ទោះជាវេជ្ជសាស្ត្រទំនើបក៏ដោយ តែសម្រាប់ម៉ាក់ៗមួយចំនួននៅតែចិញ្ចឹមកូនតាមបែបចាស់បុរាណ ដោយស្ដាប់តាមការណែនាំរបស់អ្នកជំនាន់មុនដែលនៅផ្ទះជាមួយ។ របៀបចិញ្ចឹមកូនមួយ ក្នុងចំណោមរបៀបចិញ្ចឹមកូនជាច្រើនបានបង្គាប់ឲ្យម៉ាក់ៗត្រូវបំបៅដោះកូនប្រុសឲ្យយូរជាងកូនស្រី។
ការធ្វើបែបនេះត្រូវលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែតបដិសេធចោលទាំងស្រុង ដោយបញ្ជាក់ថានោះជាជំនឿមិនសមហេតុផល និងគ្មានការសិក្សាច្បាស់លាស់ឡើយ ពោលគ្រាន់តែការនិយាយតគ្នាប៉ុណ្ណោះ ហើយប៉ះពាល់ដល់ការស្រូបយកជីវជាតិពីទឹកដោះម៉ាក់ៗ។
ចំពោះមូលហេតុដែលចាស់ៗពីមុនគិតថា ការឲ្យកូនប្រុសបៅយូរជាង ព្រោះខ្លាចក្មេងបាក់ទឹកដោះ ហើយពេលធំទៅត្រូវប្រើកម្លាំងខ្លាំងជាងកូនស្រី ទើបចង់ឲ្យកូនបៅយូរជាង។ តែធាតុពិតទៅនៅវ័យណាក៏ដោយ កូនត្រូវការសារធាតុចិញ្ចឹមដូចគ្នាដើម្បីយកទៅទ្រទ្រង់ការធំធាត់ និងបង្កើតប្រព័ន្ធភាពសាំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺដូចគ្នា។
សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញបន្តទៀតថា ទារកមិនថាភេទស្រី-ប្រុសឡើយ គឺត្រូវការការបំបៅជាមួយទឹកដោះម៉ាក់ៗតែ ១ មុខគាត់រយៈពេល ៦ ខែដំបូង ហើយចាប់ពីវ័យនោះទៅគឺអាចបន្ថែមទឹក និងរបបអាហារដូចជាបបរខាប់គ្រប់គ្រឿងដូចគ្នា។ សម្រាប់ការបំបៅបន្តគឺរហូតដល់កូនអាយុបាន ២ ឆ្នាំទាំងបំបៅដោះ និងទឹកដោះគោ ហើយចំពោះអ្នកមានពេលវេលា និងធនធានច្រើនអាចបំបៅលើសពីនេះទៀតក៏បានដែរ ៣-៤ ឆ្នាំតាមដែលអាចធ្វើទៅបាន។
លោកបានបញ្ជាក់ថា ការផ្គត់ផ្គង់ចំណីអាហារដល់កូនដែលមានវ័យដូចគ្នា តែខុសភេទ អាចធ្វើឲ្យក្មេងមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ដូចនេះកូនក្រោមវ័យ ១៦ ឆ្នាំត្រូវការលូតលាស់ និងសារធាតុចិញ្ចឹមសព្វបែបយ៉ាងពីអាហារគ្រប់ប្រភេទ។
[embed-health-tool-vaccination-tool]