និយមន័យ
១- អ្វីជាជំងឺឆ្អឹងទន់?
ជំងឺនេះ សំដៅទៅលើករណីទន់ឆ្អឹងបណ្ដាលមកពីកង្វះវីតាមីន D បង្កឲ្យបាក់ឆ្អឹងទាំងមនុស្សចាស់ ក្មេងៗ ខណៈមនុស្សពេញវ័យ អាចបណ្តាលឲ្យទៅជាកោងឆ្អឹង ពិសេសឆ្អឹងនៅត្រង់ជើងសម្រាប់ទប់លំនឹង និងទ្រដងខ្លួនជាដើម។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះខុសពីពុកឆ្អឹងត្រង់ថា ពុកឆ្អឹងធ្វើឲ្យឆ្អឹងស្ដើងជាងមុន និងងាយបាក់។ មនុស្សពេញវ័យគេហៅថារោគឆ្អឹងទន់ ចំពោះក្មេងគេហៅជំងឺ (Ricket) ភាគច្រើនកើតលើស្ត្រី និងពេលខ្លះស្ត្រីកំពុងមានផ្ទៃពោះ ក៏អាចកើតដូចគ្នា។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាឧស្សាហ៍ជួបប្រទះរួមមាន៖
– ឆ្អឹងឆាប់ប្រេះ ស្រួយ ឬបាក់
– ខ្សោយសាច់ដុំ វិបត្តិនេះកើតឡើងនៅកន្លែងតំណរវាងសាច់ដុំ និងឆ្អឹង បង្កឲ្យពិបាកដើរ ឬដើរវៀចតែម្តង
– ឈឺចុកណែនឆ្អឹងចាប់ពីត្រគាកចុះក្រោម ចង្កេះ ជើង និងពេលខ្លះឈឺឡើងដល់ឆ្អឹងជំនីរ។
បើជាតិកាល់ស្យូមក្នុងឈាមទាប យើងអាចប្រទះរោគសញ្ញាដូចជា៖
– បេះដូងលោតខុសប្រក្រតី
– ស្ពឹកមាត់ ដៃ និងជើង
– កន្ត្រាក់គាំងដៃ ឬជើង
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាដូចខាងលើទេ ហេតុនេះបើមានករណីមិនប្រក្រតីណាមួយ សូមប្រញាប់មកជួបគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
វីតាមីន D មានសារៈសំខាន់ ជួយស្រូបយកកាល់ស្យូមពីក្រពះ គ្រប់គ្រងសារជាតិកាល់ស្យូម និងផូស្វាតក្នុងឈាម។ ករណី កាល់ស្យូមក្នុងឈាមមានកម្រិតតិចតួច ការផលិតឆ្អឹងក៏មិនបានល្អដូចគ្នា។ មិនតែប៉ុណ្ណោះ គ្នាយើងធ្លាបវះកាត់ផ្នែកខ្លះនៅក្រពះ និងពោះវៀន អាចមានវិបត្តិស្រូបយកវីតាមីន D ដែរ។
ជាទូទៅ វីតាមីន D ផលិតពីស្បែកក្រោយស្បែកដែលរងការប៉ះទង្គិតជាមួយកាំរស្មី UV ពីកម្តៅថ្ងៃ មួយទៀតវាអាចទទួលបានសំយោគពីចំណីអាហារ ដូចជាសាច់ត្រី និងទឹកដោះគោជាដើម។ ខាងក្រោមនេះជាវិបត្តិផ្សេងៗ សរីរាង្គស្រូបយកវីតាមីន D មិនបានល្អ៖
– ជំងឺសេលីយ៉ាក (Celiac Disease) ធ្វើឲ្យខូចខាតភ្នាសពោះវៀន ជាហេតុនាំឲ្យស្រូបវីតាមីន D មិនបានល្អ
– ជំងឺមហារីក
– ខ្សោយតម្រងនោម និងថ្លើម
– របបអាហារមិនមានជាតិផូស្វាត
– ថ្នាំ Phenytoin និង Phenobarbital ជាថ្នាំប្រកាច់ បង្ហាញថាអាចបង្កជារោគឆ្អឹងទន់។
កត្តាប្រឈម
៦- កត្តាប្រឈមបង្កមានអ្វីខ្លះ?
ហានិភ័យខ្ពស់បំផុតអាចវិវត្តទៅរកជំងឺទន់ឆ្អឹង គឺលើគ្នាយើងមិនញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់ ឬរស់នៅមិនសូវត្រូវកម្ដៅថ្ងៃ ពិសេសអ្នកជំងឺសម្រាកពេទ្យរយៈពេលយូរ និងធ្វើការនៅតែក្នុងផ្ទះជាដើម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
តេស្តឈាម ជាវិធីងាយដើម្បីវាស់ កង្វះខាតសារធាតុចិញ្ចឹមផ្សេងៗ ដូចជា វីតាមីន D កាល់ស្យូម និងផូស្វាត បង្កជារោគឆ្អឹងទន់នេះ និងវិធីផ្សេងទៀតដូចជា៖
– តេស្តរកមើលជាតិអង់ស៊ីម អាល់កាឡាំង ផូស្វាត
– តេស្តរកមើលមុខងារ ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
– ថតកាំរស្មីអ៊ិច រកមើលស្នាមប្រេះ តំបន់លូស្សឺរ (Looser Zone) នៅតាមឆ្អឹងផ្សេងៗក្នុងសារពាង្គកាយ
– ច្រឹបឆ្អឹងទៅពិនិត្យ ដោយការចាក់តាមម្ជុល ប៉ុន្តែកម្រធ្វើតេស្តបែបនេះ ព្រោះថាថតកាំរស្មីអ៊ិចតែមួយមុខ គឺគ្រប់គ្រាន់ដឹងពីស្ថានភាពជំងឺ។
៨- ព្យាបាលដោយវិធីណា?
គោលដៅសំខាន់ ត្រូវបំប៉នសារធាតុចម្បង មានកាល់ស្យូម វីតាមីន D និងផូស្វាត។ ប្រសិនបើយើងធ្វើការមិនសូវត្រូវកម្ដៅថ្ងៃ ត្រូវឧស្សាហ៍ចេញដើរ ដើម្បីឲ្យស្បែកអាចប៉ះ និងពន្លឺព្រះអាទិត្យខ្លះទើបល្អ ព្រោះជាវិធីទាញវីតាមីន D ចូលរាងកាយ។ ករណីយើងមានវិបត្តិក្នុងការស្រូបវីតាមីនប្រភេទនេះ បង្កដោយជំងឺក្រពះ ពោះវៀន និងការវះកាត់ណាមួយ អាចញ៉ាំបំប៉នវីតាមីន D ឲ្យបានច្រើនបាន។
ចាក់វីតាមីន D ក៏អាចធ្វើបានដូចគ្នា តែជាករណីកម្រ ស្រុកខ្មែរ មិនងាយមានកង្វះវីតាមីនប្រភេទនេះទេ ដោយសារតែកម្ដៅថ្ងៃអំណោយផលបានល្អ។ មួយទៀត គ្នាយើងមានជំងឺក្រិនថ្លើម និងខ្សោយតម្រងនោម អាចមានទំនោរទៅរកឆ្អឹងទន់ ហេតុនេះត្រូវព្យាបាលឲ្យបានត្រឹមត្រូវ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំអាហារសម្បូរវីតាមីន D ដូចជាខ្លាញ់ត្រីសាម៉ុង ត្រីសាឌីន និងស៊ុតស ព្រមទាំងគ្រាប់ធញ្ញជាតិ នំប៉័ង ទឹកដោះគោជាដើម។
– ញ៉ាំថ្នាំបំប៉នមានវីតាមីនចម្រុះ និងជាតិខនិជ ជួយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងស្រូបសារធាតុចិញ្ចឹមត្រឹមត្រូវ។
យ៉ាងណា គួរការពារដោយពាក់អាវពេលចេញទៅត្រូវកម្តៅថ្ងៃ ព្រោះថាកម្តៅខ្លាំងពេកអាចបណ្តាលឲ្យវិវដ្តទៅរកជំងឺមហារីកស្បែក។
[embed-health-tool-bmi]