ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
កន្លងមកយើងប្រាកដជាធ្លាប់បានឃើញពីព័ត៌មានអ្នកដែលកើតមានជើង ឬដៃធំម្ខាងៗ តែមិនដឹងពីប្រភព និងវិធីការពារខ្លួនពីជំងឺនេះឡើយ។
ថ្ងៃនេះវេជ្ជបណ្ឌិត ហ៊ាង រតនា បានបកស្រាយឲ្យដឹងពីប្រភព និងវិធីការពារខ្លួនពីជំងឺនេះ។ លោកថាប្រសិនបើយើងហ៊ានប្រហែសអាចនឹងកើត ជំងឺនេះគ្រប់គ្នា តែទោះជាបែបនេះក្ដីយើងអាចការពារខ្លួនពីជំងឺនេះបាន។ ជំងឺនេះគេហៅថា Filariasis ដែលបង្កឡើងដោយ «មូស ឬរុយខ្មៅ Black Flies ដែលផ្ទុកសត្វល្អិត (ព្រូន Roundworm)» ខាំ។
លោកបន្ថែមទៀតថា ជំងឺនេះអាចកើតនៅលើ ជើង ដៃ សុដន់ និងពងស្វាស ហើយនៅពេលវាកើតនៅលើជើងគេហៅថា elephantiasis (ជើងដូចដំរី)។ មេរោគនេះប៉ះពាល់លើមនុស្សជាច្រើនលើពិភពលោក រៀងរាល់ឆ្នាំ ហើយភាគច្រើនប៉ះលើអ្នកក្រីក្រ ដោយសារកង្វះការថែរក្សាសុខភាព និងអនាម័យ។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅបានបន្ថែមទៀតថា មេរោគនេះជាប្រភេទដូចសត្វល្អិត (ព្រូន) ពេលវាឆ្លងចូលក្នុងឈាមយើងតាមរយៈមូស ឬរុយដែលផ្ទុកព្រូននេះខាំ ពួកព្រូនទាំងនោះវាទៅធ្វើឲ្យស្ទះប្រព័ន្ធទឹករងៃ ដែលធ្វើឲ្យអវយវៈដែលប៉ះពាល់ប្រែទៅជារីកធំដោយសារវាចាល់ទឹករងៃ។
ចំណែកការពិនិត្យ គឺគ្រូពេទ្យជំនាញនឹងរកមើលមេរោគនេះនៅក្នុងឈាមដោយការឆ្លុះមីក្រូស្កុប (បូមឈាម និងឆ្លុះនៅពេលយប់ប្រសិទ្ធភាពខ្ពស់)។ ដើម្បីការពារមេរោគនេះ យើងត្រូវការពារកុំឲ្យមូស និងរុយខ្មៅខាំ ហើយត្រូវលេបថ្នាំទម្លាក់សត្វល្អិតឲ្យបានទៀងទាត់ ដោយលេបរៀងរាល់ ៣ ទៅ ៦ ខែម្ដង និងឆាប់ស្វែងរកពិនិត្យពិគ្រោះជាមួយគ្រូពេទ្យនៅពេលអវយវៈណាមួយលេចឡើងខុសប្រក្រតី (ពេលវានៅតូច)។
[embed-health-tool-bmi]