អ្នកណាក៏ដឹងដែរថា អាអូនតូចទាមទារឲ្យមានការថែទាំខ្លាំងពីម៉ាក់ប៉ា ឬអ្នកមើលថែ ព្រោះក្មេងនៅតូចអាចឆាប់ឆ្លង ឬកើតជំងឺផ្សេងៗ មិនថា ជំងឺនោះស្រាល ឬជំងឺធ្ងន់ធ្ងរទេ។ ក្នុងនោះ ស្បែករបស់កុមារក៏ឆាប់មានបញ្ហាកើតឡើងដែរ ហើយវាអាចបង្កឡើងដោយបញ្ហាសាមញ្ញមួយ តែម៉ាក់ប៉ាមួយចំនួនមិនបានចាប់អារម្មណ៍។
លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន នៃមន្ទីរសម្រាកព្យាបាល Maxi Care បានឲ្យដឹងថា ការដែលអាអូនតូចៗមានបញ្ហានៅស្បែកដូចជា ឡើងកន្ទួលក្រហម នៅលើមុខ ថ្ពាល់គឺអាចបណ្ដាលមកពីក្មេងនោះមានបញ្ហាអាលែកហ្សីជាមួយទឹកដោះគោ ដែលកំពុងញ៉ាំនោះហើយ។ ក្រៅពីមានបញ្ហាលើស្បែក អាអូនអាចចេញសញ្ញារួមផ្សំមួយចំនួនដែលម៉ាក់ប៉ាគួរយកចិត្តទុកដាក់ដូចជា៖
– មួរម៉ៅច្រើន
– យំច្រើន
– ហើមពោះ
- ឆ្អល់ ឬឈឺពោះ
– ចង្អោរ
លើសពីរោគសញ្ញាដែលបានរៀបរាប់ខាងលើ នៅពេលដែលអាអូនតូចៗអាលែកហ្សីនឹងទឹកដោះគោ វាក៏ងាយនឹងធ្វើឲ្យអាអូនកើតរាករូសដែរ។
វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា ក្នុងករណីដែលកូនមានរាកផង ចេញរោគសញ្ញាខាងលើនេះផង ម៉ាក់ប៉ាមិនត្រូវផ្ដល់ថ្នាំផ្ដេសផ្ដាសឲ្យកូនញ៉ាំនោះទេ គឺត្រូវនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ហើយបើកូនអាលែកហ្ស៊ីនឹងទឹកដោះគោអ៊ីចឹង គឺត្រូវតែប្ដូរទឹកដោះគោ ឲ្យកូនបៅទឹកដោះពពែ ឬទឹកសណ្តែកវិញ ព្រោះបើបន្តឲ្យកូនបៅអាចធ្វើឲ្យកូនមានបញ្ហាធ្ងន់ធ្ងរ។
[embed-health-tool-vaccination-tool]