ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់ព្យាបាលច្រាលអាស៊ីដក្រពះ?
ច្រាលអាស៊ីដ កើតឡើងដោយសារសាច់ដុំខ្ជិបបំពង់អាហារ ធ្វើការមិនបានល្អ បណ្តាលឲ្យអាហារលាយឡំជាមួយអាស៊ីដក្នុងក្រពះ នឹងច្រាលមកលើ ធ្វើឲ្យមានការរលាក និងលេចឡើងនូវសញ្ញាក្រហាយចុងដង្ហើម និងច្រាលដល់ក្នុងមាត់។
២- ហេតុអ្វីត្រូវវះកាត់?
គ្រូពេទ្យអាចស្នើឲ្យធ្វើការព្យាបាលដោយវះកាត់ ក្នុងករណីមួយចំនួនដូចជា៖
– មិនចូលចិត្តប្រើថ្នាំ ព្រោះរំខាន
– សញ្ញានៅតែមាន ទោះជាប្រើថ្នាំហើយក៏មិនបាត់
– របួសនៅលើបំពង់អាហាររ៉ាំរ៉ៃ ដូចជា ដាច់ រលាត់ ត្បៀត ដំបៅ និងមានហូរឈាម
– ផលវិបាកពីការច្រាលអាស៊ីដ ដូចជា រលាកសួត ក្អករ៉ាំរ៉ៃ និងសំឡេងស្អកជាដើម
– ការវះកាត់នេះអាចប្រើនៅក្នុងករណីមានសាច់ក្រពះលូនចូលក្នុងប្រអប់ទ្រូងផងដែរ។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
មុនសម្រេចចិត្តធ្វើការព្យាបាលដោយវះកាត់ យើងត្រូវយល់ដឹងពីស្ថានភាពជំងឺ និងផលវិបាក អាចកើតមាន ទាមទារពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះព្យាបាលដោយប្រើថ្នាំ ក៏អាចជួយបន្ថយអាការៈបានដូចគ្នា។ ខាងក្រោមនេះគឺជាហានិភ័យអាចជួបប្រទះ៖
– ចាល់ឧស្ម័នក្នុងក្រពះច្រើន
– ឈឺចាប់ និងពិបាកលេបអាហារ
– លាប់ការច្រាលអាស៊ីដនេះឡើងវិញ
– ពិបាកដកដង្ហើមដូចជាស្វិតសួត (ជាករណីកម្រ)
– ខូចខាតសរីរាង្គផ្សេងទៀត ដូចជា ក្រពះ បំពង់អាហារ ថ្លើម និងពោះវៀនតូចជាដើម។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនវះកាត់?
មុននឹងដំណើរការវះកាត់ យើងត្រូវតមអាហារតាមការណែនាំរបស់គ្រូពេទ្យសណ្ដំ។ ជាទូទៅត្រូវតមអាហារយ៉ាងហោចណាស់ ៦ ម៉ោងមុនវះកាត់ ប៉ុន្តែអាចផឹកទឹកបានចន្លោះពី ២-៣ ម៉ោងមុន ហើយ ការវះកាត់ត្រូវការពេលពី ១-២ ម៉ោង។
៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?
ដំបូងគ្រូពេទ្យនឹងធ្វើការវះដើម្បីដាក់ឧបករណ៍ជំនួយវេជ្ជសាស្ត្រចូល រួចដេរបន្តឹងសាច់ដុំសន្ទះទ្រូងឲ្យរឹប កុំឲ្យមានការលូនសាច់ក្រពះ ធ្វើឲ្យច្រាលទៅថ្ងៃក្រោយ។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
បន្ទាប់ពីបញ្ចប់ការវះកាត់រួច ត្រូវសម្រាកនៅពេទ្យប៉ុន្មានថ្ងៃ ទើបអាចត្រឡប់ទៅផ្ទះបាន។ ប្រមាណ ៣-៤ សប្ដាហ៍ក្រោយវះកាត់ អាចត្រឡប់ទៅធ្វើការដូចធម្មតាបាន ហើយដើម្បីឲ្យការជាសះស្បើយបានឆាប់រហ័ស គួរធ្វើលំហាត់ប្រាណខ្លះតាមការណែនាំរបស់ពេទ្យ។
[embed-health-tool-bmi]