ការលូតលាស់ និងអាកប្បកិរិយា
ទើបបានប៉ុន្មានសប្តាហ៍សោះអូនតូចចាប់ផ្តើមស្គាល់សំឡេងយើង។ ពេលឮសំឡេងម៉ាក់ប៉ានឹងធ្វើឲ្យបេប៊ីស្គាល់កាន់តែច្បាស់ពីពិភពខាងក្រៅដែលខុសគ្នាពេលនៅក្នុងពោះ អាអូនដឹងថាគេមិនឯកានោះទេ។ ដូច្នេះយើងត្រូវនិយាយជាមួយកូនឲ្យបានច្រើន ទោះបីអាអូនមិនទាន់យល់អំពីអ្វីដែលយើងនិយាយប៉ុន្តែក្តីស្រលាញ់នឹងកើតឡើងតាមពាក្យសម្តីនេះឯង។
ចង់ដឹងអត់ចូលដល់សប្តាហ៍ទី ៧ នេះ កូនយើងចាប់ផ្តើមចេះអ្វីខ្លះ?
– ក្រឡាប់ ងើបក្បាលបាន ៤៥ដឺក្រេ
– បញ្ចេញសំឡេងថ្មីៗច្រើនជាមុន
– ញញឹមតបយើងវិញ។
១- បង្រៀនកូនពីអីខ្លះ?
មកដល់ពេលនេះអូនតូចមិនសូវគេងថ្ងៃទេ ម៉ាក់ប៉ាអាចចាក់ចម្រៀង ឬច្រៀងបំពេរឲ្យបានច្រើន។ មិនចាំបាច់ដាក់បទចម្រៀងសម្រាប់ក្មេងៗក៏បានដែរ យើងគួរព្យាយាមចាក់ចម្រៀងផ្សេងៗដូចជាមនោសញ្ចេតនា ឬញាក់ ហើយយើងចាំសង្កេតមើលថាកូនយើងអ្នកចូលចិត្តចម្រៀងបែបណា តាមរយៈកាយវិការរីករាយ សើច លើកដៃ ឬជើង។
សុខភាព និងសុវត្ថិភាព
២-ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
បើយើងយកកូនទៅជួបគ្រូពេទ្យអំឡុងពេលនេះគួរសាកសួរអំពីបញ្ហាខាងក្រោមដូចជា របបអាហារ ការគេង និងការចាក់វ៉ាក់សាំងជាដើម។
៣- ត្រូវដឹងពីអីខ្លះ?
មុនកើតលើកូនង៉ែត៖ ស្តាប់ទៅពិតជាចម្លែកខ្លាំងណាស់ ប៉ុន្តែក្មេងមានអាយុតិចជាងមួយឆ្នាំពិតជាអាចកើតមុនមែន។ បេប៊ីប្រហែល៤០% មានបញ្ហាកើតមុនពេលអាយុ ២-៣ សប្តាហ៍ ហើយបន្តកើតរហូតដល់អាយុប្រហែល ៤-៦ខែ។ មិនទាន់រកឃើញមូលហេតុពិតប្រាកដរបស់បញ្ហានេះទេ តែគេជឿថាវាប្រហែលមកពីបញ្ហាអ័រម៉ូន។ អ័រម៉ូនរបស់ម្តាយធ្វើឲ្យរន្ធញើសកូនស្ទះជិត បណ្តាលឲ្យកើតមុន និងដោយសាររន្ធញើសបេប៊ីនៅក្មេងខ្ចីមិនទាន់បិទជិត ងាយឲ្យធូលីចូល។
ដើម្បីដោះស្រាយបញ្ហានេះ យើងគ្រាន់តែងូតទឹកឲ្យអាអូន ២-៣ដង/ថ្ងៃ រួចយកកន្សែងស្ងួតមកជូតខ្លួនអូនតូច នោះបញ្ហាមុននឹងបាត់ទៅវិញក្នុងប៉ុន្មានខែបន្ទាប់។ ប៉ុន្តែហាមដាច់ខាតមិនត្រូវច្របាច់មុននេះទេ ហើយយើងគួរសួរគ្រូពេទ្យពីបញ្ហាស្បែករបស់ទារក ប្រសិនបើមានបញ្ហាមុនច្រើន។
ស្បែកប្តូរពណ៌៖ ម៉ាក់ប៉ាអាចឆ្ងល់ពេលឃើញស្បែកអាអូនប្តូរពណ៌ ម្តងស ម្តងខ្មៅ។ មិនមានបញ្ហាអ្វីនោះទេ នេះបណ្តាលមកពីចរន្តឈាមបេប៊ីមិនទាន់ធ្វើការពេញលេញ ហើយឈាមអាអូនអាចស្តុកច្រើនក្នុងផ្នែកណាមួយនៃរាងកាយ។
ការព្រួយបារម្ភ
៤- អីខ្លះត្រូវបារម្ភ?
រុំបេប៊ី៖ ច្បាស់ជាមានម៉ាក់ៗមួយចំនួនមិនទាន់ប្រសប់រឿងរុំកន្សែងកូនបែបណាត្រឹមត្រូវ អាចឲ្យអាអូនមានអារម្មណ៍ល្អ គេងលក់ស្រួលនោះទេ។ យូរទៅគង់តែថ្នឹកនោះទេ យើងអាចពី Youtube ក៏បាន ហើយពេលរុំអាអូនមើលពីស្ថានភាព និងរើសយកវិធីដែលកូនចូលចិត្ត។
កូនធំបន្តិចនឹងចាប់ផ្តើមលែងចង់ឲ្យយើងរុំខ្លួនទៀតហើយ ដោយយកជើងធាក់កន្សែងចេញ ដូច្នេះយើងមិនគួរយកកន្សែងរុំខ្លួនពេលគេងទេ ព្រោះអាចឲ្យកន្សែងបាំងមុខ ថប់ដង្ហើម។ យើងគួរបញ្ឈប់ការរុំកន្សែងពេលអាអូនបញ្ចេញកាយវិការបានកាន់តែច្រើន ព្រោះអាចធ្វើឲ្យការវិវត្តផ្នែករាងកាយមិនបានល្អ។
យកបេប៊ីទៅខាងក្រៅ៖ យើងត្រូវស្លៀកពាក់ឲ្យកូនត្រូវទៅតាមអាកាសធាតុ។ ក្នុងករណីអាកាសធាតុត្រជាក់ខ្លាំងត្រូវមានភួយ ឬកន្សែងបន្ថែមមករុំខ្លួនអាអូនដើម្បីការពារពីភាពត្រជាក់។ ពេលអាកាសធាតុក្តៅវិញ មិនត្រូវយកទារកទៅខាងក្រៅយូរពេកទេដើម្បីកាត់បន្ថយការប៉ះពាល់ដោយសារពន្លឺថ្ងៃ។ យកអូនតូចជិះឡានទៅខាងក្រៅ ត្រូវដាក់បេប៊ីនៅលើកៅអីសុវត្ថិភាពខាងមុខ។
គ្នាយើងបានអានអត្ថបទការលូតលាស់របស់បេប៊ីក្នុងសប្តាហ៍ទី ៧ រួចរាល់ហើយ កុំភ្លេចជួបគ្នាពេលក្រោយទៀតណ៎ា!
[embed-health-tool-vaccination-tool]