តំបន់ជាយក្រុងញូយ៉ក នៅអាមេរិក បានចេញបម្រាម មិនអនុញ្ញាតឲ្យកុមារ ពុំទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ចេញទៅទីសាធារណៈ ដូចជាសាលារៀន ផ្សារទំនើបនានា ខណៈតំបន់នេះ កំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងជំងឺកញ្រ្ជឹលអាក្រក់បំផុត ប៉ុន្មានទសវត្សចុងក្រោយនេះ។
តំបន់ Rockland County បានប្រកាសភាពអាសន្ន កាលពីថ្ងៃទី ២៦ ខែមីនា ២០១៩ និងចេញបម្រាម ៣០ថ្ងៃ ឬរហូតដល់ក្មេងៗពុំទទួលបានវ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ស្រឡទែន និងស្អួច ទទួលបានវ៉ាក់សាំងនេះ។
សេចក្តីប្រកាសរបស់តំបន់ Rockland គឺក្រោយការផ្ទុះជំងឺកញ្រ្ជឹល នៅរដ្ឋកាលីហ្វ័រញ៉ា អ៊ីលីណស តិចសាស់ វ៉ាស៊ីតោន និងជាផ្នែកមួយ នៃការងើបឡើងជាសាកល នៃការឆ្លងមេរោគនេះ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក។
នៅក្នុងតំបន់ Rockland មានការឆ្លងជំងឺកញ្រ្ជឹលចំនួន ១៥៣ ករណីហើយ ដោយភាគច្រើនក្នុងចំណោមក្មេងទាំងនោះ ពុំទទួលបានវ៉ាក់សាំងនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- អ៊ីតាលីចេញច្បាប់ថ្មី “ក្មេងអត់ចាក់វ៉ាក់សាំងត្រឹមត្រូវ អត់ឲ្យចូលរៀន’
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ
យោងតាមនាយកដ្ឋានសុខាភិបាលក្រុងញូយ៉ក ការផ្ទុះឡើងជំងឺនេះ បានចាប់ផ្ដើមនៅពេលអ្នកដំណើរម្នាក់ ធ្វើដំណើរទៅប្រទេសអ៊ីស្រាអ៊ែល ដោយត្រឡប់មកវិញ ចូលទៅតំបន់សម្បូរជនជាតិជ្វីសរស់នៅ ជាប់ជាយក្រុង Rockland County។ បន្ទាប់មក មានករណីជំងឺកញ្រ្ជឹល ១៨១ករណី ត្រូវបានបញ្ជាក់ថា បានកើតមាននៅក្នុងទីប្រជុំជន Brooklyn និង Queens របស់បុរីញូយ៉ក ដែលភាគច្រើនជាជនជាតិជ្វីសរស់នៅ។ ។
អាជ្ញាធរអាមេរិក បញ្ជាក់ថា ជំងឺនេះ បានរីករាលដាលភាគច្រើន ក្នុងចំណោមក្មេងៗមានអាយុអាចចូលរៀន ហើយឳពុកម្ដាយរបស់ពួកគេ បានបដិសេធនាំក្មេងទាំងនោះ ទៅទទួលវ៉ាក់សាំងការពារ។ ការបដិសេធនេះ ដោយសារមូលហេតុនៃជំនឿបែបសាសនា និងទស្សនវិទ្យា ឬការព្រួយបារម្ភអំពីវាក់សាំងការពារជំងឺកញ្រ្ជឹល អាចបង្កជា ជំងឺអូទីស្សឹម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]