backup og meta

ទម្លាប់គេងមិនល្អ ក៏ធ្វើឲ្យកូនក្មេងធាត់ខ្លាំងដែរ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 07, 2019

    ទម្លាប់គេងមិនល្អ ក៏ធ្វើឲ្យកូនក្មេងធាត់ខ្លាំងដែរ!

    ទម្លាប់​គេង មាននាទីសំខាន់ណាស់សម្រាប់​សុខភាពរាង​កាយ​មនុស្ស​គ្រប់​វ័យ ហើយ​ចំពោះ​ក្មេងៗ រឹត​តែ​សំខាន់ ព្រោះ​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។ បើ​ម៉ាក់​ប៉ា បង្កើត​ទម្លាប់​គេ​មិន​ល្អដល់​កូនៗ ច្បាស់​ជា​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​មិន​ល្អ ប្រាជ្ញា​ក៏​អន់​ខ្សោយ​ទៅ​តាម​នឹង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ថា ទម្លាប់​គេង មាន​ទំនាក់​ទំនង​ទៅ​លើការ​ធាត់ខ្លាំង​ចំពោះ​ក្មេងៗ ជា​ហេតុ​ប៉ាម៉ាក់ គួរ​ពិចារណា​ឡើង​វិញ។

    ១- ទំនាក់​ទំនង​រវាង​ការ​គេង​របស់​ក្មេង​ និង​ភាពធាត់ខ្លាំង

    រយៈ​ពេល ៣ ​ទសវត្សរ៍​កន្លង​មក​នេះ ក្មេងៗ​មាន​អាយុ​ពី ២-៥ ឆ្នាំ ​អត្រា​​​ធាត់ខ្លាំង គឺ​បាន​កើន​ឡើង​រហូត​ដល់ទ្វេដង។ សម្រាប់​ក្មេង​មាន​អាយុ​ពី ៦-១១ ឆ្នាំ​ គឺ​ឡើង​ជិត ៣ដង​ ហើយ​​ក្មេង​ជំទង់​អាយុ​ពី ១២-១៩ ឆ្នាំ​វិញ​មាន​ការ​កើន​ឡើង​ទ្វេ​ដងផងដែរ។ ការ​សិក្សា​មួយ ​បាន​ធ្វើ​ឡើង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១០ បង្ហាញ​ថា​ ទារក និង​ក្មេងៗ ​គេងមិនបាន​គ្រប់​គ្រាន់​​នៅ​ពេល​យប់​ អាច​ងាយប្រឈម​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់​ មុន​ពេល​ធំ​ពេញ​វ័យ។ ដូច​គ្នា​នេះ​ដែរ​ ការ​សិក្សា​មួយ​ទៀត ​​បង្ហាញ​ថា ​ការ​គេង​ពេល​ថ្ងៃ ​គឺ​មិន​អាច​ជំនួស​ដល់​ការ​គេង​ពេល​យប់​បាន​នោះទេ។

    ២- គេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យក្មេងធាត់ខ្លាំង

    ដើម្បី​មើល​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាងទម្លាប់​គេង​របស់​ក្មេង និង​ភាព​ធាត់ ធ្លាប់មាន​ការ​សិក្សា​មួយ​ បាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Janice F. Bell រួម​ជាមួយ​សាស្ត្រាចារ្យ​នៅ​ឯសាកល​វិទ្យាល័យ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើក្មេងៗ សរុប ១,៩៣០នាក់ មាន​អាយុ​រហូត​ដល់ ១៣ ឆ្នាំ និង​​បាន​ប្រមូល​ទិន្នន័យ​ចំនួន​ពីរ​ដង ​គឺនៅ​ឆ្នាំ ១៩៩៧ និង​ឆ្នាំ ២០០២។

    គេ​បែង​ចែក​ក្មេង​ទាំង​អស់ជា​ពីរ​ក្រុម មួយ​ក្រុម​សម្រាប់​ក្មេង​ក្រោម​អាយុ ៤ឆ្នាំ និង​មួយ​ក្រុម​ទៀតសម្រាប់​ក្មេង​​អាយុ​ពី ៥-១៣ ឆ្នាំ។ ក្រោយ​ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​សន្ទស្សន៍​ម៉ាស់​រាង​កាយ (BMI) ក្មេងៗ​ទាំង​អស់​មក អ្នក​ស្រាវជ្រាវ​រក​​ឃើញ​ថា ​មានក្មេង ៣៣%​ក្នុង​ក្រុម​ទី ១ និង ៣៦% ​ក្នុង​ក្រុម​ទី ២ មាន​បញ្ហាលើស​ទម្ងន់ ឬ​ជំងឺ​ធាត់។

    ចំពោះ​ក្មេង​ក្នុង​ក្រុម​ទី ១ ដោយ​សារការ​គេង​រយៈពេល​ខ្លី​នៅ​ពេល​យប់​ បាន​ឃើញ​ថា​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​លើស​ទម្ងន់។ ចំពោះ​ក្មេង​នៅ​ក្នុង​ក្រុម​ទី ២ បាន​ឃើញ​ថា​ពួក​គេ​មាន​ពេល​វេលា​គេង​គ្រប់​គ្រាន់​នៅ​ឆ្នាំ​ដំបូង​ ហើយ​ក៏​មិន​បាន​ឃើញ​មាន​ការ​ទាក់​ទង​គ្នា​ទៅ​នឹង​ការ​ឡើង​ទម្ងន់​ដែរ។ នៅ​​ឆ្នាំ​បន្ទាប់​ទៀត​ លទ្ធផល​រក​ឃើញ​ថា ​ក្មេងៗ​មិន​មាន​ពេល​គ្រប់​គ្រាន់ដើម្បី​គេង នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពី​ទម្ងន់​ធម្មតា​ ទៅ​ជាជំងឺ​ធាត់​វិញ។ លើស​ពី​នេះ​ ការ​សិក្សារក​ឃើញទៀត​​ថា ​ការ​គេង​នៅ​ពេល​ថ្ងៃ​ អាច​មាន​ឥទ្ធិពល​តិច​តួច​លើ​ហានិភ័យ​ការ​លើស​ទម្ងន់ ឬ​ជំងឺ​ធាត់ ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ​៖

  • តើល្អទេ ឲ្យកូនតូចចូលរៀនមុនគ្រប់អាយុ?
  • ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!
  • ៣- អ្វីប៉ាម៉ាក់​គួរ​ធ្វើ

    ទោះ​បី​ជា​លទ្ធ​ផល​គួរ​ឲ្យ​ពេញ​ចិត្ត​ក៏​ដោយ ប៉ុន្តែ​មូល​ហេតុ​​ស្ថិត​នៅ​ពី​ក្រោយ​រោគ​សញ្ញា​នេះ នៅ​មិន​ទាន់​អាច​ពន្យល់​បានជាក់​លាក់​​នៅ​ឡើយ។ អ្នក​ស្រាវ​ជ្រាវ​ នៅ​តែ​មិន​ទាន់​បាន​ដឹង​ថា ​តើ​បញ្ហា​ការ​គេង ​អាច​រំខាន និង​មាន​ឥទ្ធិពល​លើ​ថាម​ពល​ក្មេង​ដូច​ម្តេច​នៅ​ឡើយ​ទេ។ ករណី​​នេះ អាច​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់​នៅ​ពេល​យប់​ អាច​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល​ ដែល​គ្រប់​គ្រង​លើ​ភាព​អស់​កម្លាំង និង​ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​ខ្លួន។

    ក្នុង​ការ​សិក្សា​បាន​បង្ហាញ​ច្បាស់​ថា ​កង្វះ​ខាតរយៈ​ពេលគេងនៅ​​ពេល​យប់ ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ស្ថាន​ភាព​ធាត់​របស់ក្មេងៗ ដូច្នេះ​ក្នុង​នាម​ជាប៉ាម៉ាក់ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គេង​កូន​ៗ​ជា​ទី​ស្រឡាញ់ឲ្យ​បាន​ត្រឹម​ត្រូវ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម