ពេលវេលារំភើបសម្រាប់ម៉ាក់ប៉ាថ្មីថ្មោង គឺបានឃើញមុខកូនប្រុសស្រីជាទីស្រលាញ់លើកដំបូង។ ទន្ទឹមនឹងអារម្មណ៍រំភើបរីករាយ យើងក៏ត្រូវដឹងរឿងសំខាន់ៗមួយចំនួនដែលត្រូវធ្វើ ពេលកូនកើតមកភ្លាមៗដែរ នោះទើបការចិញ្ចឹមកូនបានត្រឹមត្រូវតាមក្បួនខ្នាត កូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានសុខភាពល្អ រាងកាយមាំមួន។
១. ត្រូវឲ្យកូនបៅទឹកដោះដំបូង
ពេលកូនកើតមកភ្លាមៗ ម៉ាក់ត្រូវតែឲ្យកូនបៅដោះភ្លែត កុំច្របាច់ទឹកដោះចោលឲ្យសោះ ទើបកូនអាចទទួលបានទឹកដោះដំបូង។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា ទឹកដោះដំបូងមានចំនួនតិច ចេញក្នុងអំឡុង ២-៣ ថ្ងៃ ក្រោយម៉ាក់ៗសម្រាលអាអូនរួច។ ទឹកដោះដំបូងប្រៀបបាននឹងឱសថទិព្វ ល្អឥតខ្ចោះសម្រាប់ទារក សម្បូរសារធាតុចិញ្ចឹម ជីវជាតិ A និងជាថ្នាំបង្ការដំបូងបង្អស់ សម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ ជួយឲ្យអង់ទីករកុមាររឹងមាំ។
២. ត្រូវបំបៅកូន ៨-១២ ដង/ថ្ងៃ
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាលបានឲ្យដឹងថា ការឲ្យទារកបៅមិនគួរកំណត់ម៉ោងឡើយ ព្រោះទារកទើបនឹងកើត យំឃ្លានគ្រប់ពេល ពេលណាយំគឺអាចឲ្យបៅបាន ចំណែកទារកខ្លះស្លូតមិនយំទារបៅ អាចឲ្យ ២-៣ ម៉ោងម្ដង។ អំឡុងសប្ដាហ៍ដំបូង ទារកបៅតិច តែញឹកញាប់ យើងត្រូវបំបៅកូនយ៉ាងហោចណាស់ ៨-១២ដង/ថ្ងៃ មានន័យថាកូនអាចបៅពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោងម្ដង។
៣. ត្រូវយកកូនទៅចាក់វ៉ាក់សាំងតាមការកំណត់
វ៉ាក់សាំងពិតជាសំខាន់ណាស់ អាចការពារកូនយើងពីជំងឺកាចសាហាវផ្សេងៗ ពេលកើតមកភ្លាមៗទារកនឹងទទួលបានការចាក់ថ្នាំបង្ការជំងឺរបេង និងរលាកថ្លើមប្រភេទ B ដែលជាគោលការណ៍របស់កម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល។ បន្ថែមពីលើវ៉ាក់សាំងទាំង២មុខនោះ ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងផ្សេងៗទៀតទៅតាមអាយុដែលត្រូវចាក់ ឬក៏ឲ្យបានគ្រប់ចំនួនកំណត់ដែលមានក្នុងសៀវភៅលឿង នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។
៤. ត្រូវឲ្យកូនម៉ឹមតែទឹកដោះមួយមុខរហូតដល់អាយុ៦ខែ
អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានពន្យល់ថា តាមការសិក្សាជ្រាវជ្រាវ ទឹកដោះម្តាយមានជាតិទឹកដល់ទៅ ៨០% ឯណោះ ដូច្នេះចំពោះម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ មិនចាំបាច់បន្ថែមទឹកដល់អាអូននោះទេ ចាប់ពេលកើត រហូតដល់អាយុ បាន ៦ខែ ឲ្យតែកូនម៉ឹមដោះមួយមុខប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ ឬក៏អាកាសធាតុក្តៅខ្លាំងក្តី។
[embed-health-tool-vaccination-tool]