ជំនាញផ្សេងៗក្នុងជីវិតគឺជាមេរៀនដ៏សំខាន់មួយសម្រាប់ក្មេងៗដើម្បីប្រើប្រាស់ពេញមួយជីវិត។ ប៉ុន្តែក្មេងៗមួយចំនួនមិនបានរៀនពីជំនាញទាំងនេះរហូតដល់ពេលពួកគេចូលរៀននៅវិទ្យាល័យ។ ជំនាញក្នុងជីវិតទាំងនេះអាចបង្រៀនដល់ក្មេងៗបានតាំងពីគេនៅតូច។ យកល្អប៉ាម៉ាក់គួរបង្រៀនជំនាញទាំងនេះដល់កូន ទោះបីពួកគេមិនទាន់ចូលរៀនក៏ដោយ។
១. ការសម្រេចចិត្ត
ការសម្រេចចិត្តបានល្អគឺជាជំនាញមួយដែលក្មេងគ្រប់រូបគួររៀនតាំងពីនៅតូច។ ប៉ាម៉ាក់អាចចាប់ផ្ដើមដោយឲ្យកូនតូចធ្វើការសម្រេចចិត្តទៅលើរឿងតូចតាចដូចជាការជ្រើសរើសរសជាតិការ៉េម ពណ៌សម្លៀកបំពាក់ដែលគេចង់ពាក់ ឬជ្រើសរើសប្រដាប់លេង ជាដើម។ នៅពេលដែលក្មេងឈានទៅដល់វ័យចូលរៀន ពួកគេអាចចាប់ផ្ដើមស្វែងយល់អំពីរង្វាន់ដែលគេទទួលបានពេលធ្វើការសម្រេចចិត្តបានល្អ និងផលវិបាកពីការសម្រេចចិត្តមិនល្អរបស់ពួកគេ។
២. សុខភាព និងអនាម័យ
ការយល់ដឹងពីសុខភាព និងអនាម័យគឺអាចចាប់ផ្ដើមតាំងពីកូននៅតូចបាន។ ប៉ាម៉ាក់តែងប្រាប់កូនតូចៗឲ្យងូតទឹកសម្អាតខ្លួន ដុសធ្មេញ លាងដៃ និងផ្លាស់សម្លៀកបំពាក់ ប៉ុន្តែប៉ាម៉ាក់ទំនងមិនដែលប្រាប់ពីមូលហេតុទេ។ ដូចនេះប៉ាម៉ាក់គួរប្រាប់កូនតូចពីមូលហេតុត្រូវថែទាំសុខភាព និងរឿងត្រូវរក្សាអនាម័យ ពោលគឺអាចប្រាប់កូនថាអ្វីទាំងនេះជាផ្នែកសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ។
៣. ការគ្រប់គ្រងពេលវេលា
ប៉ាម៉ាក់គ្រប់រូបដឹងហើយថាការគ្រប់គ្រងពេលវេលាគឺអាចជួយយើងបានច្រើន ហើយក្មេងក៏អាចចាប់ផ្ដើមរៀនពីការគ្រប់គ្រងពេលវេលាតាំងពីតូចដូចគ្នា។ ការបង្រៀនការគ្រប់គ្រងពេលវេលាដល់កូនមិនត្រឹមតែបង្រៀនពួកគេឲ្យចេះបែងចែកម៉ោងធ្វើកិច្ចការអ្វីមួយ ឬបង្កើតកាលវិភាគសម្រាប់កិច្ចការប្រចាំថ្ងៃទេ ប៉ុន្តែនៅអាចបង្រៀនពួកគេឲ្យចេះលៃពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃតាំងពីក្រោកពីគេង និងការធ្វើការទៀងម៉ោង។
៤. ការគ្រប់គ្រងថវិកា
ប៉ាម៉ាក់តែងបង្រៀនកូនតូចឲ្យចេះរាប់លុយ ឬការគិតលេខធម្មតាៗ។ ប៉ាម៉ាក់ក៏អាចបង្រៀនកូនឲ្យចេះគ្រប់គ្រងថវិកាដោយបង្រៀនពួកគេឲ្យសន្សំ និងចាយចេះគិតជាដើម។ ការគ្រប់គ្រងថវិកាគឺជារឿងដែលពិបាកសម្រាប់មនុស្សពេញវ័យ ដូចនេះប៉ាម៉ាក់អាចចាប់ផ្ដើមបង្រៀនកូនពីការចាយលុយតាំងពីក្មេងដែលនេះអាចជួយពួកគេចេះគ្រប់គ្រងការចំណាយនៅពេលគេធំឡើង និងចេះរកលុយដោយខ្លួនឯង។
៥. ការសម្អាតផ្ទះ
ប៉ាម៉ាក់មួយចំនួនគិតថាការធ្វើការងារផ្ទះដោយខ្លួនឯងអាចមានភាពងាយស្រួលជាង ប៉ុន្តែតាមពិតការធ្វើបែបនេះអាចធ្វើឲ្យខកខានឱកាសក្នុងការបង្រៀនកូនឲ្យចេះសម្អាតផ្ទះដែលនេះជាអ្វីដែលពួកគេត្រូវចេះនៅពេលពួកគេធំឡើង ឬមានផ្ទះផ្ទាល់ខ្លួន។ ជាដំបូងៗប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឲ្យចេះរៀបចំគ្រែគេង ឬរៀបចំប្រដាប់លេងរបស់ពួកគេ ជាដើម។
៦. ការបោកសម្លៀកបំពាក់
ការបង្រៀនកូនឲ្យចេះបោកសម្លៀកបំពាក់ ឬរៀបចំសម្លៀកបំពាក់ដែលបោកហើយមិនត្រឹមតែអាចជួយដល់ពួកគេទេ នៅអាចជួយដល់ប៉ាម៉ាក់ផងដែរ។ កូនតូចអាចរៀនបានច្រើនពីការជួយប៉ាម៉ាក់បោកសម្លៀកបំពាក់ដូចជាការបែងចែកពណ៌ និងប្រភេទជាដើម។ កូនតូចដែលចូលរៀនបឋមសិក្សាហើយអាចរៀនធ្វើកិច្ចការនេះ ឬប្រើប្រាស់ម៉ាស៊ីនបោកគក់។ នៅពេលពួកគេធំឡើង ពួកគេអាចធ្វើដោយខ្លួនឯងបាន។
[embed-health-tool-vaccination-tool]