backup og meta

កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ

កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ

ក្លាយ​ជា​ប៉ា​ម៉ាក់​គេ​ថ្មី​ថ្មោង ជា​​ទំនួល​ខុស​ត្រូវ​ថ្មី​​​មួយ ក្នុង​ទំព័រ​ជីវិត​ជា​​គ្រួសារ​។ បន្ថែម​​ពី​​បទ​ពិសោធ​ ​​ពី​ដែល​មនុស្ស​ចាស់​​ ឬ​រៀម​ច្បង​មុន​ៗ​រៀប​រាប់​ប្រាប់ ក្នុង​នាម​ជា​ឪពុក​ម្តាយ ក៏​គួរ​​ស្វែង​យល់​នូវ​ចំណុច​ប្រែ​ប្រួល​សំខាន់​ៗ នៃ​ដំណាក់​កាល​វិវត្តទៅ​តាម​​វ័យ​កូន​ៗ ជា​ពន្លឺ​មួយ​ ជួយ​​ឱ្យ​ទំនាក់​ទំនង​គ្រួសារ​ មាន​ភាព​​​កក់​ក្តៅ និង​យល់​ពី​ស្ថានភាព​ប្រែ​ប្រួល​ទៅ​តាម​ធម្មជាតិ រួម​ជា​មួយ​​វិធី​ដោះ​ស្រាយ​​​មួយ​ចំនួន​​​​ផង​ដែរ។

កូន​ទើប​នឹង​កើត រហូត​ដល់​​អាយុ​៣​ខួប​

នៅ​ក្នុង​វ័យ​នេះ ការ​​យំ​គឺ​​ជា​ភាសា​​​តែ​មួយ​ប៉ុណ្ណោះ​ ដែល​​​កូន​ៗប្រើសម្រាប់ទាក់ទង​ទៅ​កាន់​ប៉ា​ម៉ាក់​ ថាខ្លួនគេ​​ត្រូវ​ការ​អ្វី​។ ដូច​នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​គួរ​​សម្គាល់​​នូវ​ភាព​ខុស​ប្លែក​ ថា​ពេល​ណា កូន​យំ ដោយ​សារ​ឃ្លាន ងងុយ​គេង ឬ​មិន​ស្រួល​ខ្លួន។ ម៉្យាង​វិញ​ទៀតយើង​​ក៏​គួរ​ដឹង​ដែរ​ថា នៅ​ពេល​ទារក​យំ​ដោយ​គ្មាន​​មូល​ហេតុ​អ្វី គឺ​ជា​ពេល​ដែល​កូន​ត្រូវ​ការ​​ភាព​កក់​ក្តៅ និង​ក្តី​ស្រលាញ់​​ពី​យើង ដោយ​តាមរយៈការ​​ប៉ះ ការ​លួង​បំពេរ​ដោយ​សំឡេងប្រកប​ដោយ​​ក្តី​ស្រលាញ់ ធ្វើ​ឱ្យ​កូនដឹង​ថា យើងនៅ​ក្បែរ​ ធ្វើ​ឱ្យ​អូនៗ​មាន​អារម្មណ៍​ថា​សុវត្ថិភាព។

អាយុ​ពី​៤​ ទៅ​៦ខែ

នៅ​វ័យ​នេះ កូន​តូច​យើង ចេះ​សើច ចេះ​ធ្វើ​សំឡេង​ត្រាប់​តាម ចេះ​ពេប​ ញ៉ិក​ញ៉ក់​ ជា​​​វិធី​ទំនាក់​ទំនង​របស់​ពួក​គេ។ នៅ​អាយុ​នេះ ក្មេង​ចាប់​ផ្តើម​​រៀន​ស្គាល់​ពី​មនុស្ស​​ជុំ​វិញ​ខ្លួន​ អាច​ចាំ​មុខ​ប៉ា​ម៉ាក់​បាន​ច្បាស់ និង​មនុស្ស​​នៅ​ជិត​ស្និទ្ធ​ជា​មួយ​គេ។ ​នៅ​វ័យ​នេះ ជា​ពេល​ដែល​​ឪពុក​ម្តាយ អាច​នាំ​កូន​ឱ្យ​ស្គាល់​អ្នក​ជុំ​វិញ​​ខ្លួន​បាន ដូច​ជា​​បង​ប្អូន សាច់​ញាតិ​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖

អាយុ​ពី​៧ ទៅ​១២​ខែ

​វ័យ​នេះ ជា​ដំណាក់​កាល​ប្រែ​ប្រួល​មួយ ដោយ​កូន​តូច​នៅ​ចង់​តាម​តែ​ម៉ាក់​ ឬ​ប៉ា​​របស់​គេ ជាង​នរណា​ទាំង​អស់ ពេល​ទៅ​ណា​មកណាគឺតាមគ្រប់​ជំហាន។ ដើម្បី​ចៀស​បញ្ហា​នេះ យើង​អាច​ ទម្លាប់​ឃ្លាត​ៗ​​ពី​កូនបន្តិច នៅ​ពេល​ណា​មួយ​​ដែល​គេ​​​លេង​ក្នុង​កន្លែង​សុវត្ថិភាព ដើម្បី​ឱ្យ​គេ​ដឹង​ និង​​មាន​ភាព​កក់​ក្តៅ​ថា អ្នក​តែង​តែ​​ត្រឡប់​មក​រក​គេ​វិញ។

អាយុ​១​ឆ្នាំ ទៅ​២​ឆ្នាំ

កូន​ក្មេង​នៅ​អាយុ​នេះ គួរ​បាន​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ ដោយ​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង​ៗ​ទៀត ដូច​ជា​ការ​លេង​ជា​មួយ​ក្មេង​ៗ​អាយុ​ស្របាល​គេ។ ប៉ុន្តែ វ័យ​នេះ​ពួក​គេ ពុំ​ទាន់​យល់​អ្វី​នូវ​គោល​គំនិត​នៃ​ការ​ចែក​រំលែក ឬ​លេង​ចូល​ជា​មួយ​ក្មេង​ៗ​គ្រប់​គ្នា​ទាំង​អស់​ទេ។ ដូច​នេះ ការ​ងក់​ងរ ក្រាញ​យំ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ាម៉ាក់​អាច​ប្រាប់ អាច​​​បង្រៀន​​ជា​​វិន័យ​ខ្លះ​ដល់​អូនៗ​ តែ​​​ប្រាកដ​ថា​ ដោយ​គ្មាន​ការ​វាយ ឬ​ស្រែក​ខ្លាំង​ៗ​​ដាក់ កូន​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

អាយុ​៣​ឆ្នាំ

​​​ពេល​នេះ​កូន​​របស់យើង​ចាប់​ផ្តើម​ចេះ​លេង​ជា​មួយ ក្មេង​ៗ​ដទៃ​ទៀត ចេះ​ចែក​រំលែក ចេះ​ស្រប​​ចុះ​សម្រុង​ជា​មួយ​ក្មេងដទៃ​។ ចំណែក​ភាព​ងក់​ងរ យំ​ឡាំ​ប៉ា ក៏​​​បាត់​បន្តិច​​ម្តង​ៗ​នៅ​វ័យ​នេះ​ដែរ តែ​​អាយុ​៣​ឆ្នាំ ជា​វ័យ​​​កូនៗ​ចាប់​ផ្តើម​ខ្លាច​​​រឿង​មួយ​ចំនួន​ ដូច​ជា ទី​ងងឹត ឬ​ចេះ​​ស្រមើ​ស្រមៃ​ថា​​មាន​បិសាច​មក​បន្លាច​ពួក​គេ​នៅ​​ក្រោម​គ្រែ​ជា​ដើម។

វ័យ​នេះ​ផង​ដែរ យើង​គួរ ជំរុញទឹក​ចិត្ត​កូន ឱ្យ​ចេះ​​ធ្វើ​រឿង​មួយ​ចំនួន​ដោយ​ខ្លួន​ឯង និង​ប្រាប់​កូន​ថា យើង​មាន​មោទកភាព​ចំពោះ​កិច្ច​ការ​ដែល​កូនធ្វើ​ ដូច​ជា​ នៅ​ពេល​គេ​បង្ហាញ​គំនូរ​​ដែល​ពួក​គេ​គូរ​ដល់យើង ឬ​រឿង​ល្អ​ៗ ដែល​គេ​បាន​ធ្វើ​ក្នុង​ថ្ងៃ​នេះ ប្រាប់​ដល់យើង។

អាយុ​៤ ដល់​៥​ឆ្នាំ​

កូន​ក្មេង​នៅ​វ័យ​នេះ ចេះ​​ធ្វើ​តាម​​វិន័យ​គ្រួសារ​ដែល​​មាន ប៉ុន្តែ​កូន​​​នៅ​មិន​ទាន់​ដឹង​ថា រឿង​ណា​ខុស​ ឬ​ត្រូវ​​នៅ​ឡើយ​ទេ។ នេះ​ជា​វ័យ​ដែល​កូនៗឆ្ងល់​ច្រើន ចង់​ចេះ​ធ្វើ​រឿង​មួយ​ចំនួន​ដោយ​ខ្លួន​ឯង ហើយ​ជឿ​ និង​​ចេះ​មាន​ក្តី​ស្រមៃ​ថា ធំ​ឡើង​នឹង​ធ្វើ​អ្វី​មួយ​ឱ្យ​កើត​ឡើង។

ចំណុច​សំខាន់​​នៅ​វ័យ​នេះ គឺ​នៅ​វ័យ​៤​ឆ្នាំ កូនៗអាច​​មាន​អារម្មណ៍​ប្រែ​ប្រួល​ច្រើន​ឡើង​វិញ ចេះ​​គឃ្លើន​ ចេះ​​រក​រឿង​ឈ្លោះ ឬ​វៃ​ជា​មួយ​បង​ប្អូន ចេះ​ងក់​ងរ ឬ​រត់​គេច​ចេញ​ ទៅ​យំ(មិន​សុខ​ចិត្ត)​ម្នាក់​ឯង។ យ៉ាង​ណា​មិញ​នៅ​វ័យ​៥​ឆ្នាំ កូនៗចេះ​​​​មាន​ទំនួល​ខុស​ត្រូវ​ជាង​មុន អាច​សម្រប​ខ្លួន​ជា​មួយ​សមាជិក​គ្រួសារ​ និង​ចេះ​ចង់​ឱ្យ​អ្នក​ដទៃ​​រីករាយ សប្បាយ​ចិត្ត។ នៅ​​វ័យ​នេះ យើង​គួរ ចេះ​លើក​ទឹក​ចិត្ត​កូន និង​ផ្តល់​ភាព​កក់​ក្តៅ​ ឱ្យ​កូន​ចេះ​​និយាយ​​បង្ហាញ​ពី​អារម្មណ៍​ និង​លើក​សរសើរ​នៅ​ពេល​កូន​ធ្វើ​បាន​ល្អ។

អាយុ​៦ ដល់​១២​ឆ្នាំ

នៅ​វ័យ​នេះ កូនៗយើងចាប់​ផ្ដើមចាត់​ទុក​ មិត្តភក្តិ​​ជា​រឿង​សំខាន់​​ខ្លាំង​ រាប់​ទាំង​រឿង​ស្នេហា​ផង (បើ​មាន)។ វ័យ​នេះ​កូន​ៗ អាច​ចេះ​មាន​អារម្មណ៍​ច្រណែននឹង​មិត្តភក្តិ​វ័យ​ស្របាលគ្នា ចេះ​ដើរ​ជា​ក្រុម​មិត្តភក្តិ ចេះ​ប្រណាំង​ប្រជែង​ធ្វើ​​រឿង​អ្វី​មួយ ឬ​​អាច​ឆេវ​ឆាវ​ច្រើន។ ដូច​នេះ ប៉ាម៉ាក់អាច​បង្រៀន​កូនៗ ឱ្យ​មាន​វិន័យ​សម្រាប់​ខ្លួន​ឯង និង​មាន​​សុជីវធម៌​ ចេះ​ទទួល​ស្តាប់​គោរព​មតិ​​រៀម​ច្បង។ ជា​​មួយ​គ្នា​នេះ រឿង​សំខាន់​មិន​អាច​ខ្វះ​បាន គឺ​យើងអាច​​ចំណាយ​ពេល​​តាម​លទ្ធភាព​ នៅ​ជា​មួយកូនៗ បង្កើត​​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ដើម្បី​បង្កើន​ភាព​កក់​ក្តៅ​​ និង​​​​ឱ្យ​កូន​មាន​ពេល​វេលា​ល្អ​​ៗ​ជា​មួយ​គ្រួសារ។

អត្ថបទពាក់ព័ន្ធ៖

អាយុ​១៣ ដល់​១៨​ឆ្នាំ

ដល់​​វ័យ​ជា​យុវវ័យ​នេះ កូនៗរបស់​​ច្រើន​ប្រៀប​ធៀប​ខ្លួន​ឯង ទៅ​នឹង​​យុវជន​​វ័យ​ស្របាល​គ្នា ទទួល​យក​​ ​នឹង​គិត​ថា​​​អ្នក​ទាំង​នោះ (អ្នក​វ័យ​ស្របាល​គ្នា) ​​ធ្វើ​​ សុទ្ធ​តែ​ត្រឹម​ត្រូវ។ ដូច​នេះ​ ប៉ាម៉ាក់​អាច​ប្រាប់​ និង​បង្ហាញ​កូន​​ឱ្យ​ចេះ​អប់​រំ​ចិត្ត កុំ​ឱ្យ​រង​សម្ពាធ និង​ស្រ្តេស​បង្ក​ពី​បរិយាកាស​ខាង​ក្រៅ​នោះ។ យើងអាច​លើក​ទឹក​ចិត្កូនឱ្យ​បង្ហាញ​អារម្មណ៍​ពិត​​របស់​ខ្លួន​ ដើម្បី​​មាន​ដំណោះ​ស្រាយ តែ​យើង​ក៏​ត្រូវ​​​យល់​ដែរ​ថា វ័យ​នេះ​ជា​វ័យ​ដែលកូនៗ​ចង់​បាន​ភាព​ឯករាជ្យ​លើ​រឿង​មួយ​ចំនួន​ក្នុង​ជីវិត​រស់​នៅ ក៏​ដូច​ជា​រឿង​ស្នេហា ក៏​​អាច​ជា​រឿង​សំខាន់​នៅ​វ័យ​នេះ​ផង​ដែរ។ យ៉ាង​ណា​មិញ កូនៗនៅ​តែ​ត្រូវ​ការ​ ជំនួយ ការ​ណែ​នាំ​​ ការ​លើក​ទឹក​ចិត្ត និង​ភាព​កក់​ក្តៅ​ពី​​ឪពុក​ម្តាយ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​

​​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-family-and-kids/8-critical-periods-in-a-childs-life-that-every-parent-should-know-about-795948/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម