ទឹកដោះគោ (milk ) គឺអាហារដ៏ល្អមួយសម្រាប់ក្មេង ព្រោះទឹកដោះគោគឺជាប្រភពដ៏ល្អសម្រាប់ប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន D និងកាល់ស្យូម។ ប៉ុន្តែប្រសិនជាក្មេងផឹកទឹកដោះគោច្រើនពេកអាចមានផលប៉ះពាល់មួយចំនួនផងដែរ។
១. ទល់លាមក
បញ្ហាដែលក្មេងតែងជួបប្រទះនៅពេលផឹកទឹកដោះគោច្រើនគឺទល់លាមក។ នេះមកពីទឹកដោះគោមិនមានជាតិសរសៃ ហើយក្មេងដែលផឹកច្រើនអាចនឹងឆ្អែត និងញ៉ាំអាហារដែលមានជាតិសរសៃតិចជាងមុន។ បញ្ហានេះតែងកើតមានទៅលើក្មេងអាយុ ២-៥ ឆ្នាំដែលផឹកទឹកដោះគោច្រើនជាង ៤៧០មិល្លីលីត្រក្នុងមួយថ្ងៃ។
២. ជំងឺធាត់
ក្រៅពីទល់លាមក បញ្ហាធំមួយទៀតនៃការផឹកទឹកដោះគោច្រើនគឺកាឡូរីច្រើនដែលក្មេងទទួលបាន។ កាឡូរីដ៏ច្រើននេះជាមូលហេតុធ្វើឲ្យក្មេងឆ្អែត និងមិនចង់ញ៉ាំអាហារមានសារធាតុចិញ្ចឹមផ្សេងទៀត ឬបើក្នុងករណីក្មេងនៅតែអាចញ៉ាំអាហារផ្សេងទៀតបាន នោះកាឡូរីបន្ថែមនេះអាចបង្កឲ្យក្មេងលើសទម្ងន់។ ជាទូទៅក្មេងអាយុ ១-៣ ឆ្នាំត្រូវការកាឡូរី ១៣០០ កាឡូរីក្នុងមួយថ្ងៃ ហើយការផឹកទឹកដោះគោពី ៩០០ មិល្លីលីត្រទៅ ១,៥ លីត្រក្នុងមួយថ្ងៃ ក្មេងនឹងទទួលបាន ៦០០ ទៅ ៩០០ កាឡូរី។
៣. កង្វះជាតិដែក
ក្មេងដែលផឹកទឹកដោះគោច្រើនតែងមានហានិភ័យជំងឺស្លេកស្លាំងដោយខ្វះជាតិដែក។ នេះមកពីទឹកដោះគោមិនមានជាតិដែក ហើយការផឹកទឹកដោះគោច្រើនធ្វើឲ្យក្មេងឆ្អែត និងមិនចង់ញ៉ាំអាហារផ្សេងទៀតដូចជាអាហារសម្បូរជាតិដែកជាដើម។ ប្រសិនជាជំងឺស្លេកស្លាំងនេះធ្ងន់ធ្ងរ ក្មេងអាចនឹងត្រូវបញ្ចូលឈាម។
យ៉ាងណាមិញ ម៉ាក់ប៉ាអាចនឹងបង្ការបញ្ហាទាំងនេះបានដោយកាត់បន្ថយបរិមាណទឹកដោះគោដែលកូនផឹកដោយឲ្យកូនផឹកទឹកដោះគោមានជាតិខ្លាញ់ទាបពេលកូនអាយុ ២ ឆ្នាំ និងកាត់បន្ថយបរិមាណទឹកដោះគោដែលកូនផឹកក្នុងមួយថ្ងៃ។ សម្រាប់ក្មេងដែលមិនមានបញ្ហាកង្វះជាតិដែក ញ៉ាំអាហារបានច្រើន មិនទល់លាមក និងឡើងទម្ងន់ធម្មតា ការផឹកទឹកដោះគោច្រើនគឺមិនមានអ្វីគួរឲ្យបារម្ភទេ។
[embed-health-tool-vaccination-tool]