Emotional intelligence (EQ) គឺជាភាពវ័យឆ្លាតក្នុងការបង្ហាញអារម្មណ៍ និងដោះស្រាយជាមួយបញ្ហាទាំងអស់ តាមបែបវិជ្ជមាន មិនថាយើងស្ថិតក្នុងស្ថានភាពស្ត្រេសខ្លាំងយ៉ាងណាក្ដី។ មនុស្សដែលមាន EQ ខ្ពស់ ភាគច្រើនជាអ្នកពូកែខាងទំនាក់ទំនងជាមួយអ្នកដទៃ ស្វែងយល់ពីភាគីម្ខាងទៀត ហើយក៏ពូកែខាងដោះស្រាយបញ្ហា ឬរាល់បញ្ហាជម្លោះផ្សេងៗ។ ការវាយតម្លៃ និងការស្វែងយល់ គឺជាដំណើរការសំខាន់ជាងគេ អាចឲ្យយើងគិត និងជះឥទ្ធិពលល្អខ្លាំងទៅកាន់ភាគីម្ខាងទៀត។
EQ ខុសគ្នាពី IQ ដោយសារតែយើងអាចរៀនដើម្បីបង្កើនសមត្ថិភាពបាន វាមិនមែនមានពីកំណើ់តដូច IQ នោះទេ។ ភាពខុសគ្នាគឺសំខាន់ពិតមែន ប៉ុន្តែយើងត្រូវចេះបែងចែក រវាងការសិក្សាបន្ថែមអំពីសមត្ថិភាពក្នុងការបង្ហាញអារម្មណ៍ ជាមួយការប្រើប្រាស់ចំណេះដឹងនោះក្នុងតថភាពសង្គមតាមរបៀបណា។ ពេលខ្លះយើងគួរធ្វើរឿងអ្វីមួយ ប៉ុន្តែមិនមែនបានន័យថាយើងនឹងធ្វើបានមួយរយភាគរយនោះទេ។ ជាពិសេសនៅពេលយើងស្ត្រេស ឈឺក្បាលខ្លាំង យើងច្បាស់ជាមិនមានអារម្មណ៍ចង់ធ្វើអ្វីឡើយ។ ដូចនេះដើម្បីផ្លាស់ប្ដូរវិធីដោះស្រាយរាល់បញ្ហាសម្ពាធ យើងចាំបាច់ត្រូវរៀនជម្នះគ្រប់បញ្ហាស្រ្តេស ក៏ដូចជាបញ្ហាក្នុងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដើម្បីឲ្យយើងបានត្រៀមអារម្មណ៍ទុកជានិច្ច។
បើយើងសង្កេតមើលក្នុងសង្គមរាល់ថ្ងៃ យើងច្បាស់ជាឃើញថា មនុស្សជោគជ័យទាំងអស់ គឺមិនមែនសុទ្ធតែជាបុគ្គលដែលឆ្លាតជាងគេនោះទេ។ មានអ្នកខ្លះរៀនក្នុងថ្នាក់ជាប់លេខល្អជាងគេរហូត ប៉ុន្តែពេលចូលធ្វើការបែរជាមិនជោគជ័យ ហើយអាចមិនមានចំណងស្នេហាល្អ ដូចមនុស្សទូទៅបានទៀតផង។ IQ តែមួយមុខ មិនអាចកំណត់ឲ្យមនុស្សម្នាក់ត្រូវតែជោគជ័យបានទេ។ តែបើនិយាយទៅ IQ ខ្ពស់ អាចជួយឲ្យយើងប្រលងចូលសាកលវិទ្យាល័យល្អបាន ប៉ុន្តែពេលចូលរៀន គឺ EQ ទៅវិញទេ ដែលជួយឲ្យយើងអាចគ្រប់គ្រងបញ្ហាស្ត្រេស នឹងអារម្មណ៍របស់យើងបាន ពេលយើងមានការប្រលងម្ដងៗ។ IQ និង EQ មានទំនាក់ទំនងជាមួយគ្នា ជាពិសេស អាចជួយឲ្យមនុស្សម្នាក់កាន់តែជោគជ័យ ប្រសិនបើ IQ និង EQ របស់អ្នកទាំងនោះខ្ពស់ទាំងពីរ។
អត្ថបទពាក់ព័ន្ធ៖
- រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់
- ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមកនឹងរីករាយ ខួរក្បាលឆ្លាត
- អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច?
- ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?
តើ EQ ជួយយើងបានអ្វីខ្លះ?
១. ជួយកាត់បន្ថយគំនិតអវិជ្ជមាន
សម្រាប់ EQ អ្វីដែលសំខាន់ជាងគេគឺ សមត្ថិភាពនៃការគ្រប់គ្រងបានល្អប្រសើរលើអារម្មណ៍អវិជ្ជមាន ដែលវាជួយមិនឲ្យអារម្មណ៍នេះផ្ដល់បន្ទុកធ្ងន់ធ្ងរ ឬធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ដរបស់យើង។ ដើម្បីប្ដូរអារម្មណ៍របស់យើងក្នុងស្ថានភាពណាមួយ យើងត្រូវប្ដូររបៀបនៃការគិតរបស់យើងជាមុនសិន។
២. ជួយឲ្យយើងតាំងស្មារតីនឹងន និងគ្រប់គ្រងស្ត្រេសបានល្អ
មិនថាអ្នកណាក៏ដោយ សុទ្ធតែធ្លាប់ជួបបញ្ហាស្ត្រេសឈឺក្បាលមិនខានទេ។ ប៉ុន្តែការឆ្លើយតបរបស់យើងជាមួយបញ្ហាស្ត្រេសនោះ អាចធ្វើឲ្យយើងឃើញលទ្ធផលខុសគ្នាទាំងស្រុងរវាងភាពជឿជាក់ និងការមានប្រតិកម្ម ក៏ដូចជាភាពខុសគ្នារវាង ភាពរឹងមាំ និងការបាក់ស្បាត។ ពេលយើងជួបបញ្ហា អ្វីដែលត្រូវគិតដល់នោះគឺ ត្រូវរក្សាជំហឲ្យរឹងមាំ និងមានភាពជឿជាក់។
៣. ជួយឲ្យមានភាពជឿជាក់ និងបង្ហាញអារម្មណ៍ពិបាកពេលចាំបាច់
មានពេលខ្លះ កាលៈទេសៈកំណត់ឲ្យយើងត្រូវដាក់ល័ក្ខខ័ណ្ឌខ្លួនឯងឲ្យសមស្របដែលអាចឲ្យយើងចូលក្នុងសង្គមនេះចុះនឹងគេ។ យើងត្រូវរៀនប្រើសិទ្ធបដិសេធ រៀននិយាយពាក្យថា “ទេ” ដោយមិនស្ដាយក្រោយ ឬខ្លាចខុស ចេះកំណត់អ្វីជាអាទិភាព អ្វីដែលគេឲ្យតម្លៃ និងការពារខ្លួនយើងចេញពីគ្រោះថ្នាក់ទាំងឡាយ។
៤. ជួយឲ្យយើងរឹងមាំ និងមិនតបតជាមួយមនុស្សពិបាកនិយាយចូល
មិនថាអ្នកណាទេ សុទ្ធតែធ្លាប់ជួបមនុស្សនិយាយមិនចូលគ្នា។ ពេលខ្លះមនុស្សទាំងនោះ អាចធ្វើឲ្យការងាររបស់យើងរាំងស្ទះ ឬមនុស្សនោះអាចជាសមាជិកគ្រួសាររបស់យើងផងក៏ថាបាន។ មនុស្សទាំងនោះអាចធ្វើឲ្យយើងស្ត្រេស ឬបំផ្លាញអារម្មណ៍ធ្វើការរបស់យើងបានយ៉ាងងាយ។ ដូចនេះយើងត្រូវរឹងមាំ និងរកដំណោះស្រាយល្អក្នុងស្ថានភាពបែបនេះ។
អត្ថបទពាក់ព័ន្ធ៖
- ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត
- ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយអភិវឌ្ឍផ្នែកខួរក្បាលកូនៗបានល្អ
- ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូនៗអាយុក្បែរ៥ឆ្នាំ
- ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
៥. ជួយឲ្យចេះឈរក្នុងស្ថានភាពលំបាកផ្សេងៗ
ជីវិតរបស់យើងម្នាក់ៗជួបរឿងផ្សេងៗគ្នា អ្នកខ្លះជួបរឿងល្អ អ្នកខ្លះទៀតយីអ៊ុនដាក់ជួបតែស៊យ។ ប៉ុន្តែរបៀបនៃការគិត ធ្វើចិត្ដ និងសកម្មភាពរបស់យើងឆ្លើយតបជាមួយរឿងស្មុគស្មាញទាំងនោះ អាចបង្ហាញពីភាពខុសគ្នារវាងក្ដីរំពឹង ជាមួយភាពអស់សង្ឃឹម ភាពសុទិដ្ឋិនិយម ជាមួយភាពស្មុគស្មាញ ឬជ័យជម្នះ ជាមួយភាពបរាជ័យ។ រាល់បញ្ហាដែលយើងបានជួប ត្រូវសួរខ្លួនឯងថា “តើបញ្ហានេះ ជួយបង្រៀនអ្វីខ្លះដល់យើង?” “តើយើងបានយល់អ្វីខ្លះពីវា?” “តើអ្វីជាចំណុចសំខាន់ក្នុងបញ្ហាមួយនេះ?” និងសួរថា “បើយើងគិតបានទូលំទូលាយ តើយើងនឹងទទួលបានចម្លើយល្អៗបែបណាខ្លះ?” បើយើងចេះសួរខ្លួនឯង ជាមួយសំនួរល្អៗឲ្យបានកាន់តែច្រើន នោះយើងនឹងទទួលបានចម្លើយល្អៗតបមកវិញកាន់តែច្រើនដូចគ្នាដែរ។ ត្រូវសួរពឹងលើការសិក្សា និងអាទិភាព នោះយើងនឹងទទួលបានចម្លើយដែល ជួយឲ្យយើងចេះប្រឈមមុខជាមួយរាល់បញ្ហាលំបាកផ្សេងៗ។
៦. ជួយក្នុងការបង្ហាញអារម្មណ៍ទៅកាន់មនុស្សជុំវិញខ្លួន
របៀបនៃការបង្ហាញអារម្មណ៍ល្អ និងរបៀបដោះស្រាយបញ្ហា ក៏ដូចជាការបង្ហាញអារម្មណ៍ស្រលាញ់ គឺជាវត្ថុសំខាន់ៗ ក្នុងការរក្សាទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួន។ គេចង់ឲ្យយើងចេះបង្ហាញអារម្មណ៍ជិតស្និទ្ធជាមួយមនុស្សជុំវិញខ្លួនឲ្យបានសមរម្យ ដើម្បីរក្សាទំនាក់ទំនងនោះឲ្យនៅរឹងមាំ និងកាន់តែប្រសើរជាងមុនថែមទៀត ហើយអាចឲ្យយើងចេះឆ្លើយតបសមស្រប បើភាគីម្ខាងទៀត ចេះបង្ហាញអារម្មណ៍បែបនេះមកកាន់យើង។
តើ EQ មានសារៈសំខាន់បែបណា?
EQ មានសារៈសំខាន់សម្រាប់យើងទាំងនៅសាលា និងនៅកន្លែងធ្វើការ។ EQ អាចជួយឲ្យយើងដើរចូលក្នុងសង្គម ឬកន្លែងការងារដែលមានស្ថានភាពរញ៉េរញ៉ៃ និងក៏ជួយឲ្យយើងលើកទឹកចិត្ដអ្នកជុំវិញខ្លួន ឬជួយឲ្យយើងក្លាយជាបុគ្គលិកគម្រូនៅកន្លែងធ្វើការជាដើម។ នាពេលបច្ចុប្បន្ននៅកន្លែងសម្ភាសន៍ការងារ ក្រុមហ៊ុនជាច្រើន ជ្រើសរើសបុគ្គលិកដោយមើលសំខាន់លើ EQ របស់បេក្ខជនដាក់ពាក្យ និងប្រើតេស្ដវាស់ស្ទង់ EQ របស់ពួកគេ មុនពេលសម្រេចចិត្ដជួលបុគ្គលនោះ។
EQ ជួយដល់សុខភាពរាងកាយរបស់យើង៖ ប្រសិនបើយើងមិនចេះគ្រប់គ្រងអារម្មណ៍បានទេ យើងក៏ប្រហែលជាមិនអាចគ្រប់គ្រងស្រ្តេសក្នុងខ្លួនរបស់យើងបានដែរ។ បញ្ហាស្ត្រេសនេះ អាចបណ្ដាលឲ្យសុខភាពរបស់យើងចុះទ្រុឌទ្រោម។ ពេលយើងមិនអាចគ្រប់គ្រងស្ត្រេសបាន អាចបណ្ដាលឲ្យកើតជាជំងឺលើសសម្ពាធឈាម ប្រព័ន្ធការពារក្នុងខ្លួនធ្លាក់ចុះ អាចប្រឈមជាមួយជំងឺគាំងបេះដូង ឬស្ទះដាច់សរសៃឈាមក្នុងខួរក្បាល មិនអាចមានកូន ឬអាចបណ្ដាលឲ្យយើងឆាប់ចាស់មុនអាយុជាដើម។ ដូចនេះវិធីជួយបង្កើនសមត្ថិភាព EQ ដំបូងគេ គឺត្រូវរៀនគ្រប់គ្រង និងកាត់បន្ថយស្ត្រេសចេញពីក្នុងខ្លួនជាមុនសិន។
EQ ជួយដល់សុខភាពផ្លូវចិត្ដ៖ អារម្មណ៍មិនអាចគ្រប់គ្រងបាន ជាមួយបញ្ហាស្ត្រេស អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ ធ្វើឲ្យយើងប្រឈមមុខជាមួយជំងឺថប់បារម្ម ឬជំងឺបាក់ទឹកចិត្ដខ្ពស់។ ប្រសិនបើយើងមិនអាចយល់ ឬពិបាកក្នុងការសម្រប ឬមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន យើងនឹងប្រឈមមុខពិបាកបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដែលវានឹងបណ្ដាលឲ្យកើតជាអារម្មណ៍ឯកា និងមិនមានអ្នកណានៅជាមួយ។
EQ ជួយក្នុងទំនាក់ទំនងរបស់យើង៖ ពេលយើងអាចយល់ និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន យើងក៏អាចបញ្ចេញអារម្មណ៍ ឬយល់អំពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនបានកាន់តែប្រសើរ។ ដូចនេះយើងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អ មិនថានៅកន្លែងធ្វើការ ឬទំនាក់ទំនងក្នុងក្រុមគ្រួសារក៏ដោយ។
[embed-health-tool-vaccination-tool]