ពីមុនមក បញ្ហាលើសកូលេស្តេរ៉ូលនេះត្រូវបានគេគិតថាអាចកើតឡើងតែលើមនុស្សចាស់ ក៏ប៉ុន្តែលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញឲ្យឃើញថាកំណកដុំខ្លាញ់ទាំងនោះអាចចាប់ផ្តើមកកើតឡើងតាំងពីកុមារភាពមកម្ល៉េះ។
រាងកាយរបស់ក្មេងៗត្រូវការកូលេស្តេរ៉ូលដើម្បីការពារសរសៃប្រសាទ ក៏ដូចជាផលិតជាលិកាថ្មីៗ និងពពួកអ័រម៉ូនមួយចំនួន ក៏ប៉ុន្តែ ប្រសិនបើបរិមាណរបស់វាមានច្រើនលើបលុបពេក វាអាចធ្វើឲ្យខូចរចនាសម្ព័ន្ធរបស់សរសៃឈាម។ ប្រសិនបើក្មេងមានបញ្ហាលើសកូលេស្តេរ៉ូលនេះ គប្បីតាមដានការញ៉ាំអាហារឲ្យបានដិតដល់ដើម្បីប្រាកដថាកូនញ៉ាំអាហារមានតុល្យភាព។ វិធីមួយចំនួនខាងក្រោមនេះអាចជួយឲ្យម៉ាក់គ្រប់គ្រងកម្រិតកូលេស្តេរ៉ូលដល់កូន។
១– អានព័ត៌មាននៅលើស្លាកសញ្ញាចំណីអាហារដោយប្រុងប្រយ័ត្ន
ជាទូទៅ ស្លាកសញ្ញារបស់ម្ហូបអាហារផ្តល់ព័ត៌មានទាក់ទងទៅនឹងគ្រឿងផ្សំរបស់វា ដូចជា ចំនួនកាល់ឡូរី អាហារូបត្ថម្ភ និងប្រភពខ្លាញ់របស់វា។ គប្បីជៀសវាងរាល់ពពួកអាហារដែលមានតែកាល់ឡូរីសុទ្ធ សម្បូរកូលេស្តេរ៉ូល ខ្លាញ់ឆ្អែត និងគ្រឿងផ្សំមិនល្អផ្សេងៗទៀត។
២– កាត់បន្ថយការញ៉ាំសារធាតុខ្លាញ់
ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំពពួកក្រុមអាហារ ៥ យ៉ាងនេះជំនួសវិញមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សណ្តែក និងត្រី។ ប្រភេទអាហារទាំងនេះមានកូលេស្តេរ៉ូលតិច ហើយក៏អាចជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ូលក្នុងខ្លួនបានមួយកម្រិតផងដែរ។
ប្រសិនបើកូនចង់ញ៉ាំសាច់ ប៉ាម៉ាក់អាចឲ្យកូនព្យាយាមញ៉ាំពពួកសាច់សុទ្ធ ឬក៏ឆ្កឹះខ្លាញ់ចេញ (ប្រសិនបើសាច់ដែលញ៉ាំសម្បូរខ្លាញ់)។ ចំពោះទឹកដោះគោវិញ គប្បីឲ្យគេទទួលទានពពួកទឹកដោះគោដែលមានខ្លាញ់ទាបផងដែរ។ មួយវិញទៀត គប្បីឲ្យកូនញ៉ាំពពួកបឺរ ឬប្រេង Magarine ជាជាងបឺរធម្មតា ព្រោះមានសារធាតុខ្លាញ់ឆ្អែតតិចជាង។ គប្បីឲ្យកូនជៀសវាងរាល់ការទទួលទានអាហារដែលសម្បូរទៅដោយពពួកខ្លាញ់មិនឆ្អែត Trans fats ឬ ប្រេង hydrogenated ផងដែរ។
៣– ជ្រើសរើសអាហារសម្រន់ដោយប្រុងប្រយ័ត្ន
ពពួកនំឃុកឃី (Cookies) និងនំCrackers មិនមែនជាជំរើសអាហារសម្រន់ល្អនោះទេ។ គប្បីព្យាយាមឲ្យពួកគេញ៉ាំពពួកបន្លែផ្លែឈើជំនួសវិញ។ ប៉ាម៉ាក់អាចសាកល្បងធ្វើអាហារសម្រន់ឲ្យកូនដោយខ្លួនឯង ហើយបើចង់បានរសជាតិឆ្ងាញ់នោះ អាចសាកល្បងចិតផ្លែប៉ោមជាចំណិតៗ រួចដាក់បឺរសណ្តែកដីលាយជាមួយនឹងទឹកដោះគោជូរដែលមានខ្លាញ់តិច។ ទឹកផ្លែឈើស្រស់ និងពពួកបន្លែឆៅ ដូចជា ការ៉ុតតូចៗ ឬក៏ពោតលីងសាបក៏ជាជម្រើសល្អមួយផងដែរ។
៤– ឲ្យកូនញ៉ាំអាហារថ្ងៃត្រង់មានតុល្យភាព
ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំអាហារថ្ងៃត្រង់ដែលសម្បូរអាហារូបត្ថម្ភ ក៏ប៉ុន្តែមានជាតិខ្លាញ់ទាប ហើយគួរតែព្យាយាមឲ្យកូនញ៉ាំបន្លែសម្បូរជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ មួយវិញទៀត ព្យាយាមពន្យល់កូនឲ្យកាត់បន្ថយ ឬបើអាច ឈប់ញ៉ាំអាហារដែលលក់នៅសាលា ដូចជា ពពួកនំកញ្ចប់សម្បូរជាតិខ្លាញ់ គ្រឿងកំប៉ុង និងទឹកក្រូចជាដើម។
៥– កុំតឹងរឹងពេក
ក្មេងត្រូវការពេលលេង និងសម្រាក។ ទោះបីជាកូនមានបញ្ហាលើសកូលេស្តេរ៉ូល មិនមែនមានន័យថាមិនអាចទៅចូលរួមលេងសប្បាយកម្មវិធីខួបកំណើត ឬជប់លៀងជាមួយមិត្តភក្តិទាំងអស់នោះទេ។ គប្បីទុកថ្ងៃឲ្យកូនញ៉ាំការ៉េម ភីហ្សា និងអាហារដែលគេចង់ញ៉ាំខ្លះ តែមិនមែនរាល់ថ្ងៃនោះទេ ក្រៅពីថ្ងៃសម្រាកនេះត្រូវប្រាកដថាកូនញ៉ាំអាហារដែលមានតុល្យភាពជារៀងរាល់ថ្ងៃ។
[embed-health-tool-vaccination-tool]