ការលូតលាស់ និងអាប្បកិរិយា
ពេលអូនតូចមានអាយុ ៥ សប្តាហ៍នឹងងើបមុខពេលគេង ចេះមើលមុខយើងដោយការងឿងឆ្ងល់។ អាអូនបញ្ចេញកាយវិការ និងសំឡេងផ្សេងៗគ្នាដើម្បីបញ្ជាក់ពីអារម្មណ៍ ថែមទាំងចេះសើចទៀត។
១- បង្រៀនកូនពីអីខ្លះ?
ប្រលែងលេងសើច និងនិយាយជាមួយកូនឲ្យបានច្រើនដើម្បីកូនរីករាយ មានភាពកក់ក្តៅ។ ម៉ាក់ប៉ាត្រូវចាំថា ពេលយើងនិយាយទៅកូនបានច្រើន នោះភាពជិតស្និទ្ធ និងក្តីស្រលាញ់របស់យើងជាមួយកូនកាន់តែរីកចម្រើនឡើង។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
នៅក្នុងសប្តាហ៍ទី ៥ នេះយើងត្រូវសួរគ្រូពេទ្យពីបញ្ហាមួយចំនួនដូចជា៖
– របបអាហារកូន
– ការគេង និងការលូតលាស់បេប៊ី
– វាស់កម្ពស់
– ថ្លឹងទម្ងន់
– ពិនិត្យការលូតលាស់ក្បាល
– ពិនិត្យការស្តាប់ឮ។
៣- ត្រូវដឹងពីអីខ្លះ?
ក្លាយជាម៉ាក់ថ្មីថ្មោង មានរឿងជាច្រើនដែលយើងព្យាយាមដឹងឲ្យបាន ដើម្បីជាជំនួយក្នុងការរស់នៅប្រចាំថ្ងៃ ជាចំណេះដឹងសម្រាប់ចិញ្ចឹមបីបាច់កូនបានល្អ។ នៅសប្តាហ៍នេះយើងនឹងស្វែងយល់ពីបញ្ហាមួយចំនួនបន្ថែមទៀតខាងក្រោមនេះ៖
ក្អែ៖ អាអូនអាយុមួយខែតែងតែក្អែពេលបៅដោះ ខ្លះទៀតក្អែពេលញ៉ាំច្រើនពេក។ យើងមិនអាចព្យាបាលបញ្ហានេះបានទេ។ ខ្យល់ដែលអូនតូចលេបចូលជាមួយទឹកដោះពេលបៅជាកត្តាបង្កដូចនេះយើងព្យាយាមរកវិធីកាត់បន្ថយវា ដោយកុំឲ្យកូនបៅដោះ ឬញ៉ាំទឹកដោះគោច្រើនជ្រុលពេក។
ប្រតិកម្មជាមួយទឹកដោះគោ៖ អូនតូចអាចមានប្រតិកម្មជាមួយទឹកដោះគោច្រើនជាងអាហារផ្សេងៗទាំងអស់ ក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរកូនយើងនឹងមានអាការៈក្អួតចង្អោរ ស្រកគីឡូ រាកខ្លាំងអាចមានឈាម។ អូនតូចមួយចំនួនទៀតអាចមានអាការៈក្តៅ កន្ទួល រមាស់ កណ្តាស់ តឹងច្រមុះ ហៀរសំបោរពេលហិតក្លិនទឹកដោះគោ។សង្ស័យកូនមានបញ្ហានេះយើងគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុនបន្តប្រើផលិតផលទឹកដោះគោនោះទៀត។
ចលនាពោះវៀន៖ វាជារឿងធម្មតាទេដែលកូនបៅទឹកដោះម្តាយមានលាមកទន់ ឬពេលខ្លះរាវដូចទឹក។ ប៉ុន្តែអូនតូចដែលរាកញឹកញាប់ លាមកមានធំក្លិន ឬមានជាតិរម្អិល ក្តៅខ្លួន និងស្រកទម្ងន់ មិនមែនមិនអាចកើតលើទារកដែលបៅទឹកដោះម្តាយទេ គ្រាន់តែទារកបៅដោះម្តាយឆាប់ជាសះស្បើយពេលមានបញ្ហានេះ។ ទារកបៅទឹកដោះគោអាចជុះក្នុងចន្លោះ ៣-៤ម៉ោង/ម្តង ប៉ុន្តែបើលាមកមិនមានរូបរាងច្បាស់ រឹង ឬមានឈាមតិចតួចក្នុងរន្ធគូទ ប្រហែលអាអូនមានបញ្ហាទល់លាមក។ យើងត្រូវឲ្យកូនញ៉ាំទឹកច្រើន និងទៅជួបពេទ្យឲ្យបានលឿនបំផុត។
ការព្រួយបារម្ភ
៤- អីខ្លះត្រូវបារម្ភ?
មានរឿងជាច្រើនដែលយើងត្រូវចំណាំពេលអាអូនអាយុ ១ ខែ។ យើងត្រូវដឹងថាកូនបានបៅដោះ និងសារធាតុបំប៉នគ្រប់គ្រាន់ ឬអត់។ អ្វីៗនឹងស្តែងចេញជារោគសញ្ញាដូចខាងក្រោម៖
- ទឹកនោមមិនមានពណ៌
- យើងអាចឮសំឡេងលេបចូល
- អូនតូចសប្បាយចិត្តក្រោយពេលបៅ។
ដើម្បីឲ្យកូនគេងលក់ស្កប់យើងអាច៖
- រៀបចំកន្លែងគេងកូនឲ្យស្អាតមានសណ្តាប់ធ្នាប់
- បន្ទប់ត្រូវមានសីតុណ្ហភាពល្អ
- បង្កើតបរិយាកាសស្ងប់ស្ងាត់
- ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ពេលថ្ងៃ
- ត្រូវឲ្យមានពន្លឺថ្ងៃជះចូលក្នុងបន្ទប់។
ជួបគ្នានៅសប្តាហ៍ក្រោយទៀតណា! តើអាអូនប្រែប្រួលអ្វីខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]