backup og meta

ឆ្ងល់អត់ ម៉េច​បាន​ឆ្លង​ទន្លេ​ហើយ គីឡូ​អត់​ទៅ​ណា​សោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 04, 2021

    ឆ្ងល់អត់ ម៉េច​បាន​ឆ្លង​ទន្លេ​ហើយ គីឡូ​អត់​ទៅ​ណា​សោះ?

    ស្រីៗ​មិន​តិច​ទេ ដែល​តែង​និយាយ​លេង​ថា ស្ដាយ​រាង​កាល​នៅ​ក្រមុំ។ រាង​ឆ្វែល​ស្អាត ស្លៀកពាក់​អី​ក៏​សម ​មើល​ឃើញ​ស្អាត តែ​ក្រោយ​រៀបការ បាន​កូន១ កូន២ ហើយ​រូបរាង​ក៏​ប្រែ ប្រួល​​ដល់​ថ្នាក់​អ្នក​ខ្លះ ឃើញ​កញ្ចក់ ឬ​​ជញ្ជីង​ខ្លាច។ អំឡុង​ពពោះ ជា​ពេលវេលា​ដែល​ស្រីៗ​យើង​ ត្រូវ​ថែទាំ សុខភាព យក​កម្លាំង​កើត​អាអូន ឬ​ធ្វើ​ម៉េច​ឲ្យ​កូន​ក្នុង​ផ្ទៃ សុខភាព​ល្អ ដោយ​ញ៉ាំ​របស់​ប៉ូវៗ ឆ្ងាញ់ៗ រហូត​គីឡូ​ឡើង​​ច្រើន​។ ពេល​យើង​ពពោះ​ឡើង​គីឡូតាមការណែនាំ​ជារឿង​ធម្មតា​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​​នោះ​គឺ ក្រោយ​សម្រាល​ហើយ គីឡូ​អត់​ស្រកចុះ​សោះ។

    ស្រ្ដី​ជា​ម្ដាយ​ខ្លះ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដើម្បី​បាន​រូបរាង​ដែល​ខ្លួន​ប្រាថ្នា​មកវិញ​ដូច​កាល​​មិន​ទាន់​មាន​ផ្ទៃពោះ ឯ​អ្នក​ខ្លះទៀត​ ត្រូវ​ការ​ពេល​យូរ​បន្តិច ឬ​កាន់​តែ​ឡើង​គីឡូស្រឹបៗ រហូត​ក្លាយ​ជា​ស្ត្រី​ធាត់​ក៏​មាន។ មូលហេតុ​អ្វី​ខ្លះ បាន​ជា​ស្ត្រី​ភាគច្រើន មាន​អារម្មណ៍​ថា ពិបាក​សម្រក យក​រាង​ដើម មុនពេល​ពពោះ នៅ​ក្រោយ​សម្រាល?

    ១- តានតឹង ល្ហិតល្ហៃ

    បញ្ហា​នេះ​ច្រើន​កើត​ចំពោះ​ម្ដាយ​ថ្មីថ្មោង ខ្ទង់ ១ខែ​ដំបូង​ក្រោយ​សម្រាល។ ដើម្បី​ជួយ​ដល់​បញ្ហា​អស់កម្លាំង​ ការ​ញ៉ាំ​ច្រើន ហើយ​សកម្ម រហូត​គីឡូ​ឡើង​យ៉ាង​ទ្រលុកទ្រលន់។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់។

    ២- គេងអត់ឆ្អែត

    គេង​មិន​គ្រប់គ្រាន់​ ជា​ឫសគល់​បង្ក​ឲ្យ​មាន​ភាព​តានតឹង ​ល្ហិតល្ហៃ និង ​អស់កម្លាំង​ ព្រមទាំង​ប៉ះពាល់​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ដែល​គ្រប់គ្រង​ទៅ​លើ​ការ​ឃ្លាន​អាហារ។ ម៉្យាងទៀត​ក៏​បណ្ដាល​ឲ្យ​អ័រម៉ូន​ករទីសុល (អ័រម៉ូនតានតឹង) កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​រាងកាយ​របស់​ស្រ្ដី​ជា​ម្ដាយ​ដុត​កម្លោច​កាឡូរី​មិន​បាន​គ្រប់គ្រាន់ និង​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​កើន​​ឡើង។

    គីឡូក្រោយសម្រាល

    ៣- ខ្ជិលហាត់ប្រាណ

    អត់​ខ្វល់​រឿង​ហាត់ប្រាណ​សោះ ឬយូរៗ មែន​ទែន​បាន​ធ្វើ​ម្ដងម្កាល ដូច​បើក​ឱកាស​ឲ្យ​ខ្លួន​ធាត់ (កាឡូរី​ក្នុង​រាងកាយ​កើន​ឡើង)។ លើស​ពី​នេះ ការ​មិន​ធ្វើ​លំហាត់​ប្រាណ ​ជាពិសេស​ពេល​ដែល​អាយុ​កាន់​តែ​ច្រើន​ គឺ​ធ្វើ​ឲ្យ​ពន្យឺត​ដល់​ការ​ដុត​កម្លោច​ខ្លាញ់​ក្នុង​រាងកាយ។

    ៤- ជាតិខ្លាញ់ស្ដុកក្រោយសម្រាល

    សារធាតុ​ខ្លាញ់​ដែល​រក្សា​ទុក​ក្នុង​រាងកាយ​ស្រ្ដី​ជា​ម្ដាយ​មុន​សម្រាល​ គឺ​ដើម្បី​ត្រៀម​កម្លាំង​ក្នុង​ការ​បំបៅដោះ​កូន។ សារធាតុ​ខ្លាញ់​នេះ​អាច​ពិបាក​ឲ្យ​ស្រក​ណាស់ ជា​ពិសេស​​ស្រ្ដី​ដែល​មិន​បំបៅ​ដោះ​កូន​ប្រចាំ ឬ​សំដៅ​លើ​អ្នក​ដែល​ឲ្យ​កូន​បៅ​ទឹកដោះគោ។ ចំពោះ​អ្នក​មាន​កូន​ភ្លោះ​វិញ គឺ​កាន់​តែ​ពិបាក​ស្រក​ណាស់​ដែរ ក្រោយ​សម្រាល។

    ៥- រាងប្រែប្រួលក្រោយសម្រាល 

    ឆ្លង​ទន្លេហើយ បើ​សង្កេត​មើល​រូបរាង យើង​នឹង​ឃើញ​ពី​ការ​ផ្លាស់ប្ដូរមួយ​ចំនួន។ អ្នក​ខ្លះ រអ៊ូរទាំ​ច្រើន ថា​គេ​ក្លាយ​ជា​យាយ​ម៉ាប់ ឬ​អូន​អ៊ូក ហើយ ទោះ ១-២ឆ្នាំ ក្រោយ​សម្រាល​ក៏ដោយ។ មូលហេតុ​នេះ​គឺ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​​សាច់ដុំ​ក្បាលពោះ​យើង។ ស្រ្ដី​មួយចំនួន​ងាយ​នឹង​មាន​ស្នាម​សង្វារ ឬ​សាច់​យារ​ធ្លាក់​ខ្លាំង​ ដោយ​សារ​តែ​កត្តា​ហ្សែន ​ ហើយ​បញ្ហា​ទាំងនេះ​អាច​កាត់​បន្ថយ​បាន ទោះ​មិន​បាត់​ទាំងស្រុង។ មូលហេតុ​គឺ ដោយ​សារ​តែ​ស្បែក​យើង​បាត់បង់​​ភាពស្វិត បន្ទាប់​ពី​សម្រាល បូករួម​នឹង​កត្តា​អាយុ កាន់​តែ​ច្រើន។

    ដំណោះស្រាយ៖ ព្យាយាមហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដាច់​ខាត ឬ​រៀបចំ​របប​អាហារ​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ចេះ​តែ​ញ៉ាំ​តាម​ឃ្លាន បើ​មិន​ដូច្នេះ​ទេ ស្នាម​នឹង​វិវត្ត​កាន់​តែ​អាក្រក់ឡើងៗ ហើយ​សាច់​ដុំ​ក្បាល​ពោះ នឹង​មិន​ស្រក​ទៅ​ណា​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម