វ៉ាក់សាំងការពារកូវីដ-១៩ មានទម្រង់អីខ្លះ?

    វ៉ាក់សាំងការពារកូវីដ-១៩ មានទម្រង់អីខ្លះ?

    វ៉ាក់សាំង​កូវីដ-១៩កំពុងចរាចរណ៍​ឲ្យ​ប្រជាជន​ទូទាំង​ពិភពលោក​បាន​ចាក់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​ដូច​កូវីដ-១៩​នេះ។ គ្នា​យើង​មាន​ដែល​ឆ្ងល់​ទេ​ថា វ៉ាក់សាំង​កូវីដ-១៩​ទាំង​នោះ មាន​ប៉ុន្មានទម្រង់​? អ្វី​ខ្លះ​?

    យោង​តាម​Unicef កម្ពុជា បាន​ឲ្យ​ដឹង​ថា មាន​វ៉ាក់សាំង​កូវីដ-១៩ ជា​ច្រើន​ប្រភេទ ដែល​ត្រូវ​បាន​អភិវឌ្ឍ​កន្លង​មក និង​ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍននា​ពេលបច្ចុប្បន្ន​ដូច​ជា៖

    ១. វ៉ាក់សាំងដែលប្រើប្រាស់វីរុស​ដែលលែងអាច​ធ្វើ​សកម្មភាព​ទៀត​បាន ឬវីរុសដែល​ត្រូវ​បានគេ​បន្សាប ដោយ​ប្រើប្រាស់​ទម្រង់​វីរុស​ដែល​ត្រូវ​បាន​គេ​បន្សាប​លែង​ឲ្យ​អាច​ធ្វើ​សកម្មភាព​ទៀត ឬ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ ដើម្បី​កុំ​ឲ្យ​វា​អាច​បង្ក​ជា​ជំងឺ ប៉ុន្តែ​នៅ​តែ​អាច​ភ្ញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ឆ្លើយតបទៅនឹង​ជំងឺបាន

    ២. វ៉ាក់សាំង​ដែល​ផលិត​ពី​ប្រូតេអ៊ីន ដោយ​ប្រើ​ប្រាស់​បំណែក​ប្រូតេអ៊ីន​ដែល​មិន​បង្ក​គ្រោះ ឬ​សំបក​ប្រូតេអ៊ីន​ធ្វើ​ត្រាប់​តាម​វីរុស​កូវីដ-១៩ ដើម្បី​នាំ​ប្រព័ន្ធ​ភាពស៊ាំ​អាច​ឆ្លើយ​ចំពោះ​វីរុស​នេះ​ប្រកប​ដោយ​សុវត្ថិភាព

    ៣. វ៉ាក់សាំង​ដោយ​ប្រើ​ប្រាស់​វ៉ិចទ័រ​របស់​វីរុស ជា​ប្រភេទ​វ៉ាក់សាំង​ប្រើ​ប្រាស់​វីរុស​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កែ​ប្រែ​ហ្សែន​របស់​វា ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្ក​ជំងឺ​ទៀត ប៉ុន្តែ​នៅ​តែ​អាច​ផលិត​ប្រូតេអ៊ីន​វីរុស​កូវីដ-១៩ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​អាច​ឆ្លើយ​តប​ចំពោះ​ពពួក​នេះ​ប្រកប​ដោយ​សុវត្ថិភាព

    ៤. វ៉ាក់សាំង RNA និង DNA – វិធីសាស្ត្រ​ផលិតវ៉ាក់សាំង​បែបថ្មី ដោយ​ប្រើប្រាស់ RNA ឬ DNA ដែល​ត្រូវ​បាន​កែ​ប្រែ​ហ្សែន ដើម្បី​ផលិតប្រូតេអ៊ីន ដែល​អាច​ជួយភ្ញោច​ឲ្យ​ប្រព័ន្ធភាពស៊ាំ​ធ្វើការ​ឆ្លើយតប​ចំពោះវីរុស​ប្រកប​ដោយ​ប្រសិទ្ធភាព។

    Unicef កម្ពុជា​បន្ត​ថា វ៉ាក់សាំង​ប្រភេទ​ផ្សេងគ្នា មានលក្ខណៈខុសៗគ្នា ដូចជា ភាពខ្លាំងនៃ​ការ​ឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ ចំនួនដូស​ដែលត្រូវ​ចាក់ សុវត្ថិភាព តម្រូវការ​ប្រព័ន្ធ​ត្រជាក់ដើម្បីរក្សាទុក និង​រយៈពេល​ផលិតជាដើម។ ចំណុច​ដែលសំខាន់ផងដែរនោះ គឺត្រូវ​ចាំថា ភាព​ស៊ាំអាចការពារ​អ្នកមិន​ឱ្យ​កើត​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ។ យើង​មិនទាន់​ដឹងនៅឡើយទេ ថាតើ​វ៉ាក់សាំងអាច​ការពារមិន​ឱ្យអ្នក​ណា​ម្នាក់​ឈឺ ជាមួយ​នឹង​វីរុសដែលបង្កជំងឺកូវីដ-១៩ បានល្អ​កម្រិត​ណា​នោះ។

    វ៉ាក់សាំង

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 28/04/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត