សម្រាប់ចាស់បុរាណយើង កាលពីជំនាន់មុនៗមិនអាចដឹងមុនពីភេទរបស់កូនឡើយ ទាល់តែថ្ងៃកើតទើបឃើញមុខ ហើយទើបដឹងតែម្ដង ព្រោះមិនទាន់មានឧបករណ៍ទំនើបដើម្បីពិនិត្យ។ ប៉ុន្តែម៉ាក់ៗសម័យនេះអាចពិនិត្យដឹងពីរូបរាង និងភេទកូនតាំងពីនៅក្នុងពោះ តែខ្លះក៏សង្កេតមើលតាមចាស់ៗនិយាយដែរ ហើយអាចស្មានត្រូវមែន ដោយភាគច្រើនគេមើលតាមទម្លាប់នានា និងសភាពប្រែប្រួលរូបរាងកាយរបស់ម៉ាក់ៗដែលពពោះ។ ដោយក្នុងមានអ្នកម៉ាក់ៗធ្លាប់មានបទពិសោធ ៦ រូបអាចស្មានដឹងពីភេទកូនមុនតារយៈ៖
បើតាមការឲ្យដឹងពី គឹមស្រ៊ី បានឲ្យដឹងថា គាត់បានសម្គាល់កូនទាំង ៣ របស់ខ្លួនតាមចាស់ៗពីមុន ហើយឃើញពិតត្រូវមែន។ គាត់បានបន្តប្រាប់៖ “ពេលមានកូនស្រីដំបូង ជិត ២០ ឆ្នាំមុនគ្មានឧបករណ៍ពិនិត្យមើលដឹងពីភេទដូចឥឡូវទេ តែចំណាំតាមរយៈការញ៉ាំផ្លែឈើផ្អែមៗដូចជាទំពាំងបាយជូរ ឪឡឹក ចេក សារី អីហ្នឹង គឺជាកូនស្រី។ ចំណែកពេលមានកូនស្រីពៅ ក៏ចាញ់បែបហ្នឹងទៀត គ្រាន់ប្លែកជាងកូនបងត្រង់ចង់តែអីដែលជូរៗ ហឹរៗជាង ហើយចរិតកូនក៏ខុសគ្នា ម្នាក់កូនបងស្លូតបូត ឯកូនស្រីពៅកាចឆ្នាសជាង’។ គឹមស្រ៊ី បានបន្តទៀតថា បើជាកូនប្រុសវិញ គាត់ដូចជាគ្មានអារម្មណ៍ចាញ់ ឬចង់អ្វីប្លែកទេ គ្រាន់តែញ៉ាំច្រើនជាងធម្មតាប៉ុណ្ណោះ។
កំណើតកូនប្រុស បងស្រី មិនា ថា ចង់ញ៉ាំតែសាច់ ឯបន្លែ ឬត្រីមិនចង់ញ៉ាំសោះ ខុសពីកំណើតកូនស្រីដាច់តែម្តង។ បងស្រីថា អាទិត្យណាក៏សាច់គោអាំងដែរ តែមិនសូវហ៊ានញ៉ាំច្រើនទេខ្លាចលើសជាតិប្រូតេអ៊ីន។
៣- អាការៈម្ដាយ
កនិកា បានប្រាប់ថា ទោះជាបច្ចុប្បន្នមានឧបករណ៍ទំនើបៗក៏ដោយ ក៏នាងនៅតែចាំសង្កេតមើលតាមពាក្យចាស់ៗពីមុនប្រាប់ថា ពេលមានទម្ងន់កូនប្រុសអារម្មណ៍ឆេវឆាវ ជាងកូនស្រី។ នាងបន្តថា ពីមុនមិនជឿទេ តែពេលខ្លួនពពោះកូនប្រុស ២ នាក់បានចាប់ផ្ដើមជឿពាក្យទាំងនោះ ដល់ទៅអេកូមើលដូចចាស់ៗនិយាយមែន ហើយនិយាយពីអារម្មណ៍ក្នុងខ្លួនវិញមិនស្រណុកសោះ នរណាធ្វើអ្វីក៏ទាស់ចិត្តទាំងអស់ និងខឹងច្រើនណាស់។
៤- រូបរាងម្ដាយប្រែប្រួល
“ពីមុនចាស់ៗភាគច្រើនតែងតែថា ពេលមានទម្ងន់កូនស្រី ម្ដាយតែងតែចូលចិត្តធ្វើខ្លួនស្អាតៗជាងមិនទាន់មានកូនទៀតផង ហើយបើជាកូនប្រុសវិញមិនត្រឹមតែមិនចូលចិត្តធ្វើខ្លួននោះទេ រូបរាងក៏ខុសប្លែកខ្លាំងដែរ មានទាំងមុន ជាំមុខ ឡើងខ្មៅជាំៗត្រង់ក្លៀក កញ្ចឹងក និងកន្លែងផ្សេងៗទៀត។ ដល់ពេលខ្លួនឯងមានកូន បានដឹងថាសម្ដីទាំងនោះជាការពិត ព្រោះពេលមានកូនប្រុសដំបូងរូបរាងខ្ញុំឡើងអាក្រក់ តែពេលមានកូនស្រីក្រោយនេះសាច់គ្មានស្នាមអីមួយ ហើយនិយាយពីធ្វើខ្លួនសឹងដល់ពេលកើត’។ នេះជាការលើកឡើងរបស់ សុម៉ាលីណា ។
លីលី និង ស្រីរ័ត្ន ដែលមានកូនប្រុស និងស្រីបានឲ្យដឹងថា កូនស្រីអ្នកទាំង២មានទម្រង់ពោះមូលដូចបាល់ ចំណែកកូនប្រុសវិញទម្រង់ពោះរាងពងក្រពើ។ ចំណែកផ្ចិតម៉ាក់ៗវិញ កូនស្រីមិនមែនផ្ចិតលៀនទេ បើជាកូនប្រុសវិញ រាងលៀនមកក្រៅបន្តិច។
ទោះជាយ៉ាងណា មតិខាងលើជាការសង្កេតមើលតៗគ្នាតាមចាស់ជំនាន់មុនរបស់ម៉ាក់ៗមួយចំនួនប៉ុណ្ណោះ បច្ចុប្បន្នគ្រូពេទ្យជំនាញខ្ពស់ ព្រមជាមួយឧបករណ៍ទាន់សម័យដែលអាចពិនិត្យដឹងពីសុខភាពកូន និងម្ដាយយ៉ាងច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖កុំប្រហែស! លើសឈាមពេលពពោះ អាចស្លាប់ទាំងម្តាយទាំងកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕