លោកវេជ្ជបណ្ឌិតថា មិនថា កូនក្មេង ឬមនុស្សចាស់នោះទេ ដាច់ខាតមិនត្រូវត្បារ ឬខ្វារយកអាចម៍ត្រចៀកចេញពីរន្ធត្រចៀកផ្នែកកណ្តាលឡើយ ព្រោះអាចម៍ត្រចៀកផលិតរាល់ថ្ងៃ វាជាសន្ទះការពារ មានតួនាទីការពារត្រចៀក និងចាប់យកមេរោគផ្សេងៗ។
កាលណាយើងយករបស់ទាំងប៉ុន្មានខាងលើនេះទៅត្បារអាចម៍ត្រចៀក មិនត្រឹមតែអត់ប្រយោជន៍នោះទេ ថែមទាំងងាយឆ្លងរោគ ព្រោះរបស់ទាំងនោះកង្វក់ហើយរឹង ងាយបង្កគ្រោះថ្នាក់។ គ្រោះថ្នាក់ទាំងនោះមាន ស្ទះរន្ធត្រចៀក ហើយបើជ្រុលដៃតែបន្តិចទៅជាដាច់រហែកក្រដាសត្រចៀក បង្កឲ្យឈឺចាប់ ចំណែកឯករណីធ្ងន់ធ្ងរទៅជាថ្លង់ ស្តាប់លែងឮ អាចឲ្យមេរោគឆ្លងចូលទៅដល់ខួរក្បាល ធ្វើឲ្យរលាកស្រោមខួរក្បាលថែមទៀតផង។ ម្យ៉ាងវិញទៀតការត្បារត្រចៀករៀងរាល់ថ្ងៃ ក៏ធ្វើឲ្យរមាស់ត្រចៀក ងាយនឹងកើតរោគផ្សិត។