រាសច្រាល​ហើយ​បេះដូង​លោត​ញាប់។ ប្រសិន​ប្រើយិនសិនប៉ាណាក់ (Panax ginseng) ជាមួយ​កាហ្វេ​រួមគ្នា អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរដល់​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​ផង​ដែរ។ សូម​កុំ​ផឹក​កាហ្វេ​ជាមួយ​យិនសិនប៉ាណាក់ (Panax ginseng)។

ថ្នាំ​បញ្ចុះ​ទឹក​នោម៖ អ្នក​វិទ្យាសាស្ត្រ​គិត​ថា យិនសិនប៉ាណាក់ (Panax ginseng) បង្កើន​សកម្មភាព​​ថ្នាំ​បញ្ចុះ​ទឹក​នោម តែ​ពុំ​ទាន់​មាន​ពត៌មាន​គ្រប់គ្រាន់​ពី​វា​នៅ​ឡើយ​ទេ។

អាំងស៊ុយលីន៖ យិនសិនប៉ាណាក់ (Panax ginseng) អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ថយ​ចុះ ហើយអាំងស៊ុយលីន​ក៏​អញ្ចឹង​ដែរ។ ប្រសិន​ជាយើង​ប្រើ​ទាំង​ពីរ​មុខ​ជាមួយ​គ្នា នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ទាប​ខ្លាំង។ សូម​តាមដាន​ជាតិ​ស្ករ​មុនពេល​​ប្រើ​។

ថ្នាំ​​បម្លែង​ដោយ​ថ្លើម (Cytochrome P450 2D6 (CYP2D6) substrates)៖ ​ថ្នាំ​មួយ​ចំនួន​ត្រូវ​បម្លែង​ដោយ​ថ្លើម​ ហើយ​យិនសិនប៉ាណាក់ (Panax ginseng) អាច​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​យឺត​ជាង​មុន​ផង​ដែរ។ វា​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​ថ្នាំយើង​កំពុង​ប្រើ​ប្រាស់។ សូម​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ជាមុន។

ថ្នាំ​​រង​ការ​បម្លែងពី​ថ្លើម​រួម​មាន៖ ថ្នាំ Amitriptyline (Elavil), Clozapine (Clozaril), Codeine, Desipramine (Norpramin), Donepezil (Aricept), Dentanyl (Duragesic), Flecainide (Tambocor), Fluoxetine (Prozac), Feperidine (Demerol), Methadone (Dolophine), Metoprolol (Lopressor, Toprol XL), Olanzapine (Zyprexa), Ondansetron (Zofran), Tramadol (Ultram), Trazodone (Desyrel) និងថ្នាំ​ផ្សេង​ទៀត។

ថ្នាំ​​ជំងឺ​​បាក់​ទឹក​ចិត្ត (MAOIs)៖ យិនសិនប៉ាណាក់ (Panax ginseng) រំញោច​រាងកាយយើង ហើយ​​ថ្នាំ​ជំងឺ​​បាក់​ទឹក​ចិត្ត​ក៏​មាន​សកម្មភាព​បែប​នេះ​ដែរ។ ​ប្រើ​វា​ទាំង​ពីរ​មុខ​ជាមួយគ្នា ​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដូច​ជាអន្ទះអន្ទែង ឈឺក្បាល ពិបាក​ក្នុង​ខ្លួន និង​គេង​មិន​លក់។

ថ្នាំ​សម្រាប់​ជំងឺ​​បាក់​ទឹក​ចិត្ត​ មាន​ដូចជា Phenelzine (Nardil), Tranylcypromine (Parnate) និង​ថ្នាំ​ដទៃ​ទៀត។

ថ្នាំ​ជំងឺ​​ទឹក​នោម​ផ្អែម៖ យិនសិន ប៉ាណាក់ (Panax ginseng) ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ថយ​ចុះ ហើយ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​លេប​ថ្នាំ​បញ្ចុះជាតិ​ស្ករ ​កាន់​តែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​​ខ្លាំង។ បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ប្រើយិនសិន​នេះ សូម​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះអាច​ត្រូវប្តូរ​កម្រិត​ថ្នាំ។

ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា Glimepiride (Amaryl), Glyburide (DiaBeta), Glynase (PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol) Tolbutamide (Orinase) និងថ្នាំ​ផ្សេង​ៗទៀត។

ថ្នាំ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ (Immunosuppressants)៖ យិនសិន ប៉ាណាក់ (Panax ginseng) អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​បើ​ប្រើ​វា​ជាមួយ​ថ្នាំបែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់​បង់​ប្រសិទ្ធភាព​ថ្នាំ។

ថ្នាំ​ទាំង​នោះ ​រួម​មាន Azathioprine (Imuran), Basiliximab (Simulect), Cyclosporine (Neoral, Sandimmune), Daclizumab (Zenapax), Muromonab-CD3 (OKT3, Orthoclone OKT3), Mycophenolate (CellCept), Tacrolimus (FK506, Prograf), Sirolimus (Rapamune), Prednisone (Deltasone, Orasone), Corticosteroids (Glucocorticoids) និង​ថ្នាំ​ផ្សេង​ទៀត។

ថ្នាំ​ធ្វើ​ឲ្យ​ឈាម​កក​យឺត (Anticoagulant / Antiplatelet drugs)៖ យិនសិន ប៉ាណាក់ (Panax ginseng) ក៏​ធ្វើ​ឲ្យ​ឈាម​ក្រ​កក​ដែរ ប្រើ​ប្រាស់​ជាមួយ​គ្នា​ ធ្វើ​ឲ្យងាយ​ហូរ​ឈាម​យូរ​ពេល​មាន​របួស។

ថ្នាំ​ទាំង​នោះ​រួម​មាន Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងថ្នាំ​ផ្សេងៗទៀត។

ថ្នាំ​រំញោច​អារម្មណ៍៖ ថ្នាំ​បែប​នេះ​នាំឲ្យ​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​លឿន បណ្តាល​ឲ្យ​​មាន​អារម្មណ៍​អន្ទះអន្ទែង ហើយ​បេះដូង​លោត​ញាប់។ យិនសិន ប៉ាណាក់ (Panax ginseng) ក៏​មាន​សកម្មភាព​ដូច​គ្នា​ដែរ ​ប្រើថ្នាំ​ ២មុខ ​ជាមួយ​គ្នា ​ធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​ចង្វាក់​បេះដូង ​និង​សម្ពាធ​ឈាម។ សូម​កុំ​ប្រើ​យិនសិន ប៉ាណាក់ (Panax ginseng) ជាមួយ​ថ្នាំ​បែប​នេះ។

ថ្នាំ​ទាំង​នោះ​ រួម​មាន Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និងថ្នាំផ្សេងៗទៀត។

ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin) ប្រើ​ដើម្បី​ពង្រាវឈាម​មិនឲ្យ​កក។ គេ​បារម្ភ​ថា​យិនសិន ប៉ាណាក់ (Panax ginseng) អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រសិទ្ធភាពថ្នាំ Warfarin (Coumadin)។ តែ​​មិន​ទាន់​ច្បាស់​ទេ​ថា​មាន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប៉ុណ្ណា​។ សូម​ពិនិត្យឈាម​ឲ្យ​បាន​ទៀត​ទាត់ ហើយ​កម្រិត Wafarin ក៏​អាច​ផ្លាស់ប្តូរ​ដែរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

គេ​ណែនាំ​ឲ្យ​ប្រើ​កម្រិត​ដូច​ខាង​ក្រោម៖

តាម​ការ​លេប

ជំងឺ​វង្វេង​របស់​មនុស្ស​ចាស់ (Alzheimer’s disease)៖ មើម​យិនសិនប៉ាណាក់ (Panax ginseng) ៤,៥-៩ ក្រាម រៀងរាល់​ថ្ងៃ​រយៈពេល ១២ សប្តាហ៍។

ជំងឺ​ស្ទះ​ទង​សួត​រ៉ាំរ៉ៃ (Chronic obstructive pulmonary disease COPD)៖ ១០០មិល្លីក្រាម ទៅ ៦ក្រាម​ ប្រើ ៣​ដង/ថ្ងៃ រយៈពេល ៣ ខែ។

បញ្ហា​សតិ​អារម្មណ៍៖ ២០០-៤០០ មិល្លីក្រាម នៃ​សារធាតុ​ចម្រាញ់​ពី​យិនសិនប៉ាណាក់ (Panax ginseng) ម្តងក្នុង​មួយ​ថ្ងៃ​ ឬ​ចែក​ជា ២ដង/ថ្ងៃ រយៈពេល ១២សប្តាហ៍ ឬលេប​តែ​ម្តង​គត់​ក្នុង​កម្រិត ២០០-៩៦០ មិល្លីក្រាម។

បញ្ហា​លិង្គ​មិន​ឡើងរឹង៖ ១៤០០-២៧០០ មិល្លីក្រាម ចែក​ជា ២-៣ ដង/ថ្ងៃ រយៈពេល ១២សប្តាហ៍

ផ្តាសាយ៖ ២០០ មិល្លីក្រាម នៃយិនសិនប៉ាណាក់ (Panax ginseng) រាល់​ថ្ងៃ ៤សប្តាហ៍ មុន​ចាក់​វ៉ាក់សាំង​ផ្តាសាយ ហើយ​បន្ត ៨​សប្តាហ៍ ទៀត​ក្រោយ​ចាក់​វ៉ាក់សាំង។ អ្នក​ក៏​អាច​ប្រើ ១ក្រាម ៣ដង​/ថ្ងៃ រយៈពេល ១២សប្តាហ៍។

សម្រាប់​ការ​អស់​កម្លាំង​ដោយសារ​ជំងឺ Multiple sclerosis៖ ២៥០ មិល្លីក្រាម ២ដង/ថ្ងៃ រយៈពេល ៣ ខែ។

សម្រាប់​សមត្ថភាពសម្រើប​ផ្លូវ​ភេទ៖ យិនសិន​ក្រហម​កូរ៉េ ៣ក្រាម រៀងរាល់ថ្ងៃ​ រយៈពេល ៨​ សប្តាហ៍។ រួម​ជាមួយ​ផលិតផល​ផ្សេង​ទៀត (ArginMax for Women, The Daily Wellness Company) រៀងរាល់​ថ្ ងៃ​រយៈពេល ៤ សប្តាហ៍។

លាបលើស្បែក

សម្រាប់​ការ​បញ្ចេញ​ទឹក​កាម​លឿន​ពេក៖ ជាប្រភេទ​ក្រែម (SS-Cream) ផ្ទុក​យិនសិនប៉ាណាក់ (Panax ginseng) និង​ធាតុ​ផ្សំ​ផ្សេងទៀត ដោយ​លាប​លើ​ចុង​លិង្គ ១ម៉ោង មុន​រួមភេទ ហើយ​លាង​ចេញ​ក្រោយ​ពេល​រួម​ភេទ​ហើយ។

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

វាអាចមានជាទម្រង់ដូចខាងក្រោម៖

– ថ្នាំ​គ្រាប់​មាន​ស្រោម (ខេបស៊ុល)

– ចម្រាញ់​ជា​ទឹក

– ថ្នាំ​លាប

– តែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Panax ginseng http://www.webmd.com/vitamins-supplements/ingredientmono-1000-ginseng,%20panax.aspx?activeingredientid=1000&activeingredientname=ginseng,%20panax Accessed July 13, 2017

Panax ginseng https://examine.com/supplements/panax-ginseng/ Accessed July 13, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម