សម័យមុន ឲ្យតែមានកូនរួចស្រីៗភាគច្រើនត្រូវសម្រេចចិត្តបោះបង់ការងារចោល ដើម្បីទុកពេលវេលាឲ្យបានច្រើនដើម្បីថែទាំកូនៗ ណាមួយមិនចង់ស្មុគស្មាញរឿងការងារផ្ទះផង រឿងនៅកន្លែងធ្វើការផង។ ប៉ុន្តែគំនិតចាស់គំរឹលនេះ ត្រូវបានគេបោះបង់ចោលយូរហើយ ព្រោះការសិក្សាថ្មីរកឃើញថា ធ្វើការក្រៅម៉ោងអំឡុងពេលថែទាំងកូនតូច ធ្វើឲ្យម៉ាក់ៗសប្បាយរីករាយ និងមានសុខភាពល្អ។
ការសិក្សាថ្មីមួយបង្ហាញថា ម៉ាក់ៗថ្មីថ្មោងកំពុងធ្វើការងារក្រៅម៉ោង មានរោគសញ្ញាបញ្ហាផ្លូវចិត្តកាន់តែតិច ដូចជា ភាពតានតឹងអារម្មណ៍ និងជំងឺបាក់ទឹកចិត្ត។ ស្ថានភាពសុខភាពពួកគាត់ក៏ប្រសើរជាង បើធៀបទៅនឹងម៉ាក់ៗដែលនៅតែផ្ទះថែទាំកូន។
១- គុណសម្បត្តិពេលធ្វើការក្រៅម៉ោង
ក្នុងការស្រាវជ្រាវនៅអាមេរិក អ្នកជំនាញបានវិភាគព័ត៌មានលើម៉ាក់ៗច្រើនជាង ១.៣០០នាក់ តាមរយៈទិន្នន័យប្រមូលយកដោយវិទ្យាស្ថានជាតិសម្រាប់សុខភាពកុមារ និងការអភិវឌ្ឍមនុស្សជាតិ ក្នុងចេតនាវាយតម្លៃទៅលើម៉ាក់ៗទាំងអស់ធ្វើការក្រោម ៣២ ម៉ោង/សប្ដាហ៍ ដូចគ្នាទៅនឹងម៉ាក់ៗនៅតែផ្ទះ ឬយ៉ាងណា ហើយម៉ាក់ៗធ្វើការលើសពី ៣២ ម៉ោង/សប្ដាហ៍ មានសុខភាពខុសគ្នាយ៉ាងម៉េចខ្លះ?
ពិតណាស់ ការងារជួយបង្រៀនយើងបានច្រើនទាំងជំនាញសង្គម និងការយល់ដឹងថ្មីៗ។ ហេតុនេះ ក្នុងការសិក្សា ម៉ាក់ៗធ្វើការងារក្រៅម៉ោង មានកម្រិតជំងឺធ្លាក់ទឹកចិត្តទាបជាង សុខភាពល្អប្រសើរជាង និងអាចយកចិត្តទុកដាក់ខ្ពស់ជាង ចំពោះកូនៗ ជាងម៉ាក់ៗនៅតែផ្ទះថែទាំកូន។ កត្តានេះអាចនិយាយបានថា ការងារជួយឲ្យយើងមិនឃ្លាតឆ្ងាយពីសង្គម ទទួលបានបទពិសោធថ្មីៗ ជួយសុខភាពកាន់តែប្រសើរ។ ក្រៅពីសង្គម យើងធ្វើការក្រៅម៉ោង អាចនឹងបានផលចំណេញច្រើនទៀតទាំងស្ថិរភាពហិរញ្ញវត្ថុជាដើម។
ធៀបទៅនឹងម៉ាក់ៗធ្វើការពេញម៉ោង ម៉ាក់ៗមានការងារក្រៅម៉ោង កាន់តែមានទំនាស់តិចរវាងការងារ និងក្រុមគ្រួសារ ក៏ដូចជាមានពេលវេលាកាន់តែច្រើន ដើម្បីចូលរួមកម្មវិធីសិក្សារបស់កូនៗ។ យើងនៅតែអាចធ្វើការងារផ្ទះ និងថែទាំកូនកាន់តែច្រើនដូចគ្នា។ ការសិក្សាបង្ហាញដែរថា ធ្វើការងារក្រៅម៉ោង មិនបានជះឥទ្ធិពលអវិជ្ជមានលើទំនាក់ទំនងប្តីប្រពន្ធយើងនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ឲ្យកូនបៀមក្បាលដោះសឹងរាល់ថ្ងៃ ធំឡើងខូចធ្មេញអត់?
- តិចនិកដោះស្រាយបញ្ហាកូនដេកនោមដាក់ពូក
២- ផលប៉ះពាល់ទៅលើកូនពេលម៉ាក់ៗធ្វើការងារ
ការសិក្សាក៏បានសម្លឹងមើលផងដែរ ទៅលើផលប៉ះពាល់ពីការងារ ទៅលើតួនាទីមើលថែកូនៗ ដោយផ្តោតលើកត្តាសំខាន់ ៣ ដូចជា៖
– ម៉ាក់ៗយកចិត្តទុកដាក់លើកូនៗកម្រិតណា
– ភាពទទួលខុសត្រូវរបស់ម៉ាក់ៗ និងចូលរួមក្នុងការសិក្សាកូនៗ
– ការផ្តល់ឱកាសឲ្យកូនៗទទួលបានការសិក្សាអប់រំ។
និយាយពីរឿងចិញ្ចឹមថែទាំកូន ការងារធ្វើអាចផ្តល់ឲ្យយើងនូវគំនិត និងយុទ្ធសាស្ត្រល្អៗ ផ្តល់ជំនាញ និងដំណោះស្រាយបញ្ហា គ្រប់គ្រងទស្សនៈផ្ទុយគ្នា បង្កើតបុគ្គលភាពជាដើម ដែលកត្តាទាំងអស់នេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់តួនាទីជាប៉ាម៉ាក់ល្អម្នាក់។ ការស្រាវជ្រាវបង្ហាញថា ម៉ាក់ៗមានការងារធ្វើ កាន់តែយកចិត្តទុកដាក់ចំពោះកូនៗ ដែលស្ថិតក្នុងវ័យមុនចូលសាលារៀន ជាងម៉ាក់ៗនៅតែផ្ទះ។ អ្នកមានការងារក្រៅម៉ោង លើកឡើងថា ខ្លួននៅតែអាចចូលរួមក្នុងកិច្ចការសាលាកូនៗ ដូចម៉ាក់ៗគ្មានការងារធ្វើដែរ និងមានពេលនៅថែទាំកូនកាន់តែច្រើនជាងម៉ាក់ៗធ្វើការពេញម៉ោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]