សម្រាប់អ្នកមានជីវភាពធូរធារការយកកូន ទោះមាន ឬគ្មានផែនការមិនចោទជាបញ្ហាសម្រាប់គ្រួសារគេឡើយ។ តែប្រសិនបើគ្នាយើងមួយចំនួនខ្វះខាត ការមានកូនដោយគ្មានរៀបគម្រោង ឬដាក់គោលដៅជាមុន អាចជាធ្វើឲ្យស្ថានភាពគ្រួសាររឹតតែដុនដាបជាងមុន ហើយដើម្បីឲ្យស្រីៗយើងដឹងពីផលលំបាកទាំងនេះ Helloគ្រូពេទ្យ បានស្វែងរកអ្នកមានបទពិសោធបែបនោះ មកចែករំលែកជាចំណេះដឹង។
១- គ្មានប្រាក់បម្រុងទុក
តាមបទពិសោធ កែ សុវណ្ណី ជាអតីតបុគ្គលិកក្នុងរោងចក្រនៅ 7NG ផ្នែកគណនេយ្យ វ័យ ២១ ឆ្នាំ និងទើបតែសម្រាលកូនរួចបានឲ្យដឹងថា ក្រោយពេលរៀបការរួចនៅចុងឆ្នាំ ២០១៨ នាងក៏មានផ្ទៃពោះតែម្ដង ដោយមិនខ្វល់រឿងគម្រោងការទៅថ្ងៃអនាគតអ្វីទេ។ វណ្ណី បានបន្តថារយៈពេល ៣ ខែដំបូង នាងមានអាការៈចាញ់ខ្លាំង ញ៉ាំ គេង ធ្វើអ្វីក៏មិនបាន ក៏សម្រេចចិត្តបោះបង់ការងារ ដោយពឹងផ្អែកលើស្វាមីទាំងស្រុង ហើយពេលកូនបាន ៦- ៧ ខែតម្រូវការហូបចុក សម្ភារៈផ្សេងៗទុកឲ្យកូន និងម្ដាយកាន់តែច្រើនឡើងៗ តែហិរញ្ញវត្ថុចូលតាមច្រកតែមួយដដែល។ ដូចនេះមិនមានអ្វីសេសសល់ជាដុំកំភួនឡើយ សម្រាប់ពេលសម្រាល ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ គឺដល់ពេលសម្រាល មិនអាចតាមធម្មជាតិបាន ដូចនេះតម្រូវឲ្យវះកាត់ ព្រោះមិនគ្មានកម្លាំងប្រឹង វិធីចុងក្រោយគឺសម្រាលតាមវះកាត់។
អ្នកម្ដាយវ័យក្មេងបានបន្ថែមថា ប្រាក់ដែលមានបន្តិចបន្តួចទុកសម្រាប់ពេទ្យ គឺមិនគ្រាន់ឡើយ ហើយរឿងកាន់តែយ៉ាប់យ៉ឺនគឺគ្មានទឹកដោះបំបៅកូន ទើបធ្វើឲ្យការចំណាយរឹតតែធ្ងន់ធ្ងរថែមទៀត។ ក្រោយពេលឆ្លងកាត់បញ្ហានេះ ស្រ្តីមេផ្ទះម្នាក់នេះ បានតាំងចិត្តថា ពេលមានកូនលើកក្រោយត្រូវតែគិតគូរជាមុនសិន ព្រោះឥឡូវ គ្មានសេសសល់អ្វីក្រៅពីកូនឡើយ ហើយពេលកូនដល់អាយុចូលរៀនក៏ប្រហែលជាមិនអាចបញ្ជូនទៅសាលាល្អៗដែរ ដោយសារតែគ្មានថវិកាគ្រប់គ្រាន់។
២- គ្មានលទ្ធភាពទិញរបស់លេងឲ្យកូន
“ខ្ញុំរាងចាលហើយរឿងយកកូនតាមចិត្តគ្មានគិតមុខក្រោយនេះ ព្រោះវាជាការធ្វើបាបកូនទៅវិញ” នេះជាការលើកឡើងរបស់អ្នកស្រី មេសា មានកូន ៣ នាក់ និងមានវ័យ ៣៣ ឆ្នាំ។ កាលពីកូនដំបូងស្ថិតក្នុងជីវភាពខ្វះខាត ព្រោះទើបឈប់រៀន ហើយរៀបការតែម្ដង ដោយជឿតាមចាស់ៗថា ការហើយយកកូនសិនទៅ ព្រោះខ្លាចពន្យារកំណើតយូរពេក ទៅជាគ្មានកូន។

អ្នកស្រុកចម្ការលើរូបនេះ បានបន្តទៀតថា ដំបូងៗពេលដឹងថាមានកូនពិតជារំភើបណាស់ តែពេលកូនកើតមក គ្មានលុយគ្រប់គ្រាន់ ទុកផ្គត់ផ្គង់កូនពេលចេះលេងនេះលេងនោះ គ្មានលុយទុកបង្ការពេលកូនមានជំងឺ និងទិញចំណីចំណុកល្អៗឲ្យកូនញ៉ាំ ដើម្បីការលូតលាស់ប្រកបដោយសុខភាពល្អ ទើបជាការស្ដាយក្រោយ ព្រោះពេលងាកទៅឃើញកូនអ្នកដទៃមានអ្វីលេង ហើយកូនយើងទារដែរ តែគ្មានលទ្ធភាពទិញឲ្យ។
ក្រោយជួបការលំបាកពេលមានកូនដំបូង អ្នកស្រុកពារាំងរូបនេះ ក៏ចេះគិតពីផែនការណ៍ជីវិត និងចេះរកស៊ី ដើម្បីទុកសន្សំកូនបន្ទាប់ៗ ព្រោះការពឹងផ្អែកលើឪពុកម្ដាយ និងប្ដី គឺមិនគ្រប់គ្រាន់ទេ ព្រោះត្រូវត្រៀមតាំងពីមុនកូនកើត កូនកើតហើយ កូនធំបន្តិច កូនចូលរៀន។
៣- សុខភាពការចិញ្ចឹម និងអប់រំកូនមិនបានល្អ
អ្នកស្រី សេថា វ័យ ៣៦ ឆ្នាំ និងជាមេផ្ទះ បានរៀបរាប់បទពិសោធខ្លួនថា៖ “ខ្ញុំមានកូន ៦ នាក់ កូនឲ្យញឹកស្អេកជាប់គ្នា ហើយបើមានកូនមួយណាឈឺវិញ គឺឈឺទាំងអស់តែម្ដង។ បើនិយាយពីមើលថែទាំវិញគឺមិនបានដិតដល់ទេ កូនខ្លះប្រឡូកប្រឡាក់ដី ខោអាវមិនបានបោកគក់យកមកស្លៀកឡើងវិញ ស៊ីចុកមានអីស៊ីហ្នឹង”។ អ្នកខេត្តកំពតរូបនេះ បានឲ្យដឹងទៀតថា គាត់ប្រកបរបបធ្វើចម្ការស្រែតិចតួច ហើយក៏មិនសូវយល់ដឹងពីវិធីពន្យារកំណើតអ្វីទេ រឹតតែមិនដឹងថាគួរគិតពីអនាគតកូនយ៉ាងម៉េច ដឹងត្រឹមខំរកទៅមានប៉ុនណាក៏ចាយប៉ុណ្ណឹងចុះ។
ងាកមកពីការបង្រៀនកូនវិញ ស្ត្រីវ័យកណ្ដាលរូបនេះថា មិនសូវមានពេលប៉ុន្មានដែរ ឲ្យតែកូនទៅរៀន ហើយការប្រដែប្រដៅវិញក៏មានតែខុសវ៉ៃៗ មិនដឹងនិយាយម៉េចជាមួយកូនៗ។
ផលលំបាកមិនមែនមានតែ ៣ ចំណុចនេះទេ តែ Helloគ្រូពេទ្យ បានសាកសួរពីគ្រួសារអ្នកគ្មានផែនការយកកូនមួយចំនួនធំ ហើយភាគច្រើនលើកឡើងពីរឿងទាំងនេះ។
អត្ថបទពាក់ព័ន្ធ៖ម៉ាក់ប៉ាមានទម្លាប់អាក្រក់ ៤ យ៉ាងនេះ ធ្វើកូនខូចតាំងពីតូច
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]