កូនម៉ឹមទឹកដោះគោ អាចឲ្យម៉ាក់ៗមានពេលវេលាគ្រប់គ្រាន់ធ្វើការងារ តែសម្រាប់ម៉ាក់ៗមួយចំនួនវិញពេលខ្លះក៏ជួបការលំបាកច្រើនគួរសមដែរ។ Helloគ្រូពេទ្យ បានស្វែងរកម៉ាក់ៗដែលធ្លាប់ជួបលំបាកមួយចំនួនទាក់ទងនឹងរឿងរំខានខ្លះៗ ពេលឲ្យកូនម៉ឹមទឹកដោះគោ។
១- អត់ងងុយ
បញ្ហានេះម៉ាក់ៗដែលមានកូនម៉ឹមទឹកដោះគោពិតជាគេចមិនផុតទេ ហើយប្រាកដជាឈឺក្បាលសឹងតែទ្រាំមិនបាន ព្រោះមិនថាយប់ ឬថ្ងៃតែងរវល់លាងដុសកំប៉ុង និងឆុងទឹកដោះគោមិនលោះ។ នេះជាការលើកឡើងរបស់អ្នកម៉ាក់ វ៉ាន់ កល្យាណ។ អ្នកម្ដាយកូន ៣ បានរៀបរាប់ទៀតថា កូន ២ដំបូងគាត់ឲ្យម៉ឹមទឹកដោះខ្លួន ហើយកូនចុងក្រោយ ព្រោះតែកើតមកគ្មានទឹកដោះ ទើបសម្រេចឲ្យបៅទឹកដោះគោ។ គ្រាន់តែមួយសប្ដាហ៍ដំបូង អ្នកនាងបានស្រកទម្ងន់ ៥ គីឡូភ្លាម ព្រោះគេងមិនបាន ២ ម៉ោងផងត្រូវភ្ញាក់ម្ដង។ អ្នកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ជាធម្មតាបើយើងគ្មានអនាម័យចំពោះកំប៉ុងទឹកដោះគោ កូនងាយនឹងរាករូស ឬក្អួត។
២- ពិបាករឿងដាច់ស្ដុក
«ប្រសិនបើអ្នកធ្លាប់ជួបបញ្ហានេះ ប្រាកដជាវេទនាចិត្តខ្លាំងប៉ុណ្ណា»។ នេះជាការលើកឡើងរបស់ម៉ាក់ៗវ័យក្មេង ស៊ិន សុបញ្ហា ដែលធ្លាប់តែងតែដើររកទិញទឹកដោះគោឡើងសឹងគ្រប់ច្រកល្ហកពេល ពេលទឹកដោះគោកូនដាច់ស្ដុកម្ដងៗ។ ម្ចាស់ហាងស្ប៉ារូបនេះបានឲ្យដឹងទៀតថា អ្នកនាងតែងតែប្រុងប្រយ័ត្នរឿងនេះដោយទិញម្ដង ២ កេស ហើយមិនទាន់អស់ស្រួលបួល គឺទិញមកទុកទៀត។ ប៉ុន្តែនៅពេលភ្លាត់ស្នៀតអស់ក្នុងស្រុក ត្រូវធ្វើដំណើរទៅរកទិញនៅថៃមកវិញជាដើម ព្រោះកូនតូចមិនដូចកូនធំអាចញ៉ាំចំណីបាន។
អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនបៅម្សៅទឹកដោះគោ គួរស្វែងយល់ពីគុណវិបត្តិ និងគុណសម្បត្តិជាមុន
៣- ម៉ឹមមិនត្រូវ
«កូនខ្ញុំប្ដូរម៉ាក់ទឹកដោះគោមិនក្រោម ៥ ប្រភេទនោះទេ ហើយទម្រាំតែរកត្រូវ កូនរាកស្គមសល់តែឆ្អឹងទេ»។ នេះជាការចែករំលែកអ្នកគ្រូ ស បុស្ប៉ា បង្រៀននៅអនុវិទ្យាល័យព្រះសីហនុរាជ ហើយអ្នកគ្រូវ័យ ៣៥ ឆ្នាំខាងលើថា ការឲ្យកូនម៉ឹមទឹកដោះគោ មិនមែនល្អដូចទឹកដោះម្ដាយឡើយ តែដោយសាររវល់ និងមិនសូវមានទឹកដោះគ្រប់គ្រាន់ ទើបជ្រើសឲ្យកូនបៅទឹកដោះគោទៅ។ មិនត្រឹមតែពិបាករឿងកូនម៉ឹមមិនត្រូវឡើយ ភាពហត់នឿយក្នុងការលាងសម្អាត រឹតតែមិនចង់គួរឲ្យម៉ាក់ៗដទៃដែលរវល់ការងារខាងក្រៅ ឲ្យកូនម៉ឹមទឹកដោះគោឡើយ។
៤- ចំណាយលុយលើទឹកដោះគោ និងកំប៉ុងទឹកដោះគោ
បើតាមបទពិសោធរបស់ សៀ កនិដ្ឋា ដែលកូនរបស់អ្នកនាងទាំង ២ សុទ្ធតែបៅទឹកដោះគោ បានឲ្យដឹងថា ត្រូវចំណាយលើទឹកដោះគោច្រើនណាស់ ម្យ៉ាងទៀតរយៈពេល ៦ ខែម្ដងត្រូវប្ដូរដបទឹកដោះគោចេញម្ដង ហើយម្ដងត្រូវចំណាយក្បែរ ២ រយដុល្លារ នេះរាប់តែក្បាលដោះកូនបៀម ដប សាប៊ូ និងឧបករណ៍។ អ្នកស្រុកភ្នំពេញខាងលើក៏បានបន្ថែមទៀតថា ពេលខ្លះបើទិញខុសចំណង់ចំណូលចិត្តកូន ត្រូវទិញថ្មី អស់លុយបន្ថែមទៀត។ អ្នកលក់ដូរអីវ៉ាន់នៅផ្ទះរូបនេះបន្តទៀតថា អ្នកម៉ាក់ដែលត្រៀមសម្រាលកូន ហើយចង់ឲ្យកូនម៉ឹមដោះគោ គួរតែប្ដូរការគិតចេញ ព្រោះថាកូនបៅដោះមានផលលំបាកច្រើនណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]