ទារកនៅក្នុងផ្ទៃអាចដឹងអារម្មណ៍ដែលម៉ាក់ៗធ្វើទាំងអស់ ដូចនេះហើយបានជាពេទ្យណែនាំឲ្យយើងនិយាយលេង និងបើកចម្រៀងឲ្យកូនស្ដាប់ ហើយមិនត្រូវធ្វើអ្វីមិនសប្បាយចិត្តដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ទន្ទឹមនឹងនេះ បើអ្នកមានកូនបងពូកែច្រណែន និងចង់ឲ្យពួកគេស្រលាញ់គ្នាតាំងពីមិនទាន់ឃើញមុខ គួរបង្រៀន ៤ យ៉ាង។ នេះជាការរៀបរាប់របស់អ្នកគ្រូពេទ្យ សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៖
១- បង្រៀនកូនឲ្យស្ទាបពោះ
កូនដែលធ្លាប់មានតែឯង ប្រាកដជាទទួលបានការស្រលាញ់ច្រើន ហើយបើដឹងថាម៉ាក់ប៉ាមានកូនមួយទៀត អាចនឹងតូចចិត្តច្រើន។ ជំហានដំបូងយើងត្រូវយកដៃកូនបងមកស្ទាបពោះ និងប្រាប់ថាប្អូនកំពុងតែចង់លេងជាមួយ ប្រសិនបើគេស្ទាបចំពេលទារកកំពុងតែធាត់ទៀតនោះ គេអាចមានអារម្មណ៍ថាមានគ្នាកំពុងតែលេង ហើយរង់ចាំប្អូនយ៉ាងអន្ទះសា។
២- ប្រាប់កូនឲ្យយករបស់លេងមកជិតពោះ
បន្ទាប់ពីបង្រៀនកូនឲ្យប៉ះពោះរួច អ្នកគួរតែប្រាប់ឲ្យកូនធំយករបស់លេងផ្សេងៗមកក្បែរខ្លួន និងបង្រៀនកូនឲ្យចែករំលែករបស់មួយចំណែកដល់ប្អូន។ ក្មេងនៅពេលដឹងថា មានគ្នាចង់លេងជាមួយ ប្រាកដជារំភើប។ ការបង្រៀនកូនឲ្យចេះចែករំលែក កូនអាចចេះស្រលាញ់បងប្អូនខ្លួនឯងខ្លាំង និងត្រៀមរបស់របរខ្លះៗទុកជាកាដូឲ្យប្អូន។
អត្ថបទពាក់ព័ន្ធ៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ
៣- ប្រាប់កូនឲ្យបង្រៀនប្អូន
នៅផ្ទះម៉ាក់ៗប្រាកដជាមានពេលបង្រៀនកូន ឆ្លៀតពេលនេះយើងគួរតែប្រាប់កូនបងឲ្យទៅនិយាយបង្រៀនកូនក្នុងពោះយើងបាន។ កាយវិការបែបនេះ កូនឆាប់ជិតស្និទ្ធ ចេះស្រលាញ់ប្អូន ហើយប្រសិនបើគេចេះអ្វីថ្មីនឹងមកនិយាយប្រាប់។
៤- ឲ្យនិយាយជាមួយប្អូនក្នុងពោះ
នៅពេលគេចេះលេង និងធ្លាប់បង្រៀនប្អូន ជំហានបន្ទាប់គួរតែប្រាប់ឲ្យកូនមកនិយាយលេងជាមួយប្អូន ហើយឲ្យកូនដាក់ត្រចៀកក្បែរពោះ។ នៅពេលឮសំឡេងផ្សេងៗចេញពីពោះ យើងប្រាប់កូនថា ប្អូនកំពុងតែនិយាយឆ្លើយតបហើយ ដូចនេះយើងជាបងគួរតែឱប ថើបពោះជាការឆ្លើយតបទៅវិញ ពេលនោះកូននឹងកាន់តែចង់និយាយជាមួយច្រើនឡើងៗ ហើយបង្ហាញអារម្មណ៍កក់ក្ដៅឲ្យប្អូនទ្វេដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]