ស្វែងយល់ពីការប្រើប្រាស់
១- ផ្សិតលីញជឺជួយអីខ្លះដល់រាងកាយ?
ផ្សិតលីញជឺ (Reishi Mushroom) ជាប្រភេទផ្សិតមានសភាពរឹង និងលក្ខណៈស្រដៀងឈើ ហើយមានរសជាតិល្វីង។ គេយកដើម និងឫសវាមកធ្វើជាឱសថ។
គេយកផ្សិតលីញជឺ (Reishi Mushroom) មកប្រើដើម្បី៖
– បង្កើនសមត្ថិភាពប្រព័ន្ធការពាររាងកាយ
– ព្យាបាលការឆ្លងរោគបណ្តាលមកពីវីរុស ដូចជា ផ្តាសាយធំ ផ្តាសាយជ្រូក (Swine flu) និងផ្តាសាយបក្សី
– ព្យាបាលជំងឺសួត ដូចជា ហឺត និងរលាកទងសួត
– ជំងឺបេះដូង ដូចជា លើសសម្ពាធឈាម និងលើសជាតិខ្លាញ់
– ជំងឺតម្រងនោម
– ជំងឺមហារីក
– ជំងឺថ្លើម។
គេក៏យកវាមកប្រើព្យាបាលអ្នកជំងឺ អេដស៍ ជំងឺខ្លាចកន្លែងខ្ពស់ (Altitude Sickness) អស់កម្លាំងល្ហិតល្ហៃ គេងមិនលក់ដំបៅក្រពះ ពុលចំណី និងការឈឺចាប់។ មួយវិញទៀត គេក៏យកវាមកប្រើសម្រាប់កាត់បន្ថយស្រ្តេស និងទប់ស្កាត់បញ្ហាអស់កម្លាំង។
គេប្រើផ្សិតលីញជឺ (Reishi Mushroom) បូកជាមួយថ្នាំរុក្ខជាតិដទៃ ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។
២- វាដំណើរការម៉េច?
មកដល់ពេលនេះនៅមិនទាន់មានការសិក្សាអំពី ដំណើរការរបស់ផ្សិតលីញជឺ (Reishi Mushroom) នៅឡើយទេ។អាចពិភាក្សាជាមួយគ្រូពេទ្យឱសថបុរាណ ឬគ្រូពេទ្យដើម្បីដឹងពីព័ត៌មានបន្ថែម។ ប៉ុន្តែគេអាចដឹងថាផ្សិតនេះមានផ្ទុកសារធាតុគីមី ផ្តល់ផលល្អជាច្រើនសម្រាប់សុខភាព មានទាំងការប្រឆាំងដុំសាច់មហារីក និងមានគុណសម្បតិ្តដល់ប្រព័ន្ធការពាររាង។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្សិតលីញជឺ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ផ្សិតលីញជឺ (Reishi Mushroom) ចម្រាញ់យកមកប្រើប្រាស់ គឺវាមានសុវត្ថិភាពសម្រាប់ផឹករហូតដល់ ១ ឆ្នាំឯណោះ។ ប៉ុន្តែបើយកផ្សិតនេះធ្វើទៅជាម្សៅ ការប្រើប្រាស់អាចមិនមានសុវត្ថិភាព ពេលប្រើលើសពី ១ ខែ។ ការប្រើប្រាស់ម្សៅផ្សិតលីញជឺ (Reishi Mushroom) អាចប៉ះពាល់ជាមួយជាតិពុល ជាហេតុនាំឲ្យប៉ះពាល់ដល់ថ្លើមយើងបាន។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់ពីការប្រើប្រាស់ឱសថនេះឡើយទេ។ ហេតុនេះមិនគួរប្រើប្រាស់វា អំឡុងពេលពពោះ ឬបំពៅដោះឡើយ។
– បញ្ហាឈាម៖ ប្រើប្រាស់ផ្សិតលីញជឺ (Reishi Mushroom) ច្រើនអាចបណ្តាលឲ្យកើនឡើងហានិភ័យហូរឈាមចំពោះមានជំងឺឈាមក្រកក។
– សម្ពាធឈាមទាប៖ ដោយសារ ផ្សិតលីញជឺ (Reishi Mushroom) ធ្វើសម្ពាធឈាមចុះទាប ដូចនេះវាអាចប៉ះពាល់ដល់សុខភាពយើងបាន។ បើសម្ពាធឈាមយើងទាបខ្លាំង អ្នកមិនគួរប្រើប្រាស់ផ្សិតនេះឡើយ។
– ជំងឺប្លាកែតធ្លាក់ចុះ (Thrombocytopenia)៖ ដោយសារប្លាកែតមានតួនាទីធ្វើឲ្យឈាមកក ការប្រើប្រាស់ផ្សិតលីញជឺ (Reishi Mushroom) ច្រើនពេកអាចបណ្តាលឲ្យមានការហូរឈាមខ្លាំង នាំឲ្យបញ្ហាជំងឺប្លាកែតធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ (Thrombocytopenia) ហេតុនេះមិនគួរប្រើផ្សិតលីញជឺទេ។
– ការវះកាត់៖ ពេលប្រើផ្សិតលីញជឺ (Reishi Mushroom) អាចបណ្តាលឲ្យមានការហូរឈាមច្រើននៅអំឡុងពេលវះកាត់។ គួរឈប់ប្រើឱសថនេះ យ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលការវះកាត់ចាប់ផ្តើម។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
ផ្សិតលីញជឺ (Reishi Mushroom) អាចបង្កឲ្យមានផលរំខានដូចជា ស្ងួតមាត់ បបូរមាត់ បំពង់ក រមាស់នៅជុំវិញរន្ធច្រមុះ ឈឺក្រពះ ហូរឈាមច្រមុះ និងមានឈាមក្នុងលាមក។ ផឹកស្រាផ្សំឡើងពី ផ្សិតលីញជឺ (Reishi Mushroom) អាចធ្វើឲ្យឡើងកន្ទួលរមាស់។ ពេលដកដង្ហើមស្រូបគ្រាប់ (Spore) របស់ផ្សិតអាចធ្វើឲ្យអាលែកហ្ស៊ីធ្ងន់ធ្ងរ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ផ្សិតលីញជឺ (Reishi Mushroom) អាចមានអន្តរកម្មជាមួយថ្នាំកំពុងប្រើ ឬមានផលប៉ះពាល់ជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណមុនពេលប្រើ។
ថ្នាំអាចមានអន្តរកម្មជាមួយផ្សិតលីញជឺ (Reishi Mushroom) មានដូចជា៖
– ថ្នាំព្យាបាលជំងឺលើសឈាម៖ ដោយសារផ្សិតលីញជឺ (Reishi Mushroom) ធ្វើឲ្យសម្ពាធឈាមចុះទាប ដូចនេះបើយើងប្រើវាជាមួយថ្នាំលើសឈាមទៀតនោះ នាំឲ្យសម្ពាធឈាមចុះកាន់តែទាប។
ថ្នាំលើសសម្ពាធឈាមមានដូចជា Captopril (Capoten), Enalapril (Vasotec), Losartan (Cozaar), Valsartan (Diovan), Diltiazem (Cardizem), Amlodipine (Norvasc), Hydrochlorothiazide (HydroDIURIL), Furosemide (Lasix) និងថ្នាំដទៃផ្សេងទៀត។
-ថ្នាំប្រឆាំងកំណកឈាម (Anticoagulant) និងថ្នាំប្រឆាំងប្លាកែត (Antiplatelet)៖ បើយើងប្រើផ្សិត លីញជឺ (Reishi Mushroom) ក្នុងកម្រិតច្រើនពេក អាចធ្វើឈាមមិនងាយកក។ ហេតុនេះ បើប្រើផ្សិតនេះ ជាមួយថ្នាំប្រឆាំងកំណកឈាម អាចធ្វើឲ្យយើងងាយជាំស្បែក និងហូរឈាម។
ថ្នាំប្រឆាំងកំណក មានដូចជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam), Ibuprofen (Advil, Motrin), Naproxen (Anaprox, Naprosyn), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងថ្នាំដទៃទៀត។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតឱសថលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ផ្សិតលីញជឺ (Reishi Mushroom) មានទម្រង់ដូចខាងក្រោម៖
– ផ្សិតលីញជឺ (Reishi Mushroom) ស្រស់
– ចម្រាញ់ជាថ្នាំគ្រាប់ ៦០០មីលីក្រាម
– ចម្រាញ់ជាថ្នាំទឹក
-ចម្រាញ់ជាថ្នាំប្រភេទម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]