ម៉ាក់ៗទើបមានកូន ប្រាកដជាមាចម្ងល់ពីបញ្ហានេះហើយ ព្រោះគ្មានបទពិសោធន៍ ហើយតែងគិតថាទារកងាយនឹងមានទឹកចូលត្រចៀក។ ដើម្បីឲ្យកាន់តែដឹងច្បាស់អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាលរៀបរាប់ដូចខាងក្រោមនេះ។
១- ទារកទើបកើតនៅក្នុងពេទ្យ
ជាទូទៅទារកដែលទើបសម្រាល នឹងស្នាក់នៅមន្ទីរពេទ្យងូតទឹកមួយថ្ងៃម្ដង ដែលទឹកត្រូវងូតឲ្យកូនមានសីតុណ្ហភាពក្ដៅឧណ្ហៗ ហើយងូតនៅកន្លែងដែលមានបន្ទប់បិទជិត ដើម្បីការពារកូនពីខ្យល់ កម្ដៅ ឬធូលីដីផ្សេងៗ។ ក្រោយពីងូតរួចភ្លាម គ្រូពេទ្យត្រូវជូតសម្អាតទារក ដោយកន្សែងទន់ និងផ្លាស់ប្ដូរសម្លៀកបំពាក់។
២- ពេលទារកចេញទៅផ្ទះវិញ
កូនអាយុចាប់ពី ១ សប្ដាហ៍ឡើងទៅ ម៉ាក់ប៉ាអាចងូតទឹកឲ្យមួយថ្ងៃ ២ ដង ឬ ៣ ដងតាមអាកាសធាតុ ប្រសិនបើក្ដៅខ្លាំង។ ប៉ុន្តែម៉ាក់ៗមួយចំនួនមិនដែលងូតទឹកឲ្យកូនដល់ប៉ុណ្ណេះឡើយ ព្រោះថាមិនសូវមានជំនាញ ហើយខ្លាចទឹកចូលភ្នែក ត្រចៀក ច្រមុះកូនទៀតផង។ មួយវិញទៀតកូនខ្លះដែលមិនទាន់ជ្រុះផ្សិត ធ្វើឲ្យម៉ាក់ៗរឹតតែញញើតនឹងការងូតទឹកឲ្យ។ តែការងូតទឹកឲ្យកូនបានកាន់តែច្រើនដង ល្អចំពោះកូនទៅវិញទេ ព្រោះអាចជួយឲ្យកូនមានអារម្មណ៍ស្រស់ស្រាយ និងល្អចំពោះសុខភាពកូន ឲ្យតែម៉ាក់ប៉ាងូតទឹកជាមួយទឹកក្ដៅឧណ្ហៗ ហើយកូនតូចមិនបាច់កក់សក់ញឹកពេកទេ ម្ដងក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយមិនថានៅពេទ្យ ឬផ្ទះខ្លួនឯងទេ។
៣- របៀបកក់សក់សម្រាប់ម៉ាក់ប៉ាគ្មានបទពិសោធន
ជាជំហានដំបូងម៉ាក់ប៉ាគួរតែកក់សក់ឲ្យកូនជាមុនសិន ដោយមិនចាំបាច់ដោះសម្លៀកបំពាក់ ឬដោះសម្លៀកបំពាក់ហើយ យកកន្សែងមករុំខ្លួនឲ្យជិត ហើយយកទឹកមកផ្សើមក្បាល និងដាក់សាប៊ូកក់ និងលាងសម្អាតចេញឲ្យអស់។ ប្រសិនបើមិនហ៊ានលាងសម្អាត ខ្លាចទឹកចូលត្រចៀក ឬហៀរមកមុខ អាចជ្រលក់កន្សែងមកជូតលើសក់ បន្ទាប់មកចាំក្បង់ទឹកមកលាងជាលើកចុងក្រោយ ដោយយកម្រាមដៃបិទត្រចៀកកូន។ បន្ទាប់មកជូតសម្អាតទឹកលើក្បាលឲ្យអស់ ចាំលាកន្សែងនៅខ្លួន និងងូតត្រឹមកចុះមកក្រោម ជាការស្រេច។
ចំណាំ៖ ពេលកក់សក់ឲ្យទារកទើបកើត ដៃម្ខាងត្រូវដាក់ក្រោយខ្នងរហូតដល់គូទ ឬដាក់ដៃម្ខាងទ្រក្បាល ហើយខ្លួនទារកយកមកផ្ទប់ទ្រូងយើង និងបាតដៃត្រូវក្ដោបត្រចៀក ចៀសវាងពេលលាងសម្អាតទៅមានទឹកហូរចូលទៅក្នុងនោះ។
អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]