ប៉ាៗម៉ាក់ៗ ដែលមានទម្លាប់នាំកូនៗអានសៀវភៅ នៅដំណាក់កាលលូតលាស់របស់កុមារ ពិសេសនៅវ័យ២ឆ្នាំទៅអាយុ៥ឆ្នាំ ជួយធ្វើឱ្យខួរក្បាលកុមារអភិវឌ្ឍបានយ៉ាងល្អ ដែលជាសញ្ញាវិជ្ជមាន សម្រាប់ការសិក្សា ការងារ និងជីវិតរស់នៅ របស់កូននៅពេលធំឡើង។
ការសិក្សាមួយធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយមន្ទីរពេទ្យ Cincinnati Children ក្នុងរដ្ឋ Ohio បានថតស្កេនពិនិត្យខួរក្បាលកុមារ២ក្រុម ដែល១ក្រុមមានទម្លាប់អានជាមួយគ្រួសារ និង១ក្រុមទៀតចំណាយពេលច្រើនទៅអេក្រង់ទូរសព្ទ ឬ Tablet។
ជាលទ្ធផល ក្រុមគ្រូពេទ្យស្រាវជា្រវបានឃើញលើផ្ទាំងក្រាហ្វិកបច្ចេកវិទ្យា MRI ថា ខួរក្បាលរបស់ក្រុមកុមារដែលមានទម្លាប់អាន មានការអភិវឌ្ឍច្រើន ពិសេសលើផ្នែកខួរក្បាលនៃតំបន់ដែលមានមុខងារផ្នែកភាសា និងផ្នែកមុខងារសម្រាប់សរសេរ អាន ដែលជាសញ្ញាណល្អសម្រាប់ពេលពួកគេត្រៀមមុនពេលចូលរៀន។
ដោយឡែក លទ្ធផលស្កេន លើខួរក្បាលក្រុមកុមារ ដែលចំណាយពេលច្រើនលើ អេក្រង់គ្រឿងអេឡិចត្រូនិកបង្ហាញថា ពុំមានភាពប្រសើរឡើង ឬអភិវឌ្ឍឡើយ នៅលើតំបន់ខួរក្បាលដែលមុខងារជាជំនួយដល់ការរៀនសូត្រ។
លោកវេជ្ជបណ្ឌិត John Hutton អ្នកដឹកនាំការស្រាវជ្រាវខាងលើបានឱ្យដឹងថា នៅអាយុ៥ឆ្នាំដំបូងរបស់កុមារ ផ្នែកខួរក្បាលមានការវិវត្តលឿនបំផុត ដូចនេះការជជំរុញការគិតពិចារណារ តាមការអាន ជាប្រយោជន៍ធំមួយ ជួយសមត្ថភាពពួកគេ នៅពេលចូលសាលា។
លោកវេជ្ជបណ្ឌិតក៏បានលើកពី ផ្នែកនៃខួរក្បាលកុមារអំឡុងពេលវិវឌ្ឍ គឺមានកោសិកាពណ៌ប្រផេះ ដែលភ្ញោចប្រាប់ទៅរាងកាយពួកគេនូវអ្វីដែលត្រូវធ្វើ ដូចនេះការជួយរៀបចំ ជំរុញឱ្យកុមារ ពិព័ណ៌នា សួរ ពិចារណា ជាផ្នែកសំខាន់មួយជួយឱ្យពួកគេឆាប់ចាប់បាននូវសមត្ថភាពទាំងនោះ ហើយឪពុកម្តាយគ្រប់រូប អាចជួយដល់ពួកគេបាន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕