backup og meta

មិនចង់ឲ្យមានបញ្ហាចុករួយកញ្ចឹងកនៅកន្លែងធ្វើការ សាកតិចនិចទាំង ៧ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 22, 2020

    មិនចង់ឲ្យមានបញ្ហាចុករួយកញ្ចឹងកនៅកន្លែងធ្វើការ សាកតិចនិចទាំង ៧ យ៉ាងនេះ

    អង្គុយ​ធ្វើ​ការ​ក្នុង​ Office ពេញ​មួយ​ថ្ងៃៗ គឺ​ពិបាក​គេច​ពី​បញ្ហា​ឈឺ​រួយ​កញ្ចឹង​ក​ណាស់។ មូល​ហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ក​របស់​យើង​​ឈឺ​ក្នុង​នោះ​រួម​មាន អង្គុយ​មិន​ត្រង់​ខ្លួន រៀប​តុ​​មិន​ត្រឹម​ត្រូវ រៀប​អេក្រង់​កុំព្យូទ័រ​មិ​ន​បាន​ល្អ កៅអី​អង្គុយ​មិន​ស្រួល ហើយ​​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​ស្ត្រេស​នៅ​កន្លែង​ការ​ងារ​ដែរ។ ការ​ដែល​កាច់​ពត់​ក​លឺ​សូរ​ក្រឹក​ៗ ឬ​រួយ​កញ្ចឹង​ក​ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​រាង​កាយ។ ដូច​នេះ​យើង​​គួរ​តែ​ចេះ​ការ​ពារ​​ទុក​ជាមុន​ដោយ​​អាច​សាក​ល្បង​តិច​និច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​បាន។

    ១- អង្គុយឲ្យត្រឹមត្រូវ

    ពេល​​​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​សារ៉េ​កៅ​អី​ឲ្យ​អង្គុយ​ទៅ​ស្រួល​មាន​ផាសុកភាព។ អង្គុយ​ដាក់​គូទ​លើ​កៅ​អី ហើយ​ដាក់​ជើង​លើ​កម្រាល​រាប​ស្មើ និង​ផ្អែក​ខ្នងឲ្យ​ត្រង់​ជាមួយ​កៅ​អី។ ក្បាល​របស់​យើង​​ត្រូវ​ដាក់​ឲ្យ​ត្រង់ ដោយ​ដាក់​ត្រចៀក​ឲ្យ​ចំ​ពី​លើ​ស្មា និង​មិន​ត្រូវ​ឱបមុខ​ចុះ​ក្រោម​ពេក​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ:

    ២- រៀបចំអេក្រង់កុំព្យូទ័រ 

    ត្រូវ​ដាក់​អេក្រង់​កុំ​ព្យូទ័រ​ឲ្យ​ត្រង់​ទល់​មុខ និង​មិន​ត្រូវ​ដាក់​​ទាប​ពេក ដែល​អាច​ឲ្យ​យើង​ត្រូវ​ឱន​​មុខ​ទៅ​ក្រោម​សម្លឹង​ឡើយ​។ ពេល​​មាន​អារម្មណ៍​ចុក​ក យើង​​អាច​សារ៉េ​អេក្រង់​កុំព្យូទ័រ​ឡើង​លើ​បន្តិច បើសង្កេត​ឃើញ​ថាយើង​កំពុង​​ព្យាយាម​សម្លឹង​ចុះ​ក្រោម។ បើ​សិន​ជា​យើង​​ប្រើ​កុំ​ព្យូទ័រ​យួរ​ដៃ​សម្រាប់​ធ្វើ​ការ​​គួរ​ភ្ជាប់​វា​ជាមួយ​អេក្រង់​ធំ​ដាក់​នៅ​លើ​តុ ដើម្បី​ងាយ​ស្រួល​មើល និង​អាច​ឲ្យ​ក្បាល​របស់​​យើង​​ត្រូវ​គ្នា​ជាមួយ​អេក្រង់​ធំ​ មិន​ពិបាក​សម្លឹង​ធ្វើ​ឲ្យ​ចុក​ក។ ដាក់​ក្ដារ​ចុច​ឲ្យ​នៅ​ជិត​ខ្លួន ដើម្បី​ឲ្យ​កែង​ដៃ​បត់​បាន ៩០​ដឺក្រេ នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​កែង​ដៃ​ប្រឹង​ និង​ឈឺ​ឡើយ។

    ៣- ដកឃ្លាងើបឈរខ្លះ

    ពេល​អង្គុយ​លើ​កៅ​អី​យូរ​រាប់​ម៉ោង ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​មិន​ល្អ​ដល់​ក ក៏​ដូច​ជា​ខ្នង​​ឡើយ។ ដូច​នេះ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ យើង​​គួរ​ដក​ឃ្លា​ងើប​ឈរ​ឲ្យ​បាន​យ៉ាង​តិច​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង​ដែរ។ វិធី​មួយ​ទៀតយើង​​អាច​ប្រើ​តុ​ដែល​អាច​សារ៉េ​បាន ដែល​តុ​នោះ​អាច​ឲ្យ​យើង​​ប្ដូរ​ពី​អង្គុយ​ទៅ​ឈ​តាម​ចិត្ដ​បាន​គ្រប់​ពេល។

    ៤- កាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ

    ឧទាហរណ៍ ពេល​យើង​​កាន់​ទូរសព្ទ​ដើម្បី​ នោះ​ទូរសព្ទ​ត្រូវ​ដាក់​ស្មើ​នឹង​ដើម​ទ្រូង ឬ​ក្រោម​ទ្រូង​បន្តិច ដូច​នេះ​ទោះ​ចង់​ឬ​មិន​ចង់ ​ចាំ​បាច់​ត្រូវ​បត់​ក​ឱន​ចុះ​ក្រោម ដើម្បី​មើល​អេក្រង់​របស់​វា។ ពេល​យើង​ខំ​ឱន​សម្លឹង​​កាន់​តែ​យូរ សាច់​ដុំ​នឹង​ចាប់​ផ្ដើម​ឈឺ ហើយ​បើ​កាន់​តែ​យូរ​ជាង​នេះ​ទៀត វា​អាច​ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទ្រនាប់​ឆ្អឹង​កង​ខ្នងបាន​ទៀត​ផង។ ដើម្បី​ការ​ពារ​បញ្ហា​មួយ​នេះ យើង​​គួរ​លើក​​ទូរ​សព្ទ​ឡើង​​ឲ្យ​ខ្ពស់​​ស្មើ​​មុខ កាត់​បន្ថយ​ការ​សម្លឹង​អេក្រង់​ទូរសព្ទ​កុំ​ចុច​វា​ច្រើន​ពេក។

    ៥- សាកពត់បត់បែនក

    ការ​ពត់​ក អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​សាច់​ដុំ​នៅ​កន្លែង​នោះ​បាន។ មានការ​​ណែ​នាំ​ឲ្យ​យើង​ព្យាយាម​យក​ម្រាម​ដៃ​រុញ​ចង្កា​ឡើង​លើ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ដែល​អាច​ធ្វើ​ពេល​ណា​ក៏​បាន។ បើ​តាម​ការណែនាំគួរ​​ប្រើ​វិធី​នេះ​ឲ្យ​បាន​ ៥ ទៅ ៧ដង​ក្នុង​មួយ​ថ្ងៃ។ យើង​​គួរ​ព្យាយាម​ធ្វើ​វា​នៅ​ពេល​មុន​ចេញ​ទៅ​ធ្វើ​ការ ឬ​នៅ​ម៉ោង​សម្រាក។

    ៦- ងើបដើរខ្លះៗ

    ការ​ដើរ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​យើង ដែល​​ជួយ​ដល់​សុខភាព​សរសៃ​ឈាម និង​បេះ​ដូង ពង្រឹង​សាច់​ដុំ និង​ឆ្អឹងជា​ដើម។ យើង​គួរ​ដើរ​ជុំ​វិញ​កន្លែង​ធ្វើ​ការ ឲ្យ​បាន​​កន្លះ​ម៉ោង​យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​សាច់​ដុំ។ ពេល​យើង​​បាន​ដើរនឹង​ជួយ​​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ក ខ្នង ស្មា ឬ​យើង​​អាច​ងើប​ដើរ​ពេល​មាន​អារម្មណ៍​ថា​ចុក​រួយ​កន្លែង​ណា​មួយ​ក្នុង​ខ្លួន។

    ៧- ញ៉ាំទឹកឲ្យបានច្រើន

    ការ​ញ៉ាំ​​ទឹក​ច្រើន​គ្រប់​គ្រាន់ ជួយ​ដល់​​ទ្រនាប់​ឆ្អឹង​កង​ខ្នង ដែល​ទ្រនាប់​នោះ​មាន​លក្ខណៈ​ស្រដៀង​ជាមួយ​អេប៉ុង​ ដែល​ត្រូវ​ការ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ដើម្បី​ការពារ​​​ទ្រនាប់​ឆ្អឹង​កង​ខ្នង​ឲ្យ​រឹង​មាំ ​ត្រូវ​ពឹង​លើ​ចំណុច​សំខាន់​ៗ​ចំនួន​ពីរ​ គឺ​ជាតិ​ទឹក និង​ការ​ធ្វើ​ចលនា​។ ​ជាតិ​ទឹក​ទៅ​ជួយ​ឲ្យ​​​ទ្រនាប់​ឆ្អឹង​កង​ខ្នង​​រឹង​មាំ​ល្អ បត់​បែន​បាន​ស្រួល ដោយ​សារ​តែ​ទ្រនាប់​នោះ​ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​ជា​ប្រចាំ។ ការ​កម្រើក​សន្លាក់​នៅ​តាម​ឆ្អឹង​កង​នឹង​ពិបាក ប្រសិន​បើ​ឆ្អឹង​កង​មាន​របួស ឬ​វា​មិន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ធ្វើ​ឲ្យ​មុខ​ងារ​រ​បស់​វា​ធ្លាក់​ចុះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម