ឈានចូលដល់សប្តាហ៍ទី ២១ កូនយើងកាន់តែចំណាប់ អាអូនអាចទប់លំនឹងក្បាលដោយខ្លួនឯង នៅពេលយើងទ្រដោយដៃទាំង ២។ ម៉ាក់ប៉ាត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ទុកដាក់របស់តូចៗឲ្យផុតពីដៃកូន ព្រោះពេលនេះអូនតូចចាប់អារម្មណ៍នឹងរបស់តូចៗ ថាមិនត្រូវដាក់ចូលក្នុងមាត់ អាចបង្កឲ្យស្លាក់បាន។
នៅសប្តាហ៍ទី ២១ កូនយើងអាចនឹង៖

– ពេលផ្អែកខ្នងត្រង់ អាចទប់លំនឹងក្បាលដោយខ្លួនឯង
– ចាប់អារម្មណ៍ទៅលើវត្ថុតូចៗ
– សើចឮៗ និងសើចពេលយើងសើច
– យំពេលចេញពីបន្ទប់ និងសប្បាយចិត្តពេលយើងត្រលប់មកវិញ
– សើចពេលឃើញកាយវិការកំប្លែង
– ឈោងយកវត្ថុនៅជិតខ្លួន។
១- បង្រៀនកូនពីអីខ្លះ?
វិធីមួយស្រួលបំផុតធ្វើឲ្យទារកចាប់អារម្មណ៍ គឺការបង្កើតសំឡេងចេញពីកូនសោរ ឬកណ្តឹងខ្យល់ ឮសូរគ្រឹកៗ ព្រោះអាអូនអាយុប៉ុណ្ណេះអាចដឹងពីប្រភពនៃសំឡេង ហើយងាកទៅរកសំឡេងនោះភ្លាមៗ។
មួយវិញទៀត ដើម្បីអភិវឌ្ឍផ្នែកភាសា និងការនិយាយរបស់កូន ម៉ាក់ប៉ាគួរតែនិយាយជាមួយកូនដោយផ្ទាល់ ជៀសវាងឲ្យអាអូនរៀនតាមវិទ្យុ ទូរទស្សន៍ ឬ Youtube ព្រោះនៅវ័យនេះកូនយើងពុំអាចរៀនតាមវិធីនេះបានឡើយ។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
សប្តាហ៍នេះយើងមិនទៅជួបគ្រូពេទ្យទេ ដូច្នេះយើងត្រៀមសំណួរមួយចំនួនសម្រាប់ការទៅជួបគ្រូពេទ្យលើកក្រោយ។ ទោះយ៉ាងណា ម៉ាក់ប៉ាត្រូវទៅជួបគ្រូពេទ្យភ្លាម បើមានសញ្ញាណាមួយខុសប្រក្រតី។
៣- ត្រូវដឹងពីអីខ្លះ?
ចំណុចមួយចំនួនខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែយល់ដឹង៖
ជំងឺផ្តាសាយ៖ អាយុ ១ ឆ្នាំដំបូងនេះ កូនយើងជៀសមិនផុតឡើយពីជំងឺផ្តាសាយ ដោយសារតែមានវីរុសបង្កជំងឺផ្តាសាយជាច្រើនប្រភេទ។ តាមរយៈការប៉ាន់ស្មានមួយបានឲ្យដឹងថា ជាទូទៅកុមារ កើតជំងឺផ្តាសាយ យ៉ាងតិច ៨ ដង/ឆ្នាំ។
វីរុសទាំងនេះ អាចសាយភាយតាមរយៈខ្យល់ និងតោងភ្ជាប់ទៅនឹងវត្ថុដែលមានមេរោគជាច្រើនដូចជា ដៃទ្វារ និងរបស់ក្មេងលេង។ ដោយសារតែប្រព័ន្ធភាពស៊ាំនៅខ្សោយក្មេងងាយកើតជំងឺផ្តាសាយណាស់។ អូនតូចអាចយកដៃទៅដាក់នៅជិតភ្នែក និងមាត់ញឹកញាប់ ដូច្នេះរឹតតែងាយរងការវាយប្រហារដោយមេរោគផ្តាសាយ។ រោគសញ្ញាទូទៅរួមមានការហៀរសំបោរ ឬទឹកភ្នែក តឹងច្រមុះ ក្អក ក្តៅខ្លួនតិចៗ។ រោគសញ្ញាទាំងនេះមានរយៈពេលយ៉ាងយូរ ១ អាទិត្យ។
យើងអាចប្រើប្រដាប់បូមយកស្លេស្មនៅពេលតឹងច្រមុះ ឬប្រើឧបករណ៍សម្រួលការដកដង្ហើម ឬឧបករណ៍បន្សើមក្នុងបន្ទប់គេងកូនយើង ដើម្បីឲ្យអាអូនងាយដកដង្ហើមជាងមុន។ ត្រូវចាំថា តឹងច្រមុះអាចធ្វើឲ្យអូនតូចមានអារម្មណ៍មិនល្អ ដូច្នេះម៉ាក់ប៉ាគួរព្យាយាមលើកក្បាលកូនឲ្យផុតពីខ្នើយ ២-៣ សង់ទីម៉ែត្រនៅពេលគេង ឬដាក់កូនឲ្យគេងក្នុងទម្រង់អង្គុយ ៤៥ ដឺក្រេ ដើម្បីបន្ថយការស្ទះបំពង់ក។ យើងមិនត្រូវឲ្យកូនញ៉ាំថ្នាំដែលមិនបានពិគ្រោះជាមួយគ្រូពេទ្យនោះទេ។ ការប្រើថ្នាំផ្សះ ពពួកអង់ទីប៊ីយ៉ូទីក មិនមានប្រសិទ្ធិភាពជាមួយជំងឺបង្កដោយវីរុសទេ។ គ្រូពេទ្យនឹងប្រាប់យើងឲ្យប្រើថ្នាំប៉ារ៉ាសេតាមុល ប្រសិនបើកូនក្តៅខ្លួន។
ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម បើកូនមានសញ្ញាដូចខាងក្រោម៖
– ក្តៅខ្លួនលើសពី ៣៨ អង្សារសេ
– ចង្វាក់ដង្ហើមលឿន ជាង ៦០ ដង/នាទី
– ក្អកខ្លាំង និងពិបាកដកដង្ហើម
– ភ្នែកមានសភាពមិនធម្មតា ឬមានហៀរសារធាតុរាវ
– ទាញត្រចៀក យំពេលញ៉ាំ ឬដាក់ឲ្យគេង។
ការដុះធ្មេញ៖ ជាទូទៅធ្មេញរបស់ទារកដំបូងនឹងលូតលាស់ក្នុងអំឡុងអាយុ ៧ ខែ ដុះធ្មេញលឿនបំផុតនៅអាយុ ៣ខែ និងយូរបំផុតពេលអាអូនមានអាយុ ១២ ខែ ហើយការលូតលាស់នេះនឹងកើតមានទៅតាមហ៊្សែនរបស់ម៉ាក់ប៉ា។ យ៉ាងណាមិញ សញ្ញានៃការដុះធ្មេញ ជាទូទៅអាចកើតមាន ប្រហែល ២-៣ ខែមុន ហើយមានលក្ខណៈផ្សេងៗគ្នាពីទារកម្នាក់ទៅទារកម្នាក់។
សញ្ញាទាំងនោះរួមមាន៖
– ហូរទឹកមាត់
– ឡើងកន្តួល គេងមិនសូវលក់
– ក្អក ញ៉ាំអីពុំបាន
– ចូលចិត្តខាំ
– ឈឺចាប់
– រាក និងគ្រុនក្តៅ
– មានកំណកឈាម នៅអញ្ចាញធ្មេញ
– ទាញត្រចៀក និងត្រដុសថ្ពាល់ខ្លួនឯង។
គន្លឹះខ្លះៗកាត់បន្ថយការឈឺចាប់ពេលកូនដុះធ្មេញ៖
– ឱ្យកូនទំពារបស់អ្វីមួយ
– ត្រដុសអញ្ចាញកូននឹងវត្ថុអ្វីមួយ
– ឱ្យកូនញ៉ាំទឹក ឬនំចំណីត្រជាក់ៗ។

៤- រឿងអីខ្លះត្រូវបារម្ភ?
ធ្វើយ៉ាងណាឲ្យកូនស៊ាំនឹងសារធាតុរឹង? ម៉ាក់ប៉ាគ្រប់រូបត្រូវត្រូវយកចិត្តទុកដាក់ទាំងពេលវេលា របបអាហារក៏ដូចជារបស់ប្រើប្រាស់ សម្រាប់អាហារកូននាពេលអនាគត។
ពេលវេលាសមរម្យ៖ ប្រសិនបើយើងបំបៅដោះកូន គួរតែបំបៅនៅពេលទឹកដោះចេញតិចបំផុតជាពិសេសនៅពេលរសៀល និងល្ងាច។ កូនឃ្លានខ្លាំងនៅពេលព្រឹកយើងគួរតែទម្លាប់ឲ្យកូនញ៉ាំអាហាររឹង ចាប់ផ្តើមពី ១ពេល/ថ្ងៃ បន្ទាប់មកអាចឲ្យអាហារខ្លះៗនៅក្នុងអាហារពេលព្រឹក និងអាហារពេលល្ងាចសម្រាប់ខែក្រោយៗ។
ធ្វើឲ្យកូនសប្បាយចិត្ត៖ យើងមិនគួរផ្តល់អាហារនៅពេលកូនមិនទាន់ចង់ញ៉ាំ ឬមិនសប្បាយចិត្តទេ។ គួររៀបចំអាហារពេលកូនភ្ញាក់ពីគេង ឬពេលសប្បាយចិត្ត ហើយក៏មិនត្រូវឲ្យអាហារកូនច្រើនពេកដែរ។
មិនត្រូវឲ្យកូនញ៉ាំច្រើនពេកទេ៖ ដំបូងយើងគួរឲ្យអាហារដែលធ្វើឲ្យកូនចង់ញ៉ាំជាមួយទឹកដោះគោ។ វិធីនេះអាចជួយឲ្យអាអូនស្គាល់អាហារថ្មីៗ ហើយមិនធុញទ្រាន់ជាមួយនឹងរបស់អស់ទាំងនេះ។
ត្រៀមរួចរាល់សម្រាប់បញ្ចុកអាហារកូន៖ ព្រោះតែរវល់យើងមិនគួរចម្អិនម្ហូបលឿនពេកទេ ដោយសារការចិញ្ចឹមកូន គឺជាដំណើរការមួយដែលប្រើរយៈពេលយូរ ដូចនេះគួរតែចំណាយពេលឲ្យបានច្រើនលើសកម្មភាពនេះ។
ដឹងពេលដែលត្រូវឈប់៖ មិនត្រូវបង្ខំកូនឲ្យញ៉ាំបន្តទៀតទេ នៅពេលដែលអូនតូចមិនចង់ញ៉ាំ ដែលសញ្ញាមិនចង់ញ៉ាំទាំងនោះរួមមាន យំ ងាកចេញ បិទមាត់ ឬខ្ជាក់អាហារចេញពីមាត់។
ការផ្តាច់ដោះ៖ ទឹកដោះម្តាយ ជាសារធាតុរាវមួយដែលគ្រប់គ្នាដឹងថាល្អ និងចាំបាច់បំផុត។ ប៉ុន្តែ តើអាហារដំបូងប្រភេទណាដែលល្អបំផុតសម្រាប់ទារកបន្ទាប់ពីផ្តាច់ទឹកដោះម្តាយរួច? ជាការពិតណាស់ យើងអាចឲ្យអាហារដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ។ ប៉ុន្តែ ចូរយើងទៅជួបគ្រូពេទ្យជំនាញកុមារ ដើម្បីសុំការណែនាំក្នុងការជ្រើសរើសអាហារដំបូងដែលល្អបំផុតសម្រាប់ទារកនៅពេលផ្តាច់ដោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 311-344.
កំណែប្រែបច្ចុប្បន្ន
23/01/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
គឹម កាណែល