ការលូតលាស់ និងអាកប្បកិរិយា
កូនយើងកាន់តែធំបន្តិចម្តងៗ ដឹងច្រើនជាងមុន ឯការចងចាំក៏ចាប់ផ្តើមមាន និងចេះចែករំលែកនំចំណីឲ្យម៉ាក់ប៉ា។ បើយើងយករបស់លេងចេញ អាអូននឹងយំទារវិញមិនខាន យកល្អគួរតែឲ្យរបស់ថ្មីទៅកូនមុនសិន ចាំយករបស់នោះមក។ ម៉ាក់ប៉ាដឹងទេ កូនយើងវ័យនេះភាគច្រើនចូលចិត្តលេងបោះចុះឡើង ដូចនេះយើងអាចលេងជាមួយកូនដោយរមៀលបាល់ទៅវិញទៅមក។
នៅក្នុងសប្តាហ៍ទី ៣៨ កូនយើងអាច៖
– តោងឈរ
– ចេះវារ
– ងើបអង្គុយ
– យំពេលយករបស់លេងចេញ
– ប្រើម្រាមដៃចាប់យករបស់
– និយាយថា “ម៉ាម៉ា” ឬ”ដាដា”
– ចេះលេងបិទមុខ
– ចាំកន្លែងមួយចំនួន ពិសេសកន្លែងទុករបស់លេង
– ធ្វើត្រាប់តាមសកម្មភាពដែលបានឃើញ។
១- បង្រៀនកូនដោយរបៀបណា?
កូនយើងចេះទុក និងយករបស់លេងចេញពីប្រអប់ ដូច្នេះម៉ាក់ប៉ាគួរទិញធុងជ័រ ប្រដាប់លេង និងពណ៌ផ្គុំឲ្យកូន បែបនេះអាអូនអាចលេងផ្គុំបាន ប៉ុន្តែកុំយកតូចៗពេកខ្លាចកូនយកលេប។ អាអូនក៏ចូលចិត្តលេងរបស់មានចលនាដូចជា ទ្វារ ដែលអាចបើកបិទបាន យើងត្រូវប្រយ័ត្ន អាចកៀបដៃជើងកូន។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
គ្រូពេទ្យមានតិចនិចក្នុងការពិនិត្យកូនយើងផ្សេងៗពីគ្នា ហើយរបៀបនិងបែបបទក្នុងការពិនិត្យក៏ទៅតាមក្មេងនីមួយៗដែរ ប៉ុន្តែជាទូទៅគ្រូពេទ្យនឹងពិនិត្យតាមជំហានខាងក្រោមនេះ។
– ពិនិត្យរាងកាយ រួមទាំងពិនិត្យបញ្ហាពីមុនៗ
– ពិនិត្យការលូតលាស់របស់អាអូន
– ធ្វើតេស្តមួយចំនួនដូចជាឲ្យអង្គុយ ចាប់យករបស់ ហៅម៉ាក់ប៉ា -ល-។
៣- ចំណុចត្រូវដឹង
ម៉ាក់ៗដែលមានមានអាអូនពីមុនមក ធ្លាប់ជួបករណីកូនរករឿងចង់ឈប់បៅដោះទេ? តើមកពីអ្វី? យើងត្រូវធ្វើបែបណា?
ផ្តាច់ដោះខ្លួនឯង៖ នៅសុខៗ កូនបៅតែប៉ុន្មាននាទីក៏ឈប់។ កុំចម្លែកចិត្តអី អាអូនមិនចង់បៅរយៈពេលខ្លីទេ អាចនឹងត្រលប់មកម៉ឹមវិញដូចដើម។ ភាគច្រើនចាប់ពីខែទី ៩-១០ ទៅ ទើបអាអូនឈប់ចង់បៅដោះដោយខ្លួនឯង។ យើងអាចផ្តាច់ដោះកូនម្តងបន្តិចៗដោយចាប់ផ្តើមលាយអាហាររឹង និងទឹកដោះគោកំប៉ុងឲ្យកូនបណ្តើរៗ។ ដំបូងយើងអាចចាប់ផ្តើមដោយបញ្ឈប់បំបៅដោះពេលថ្ងៃ បន្ទាប់មកពេលព្រឹក ពេលយប់ចាំឈប់ក្រោយគេ រួចបង្វែរឲ្យកូនមកបៅដបទឹកដោះគោវិញ។
ជួយលើកកូន៖ កូនយើងពុំទាន់អាចទប់ខ្លួនជាប់នៅឡើយទេ ដូចនេះអ្នកគួរតែជួយទប់កូន ជូយឲ្យកូនដាក់ខ្លួនអង្គុយចុះថ្នមៗ។ ការដែលធ្វើបែបនេះ កូនយើងរៀនចេះធ្វើខ្លួនឯង។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
ក្នុងសប្តាហ៍ទី ២ នៃខែទី ៩ នេះ អាអូនញ៉ាំអាហារបានច្រើន តែក៏រើសប្រភេទនំចំណីខ្លាំងណាស់ដែរ របស់មិនចូលចិត្តមិនញ៉ាំទេ។ បើជួបបញ្ហានេះ ម៉ាក់ប៉ាអាចដោះស្រាយតាមគន្លឹះខាងក្រោមនេះ។
- ឲ្យកូនញ៉ាំអ្វីដែលចង់ ដូចជា ចេក នំប៉័ង គ្រាប់ធញ្ញជាតិ
- លួចបន្ថែមអាហារផ្សេងៗទៅកូន
- កូនធុញនឹងអាហារកិន អាចឲ្យអាហារទន់ៗកាន់ញ៉ាំបាន
- ដូរអាហារកូនឲ្យបានញឹកញាប់
- ឲ្យកូនញ៉ាំអាហារដោយខ្លួនឯង
- កុំឲ្យកូនញ៉ាំទឹកក្រូច ឬទឹកដោះគោលើសពី ១២០-១៨០ មិល្លីលីត្រ
- ឲ្យកូនញ៉ាំទឹកសុទ្ធ ឬទឹកដែលមានជាតិស្ករទាប
- កុំឲ្យកូនញ៉ាំអាហារសម្រន់ច្រើនពេក
- ផ្តល់ស្នាមញញឹមដល់កូនដើម្បីឲ្យកូនសប្បាយចិត្ត ញ៉ាំបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]