ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?
និយាយដល់រឿងចង់បានកូន ប្តីប្រពន្ធភាគច្រើនធ្វើមុខជូរតែម្តង ព្រោះរៀបការរាប់ឆ្នាំហើយ ព្យាយាមយ៉ាងណា ក៏គ្មានកូននឹងគេ។ គ្នាយើងខ្លះ ដោយសារមានធនធាន បានព្យាបាលគ្រប់មធ្យោបាយដើម្បីអាចមានកូន ប៉ុន្តែខ្លះជោគជ័យ ខ្លះក៏មិនជោគជ័យ។ ចំពោះរឿងយកកូន បច្ចុប្បន្នលើទីផ្សារ គឺមានថ្នាំមួយចំនួន ត្រូវគេជឿថា អាចជួយឲ្យឆាប់មានកូនបាន ក្នុងនោះថ្នាំ Prednisone ត្រូវគេលើមកនិយាយច្រើនជាងគេ។ តើថ្នាំ Prednisone ជាអ្វី? ពិតជាអាចជួយឲ្យមានកូនបានមែនអី? បើចង់ដឹង អត្ថបទ “Hello គ្រូពេទ្យ’ អាចបញ្ជាក់បាន។

១- ថ្នាំ Prednisone ជាអ្វី?
ថ្នាំ Prednisolone ដែលគេស្គាល់ថា Prednisone ជាថ្នាំ Corticosteroid ជាអ័រម៉ូនសំយោគ សម្រាប់ទប់ស្កាត់នូវការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួន។ ថ្នាំ Prednisolone ត្រូវបានប្រើសម្រាប់ស្រីៗធ្លាប់រលូតកូនម្តងហើយម្តងទៀត និងស្រីៗមានកោសិកាពិឃាដបែបធម្មជាតិ (NK – Natural killer cells) ក្នុងខ្លួនច្រើន ដែលកោសិកា NK ជាកោសិកាអាចវាយប្រហារទៅលើគភ៌ក្នុងផ្ទៃបាន។ ចំពោះប្រុសៗ ថ្នាំ Prednisolone ប្រើសម្រាប់កាត់បន្ថយការផលិតអង់ទីករ ប្រឆាំងទៅនឹងមេជីវិតឈ្មោល ធ្វើឲ្យមេជីវិតឈ្មោលកើនឡើង។ ទោះជាយ៉ាងនេះក្ដី ថ្នាំនេះ មិនត្រូវបានប្រើចំពោះតែបញ្ហាបង្កកំណើតមួយទេ វាក៏អាចប្រើសម្រាប់គ្នាយើងមានបញ្ហាអាលែកហ្ស៊ី ជំងឺឈាម ជំងឺផ្លូវដង្ហើម និងជំងឺស្បែក ដោយសារតែវាមានអំពើប្រឆាំងនឹងការរលាក និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
២- ថ្នាំ Prednisolone ជាថ្នាំប្រើសម្រាប់ស្រីៗគ្មានពិតមែនអត់?
ទោះបីជាថ្នាំនេះ ត្រូវបានគ្រូពេទ្យគាំទ្រឲ្យប្រើក្នុងការព្យាបាលក៏ពិតមែន ប៉ុន្តែអត្ថប្រយោជន៍ព្យាបាលបញ្ហាបង្កកំណើត នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ ដូចនេះហើយ ទើបអ្នកជំនាញ ប្រាប់ឲ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំនេះ។ មានការសិក្សាជាច្រើន ដើម្បីធ្វើអំណះអំណាងទាក់ទងនឹងមុខងារថ្នាំ ក្នុងការកាត់បន្ថយការប្រឈមគ្រោះថ្នាក់បញ្ហាបាត់បង់កូនពេលពពោះ និងការគំរាមកំហែងរបស់កោសិកា NK។ ទោះជាយ៉ាងណា ការសិក្សាទាំងនោះ នៅតែស្ថិតក្នុងទម្រង់តូចមួយប៉ុណ្ណោះ ហើយរហូតមកដល់បច្ចុប្បន្ន មិនទាន់មានការសាកល្បងទូលំទូលាយនោះទេ។
អ្នកឯកទេសជនជាតិអូស្រ្តាលី បានធ្វើការសិក្សាពីការបញ្ចូលថ្នាំ Prednisolone ក្នុងកម្រិតទាប ជាមួយនឹងថ្នាំពង្រាវឈាមឈ្មោះ Clexane ក្នុងគោលបំណងដើម្បីបង្ក្រាបកោសិកាពិឃាដ NK cells លើស្រីៗធ្លាប់មានបញ្ហារលូតកូនម្តងហើយម្តងទៀត។ ឯលទ្ធផល ក៏បង្ហាញពីផលវិជ្ជមានច្រើន ប៉ុន្តែមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទាញសេចក្តីសន្និដ្ឋានទេ ដោយសារតែចូលរួមក្នុងការសិក្សា មានចំនួនតិចតួចពេក។
អត្ថបទពាក់ព័ន្ធ៖
- លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?
- ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!
៣- របៀបប្រើថ្នាំ Prednisolone លើស្រីៗគ្មានកូន
ចំពោះស្រីៗមករដូវទៀងទាត់ធម្មតា គ្រូពេទ្យនឹងឲ្យប្រើថ្នាំ Prednisolone ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ឯកម្រិតថ្នាំវិញ គឺប្រែប្រួលទៅតាមស្ថានភាពសុខភាពខុសៗគ្នា ហើយជាទូទៅ គឺក្នុងកម្រិត ៥ មិលី្លក្រាម/ថ្ងៃ។ ថ្នាំ Prednisolone ត្រូវប្រើនៅចន្លោះពេលមានការបង្កកំណើត។ សម្រាប់ស្រីៗមានកម្រិតកោសិកាពិឃាដខ្ពស់ ឬបរាជ័យក្នុងការព្យាបាលឲ្យមានកូនពីមុនមក ត្រូវប្រើថ្នាំ Prednisolone ២សប្តាហ៍ មុនពេលការបង្កកំណើតចូលមកដល់។
ស្រីៗគ្នាយើង ត្រូវបញ្ឈប់ការប្រើថ្នាំនេះ នៅពេលដែលការធ្វើតេស្តឈាម HCG បង្ហាញពីលទ្ធផលអវិជ្ជមាន។ បើមានលទ្ធផលវិជ្ជមាន ត្រូវបន្តប្រើវារហូតដល់ការមានផ្ទៃពោះបាន ១២ សប្តាហ៍ ខណៈកម្រិតប្រើប្រាស់ ត្រូវកាត់បន្ថយបន្តិចម្តងៗ។
៤- ហានិភ័យប្រើថ្នាំ Prednisolone
ការលេបថ្នាំស្តេរ៉ូអ៊ីតច្រើន តែងតែនាំមកនូវហានិភ័យមួយចំនួនដល់សុខភាព ឯផលប៉ះពាល់ពីការប្រើថ្នាំ Prednisolone មានដូចជា ឆាប់ខឹង ថប់បារម្ភ និងមានបញ្ហាក្នុងការគេង។ លើសពីនេះប្រើពពួក Corticosteroid មុនពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់ទារកមិនទាន់កើតផងដែរ ដូច្នេះមុនពេលប្រើប្រាស់ថ្នាំ Prednisolone ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិក្នុងការប្រើថ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕