១. អ្វីទៅជាជំងឺទឹកនោមផ្អែមពេលពពោះ?
បងប្អូនស្ត្រីនៅពេលមានគភ៌ អាចប្រឈមនឹងការឡើងជាតិស្ករនៅក្នុងឈាម ដែលការឡើងជាតិស្ករនេះហៅថា ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ឬជំងឺទឹកនោមផ្អែមប្រភេទ៣។ មានន័យថា នៅពេលមានផ្ទៃពោះ ស្ត្រីមានបម្រែបម្រួលអ័រម៉ូន តម្រូវឲ្យលំពែងធ្វើការ ៤ដង លើសពេលធម្មតា ក្នុងនោះ ១០% នៃស្ត្រីមានផ្ទៃពោះ លំពែងមិនអាចរ៉ាប់រងបាននូវការកើនឡើងនៃតម្រូវការការផលិតអាំងស៊ុយលីន ធ្វើឲ្យជាតិស្កររបស់ស្ត្រីពពោះកើនឡើង ទៅជាកើតជំងឺទឹកនោមផ្អែម។ តួលេខស្រ្តីកើតជំងឺទឹកនោមផ្អែមពេលពពោះនៅអាស៊ីប្រហាក់ប្រហែលគ្នា គឺមានប្រមាណជា ១០% នៃស្ត្រីពពោះទាំងអស់។
២. រោគសញ្ញាជំងឺទឹកនោមពេលមានផ្ទៃពោះ
នៅដំណាក់កាលដំបូង ជំងឺទឹកនោមពេលមានផ្ទៃពោះមិនមានរោគសញ្ញាអ្វីទាំងអស់ លុះត្រាតែបងប្អូនស្រ្តីទៅធ្វើតេស្ត ហើយការធ្វើតេស្តនោះទៀតសោតមានលក្ខណៈពិសេសបន្តិច គឺតម្រូវឲ្យស្រ្តីពពោះញ៉ាំទឹកស្ករចំនួន ៣៥ក្រាម ដែលជាស្ករពិសេសរៀបចំនៅមន្ទីរពិសោធន៍។ “ព្រលឹមឡើងបងប្អូនស្ត្រីដែលមានផ្ទៃពោះកុំទាន់ញ៉ាំអី ហើយទៅមន្ទីរពិសោធន៍ ពេលនោះអ្នកធ្វើការនៅមន្ទីរពិសោធន៍នឹងបូមឈាមស្ត្រីពពោះ បន្ទាប់ពីបូមឈាមរួច តម្រូវឲ្យស្ត្រីញ៉ាំជាតិស្ករចំនួន ៧៥ ក្រាម រួចហើយ ១ម៉ោងក្រោយបូមឈាមម្តងទៀត ២ម៉ោងក្រោយបូមឈាមម្តងទៀត។ ដូច្នេះត្រូវបូមឈាមចំនួន ៣ដង”។
បើលទ្ធផល មុនញ៉ាំស្ករ ៧៥ក្រាម ចន្លោះពី ៩២-១២៥ mg/dL នោះបញ្ជាក់ថា ស្ត្រីមានជំងឺទឹកនោមផ្អែមប្រភេទ៣ ឬជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ដូចគ្នានេះដែរ បើលទ្ធផលក្រោយពេលញ៉ាំស្ករ ៧៥ក្រាម ១ម៉ោង លើសពី ១៨០mg/dL ឬក៏លទ្ធផល ២ម៉ោងក្រោយញ៉ាំជាតិស្ករ ៥៧ក្រាម លើសពី ១៥៣-១៩៩ mg/dL ក៏បញ្ជាក់ថា ស្រ្តីមានជំងឺទឹកនោមផ្អែមពេលពពោះដែរ។ កម្រិតជាតិស្ករស្ត្រីពពោះតឹងរឹងខ្លាំងណាស់ កាលណាឡើងតែបន្តិចត្រូវបានរាប់បញ្ចូលថា មានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះហើយ។
៣. ការព្យាបាលជំងឺទឹកនោមផ្អែមពេលពពោះ
នៅពេលដែលស្ត្រីដឹងថា ខ្លួនមានជំងឺទឹកនោមផ្អែមពេលពពោះ ត្រូវស្វែងរកការព្យាបាល មិនអ៊ីចឹងទេជំងឺនេះនឹងផ្តល់ផលវិបាកទៅលើកូន និងម្តាយ។ ការព្យាបាលត្រូវរាប់បញ្ចូលពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ការធ្វើរបបចំណីអាហារ ការហាត់ប្រាណ។ល។ បន្ទាប់មកគ្រូពេទ្យនឹងប្រឹក្សាជាមួយនឹងស្ត្រីពពោះ តើគួរប្រើថ្នាំឬអត់? ថ្នាំដែលល្អជាប់ចំណាត់ថ្នាក់ទី១ ដែលគេទទួលស្គាល់ទូទាំងសាកលលោក គឺអាំងស៊ុយលីន ជាឱសថដែលមានគុណភាព និងសុវត្ថិភាពចំពោះម្តាយ និងកូន។
៤. វិបាកជំងឺទឹកនោមផ្អែមពេលពពោះ
កើតជំងឺទឹកនោមពេលពពោះ អាចផ្តល់ផលវិបាកទាំងម្តាយទាំងកូន។
ផលវិបាកលើម្តាយ៖ ជំងឺក្រឡាភ្លើង ពិបាកសម្រាលកូន..
ផលវិបាកលើកូន៖ ជាតិស្ករចុះជ្រុល កូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងពោះ ជាដើម។
ទារកដែលកើតពីម្តាយមានជំងឺទឹកនោមអំឡុងមានផ្ទៃពោះ ពេលធំពេញវ័យ អាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមជាងទារកដែលកើតពីម្តាយមិនមានជំងឺ។ ចំណែកឯស្ត្រីជាម្តាយវិញ អាចប្រឈមនឹងការកើតជំងឺផ្អែមប្រភេទទី២ នាពេលអនាគត បើសិនជាមិនបានប្រយ័ត្នប្រយែងក្នុងការថែទាំសុខភាព ហាត់ប្រាណ រក្សាទម្ងន់កុំឲ្យលើស។ គេរកឃើញថា ប្រមាណ៥០% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី៣ ឬក៏ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះនេះអាចវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ នាពេលអនាគត ដូច្នេះត្រូវការតាមដានជាប្រចាំ។
ជំងឺទឹកនោមផ្អែមពេលពពោះ យើងនិយាយថា អាចជាសះស្បើយ ព្រោះក្រោយពេលសម្រាលកម្រិតជាតិស្កររបស់ម្តាយនឹងត្រលប់មកប្រក្រតីវិញក្នុងរយៈពេល ៤-៦អាទិត្យក្រោយ អ៊ីចឹងលែងមានជំងឺទឹកនោមផ្អែមប្រភេទទី៣ទៀតហើយ លើកលែងតែស្ត្រីនោះមានផ្ទៃពោះលើកក្រោយ អាចប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ៣សារជាថ្មី បើសិនមិនប្រយ័ត្នខ្លួន។
៤. វិធីបង្ការជំងឺទឹកនោមផ្អែមពេលពពោះ
ស្ត្រីដែលមានផ្ទៃពោះ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យផ្នែកសម្ភពអំពីជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ។ មែនទែនទៅជាដំណើរដែលស្ត្រីមានគភ៌គ្រប់រូបត្រូវធ្វើ Screening រកមើលជំងឺទឹកនោមផ្អែមអំឡុងមានផ្ទៃពោះឲ្យបានទាំងអស់គ្នា។ ប្រសិនស្ត្រីមានកត្តាប្រឈម១ ឬក៏ច្រើន ត្រូវធ្វើ Screening ភ្លាម ពេលដឹងថាមានផ្ទៃពោះ ឧទាហរណ៍ថា ស្រ្តីនោះលើសទម្ងន់មុនពេលមានកូន មានឪពុក ឬម្តាយកើតជំងឺទឹកនោមផ្អែមប្រភេទ២ ស្ត្រីធ្លាប់សម្រាលកូនថ្លោសពេកលើសពី២គីឡូកន្លះ ឬក៏ស្ត្រីមានជាតិស្ករក្នុងទឹកនោម។ ប្រសិនបើស្ត្រីមិនមានកត្តាប្រឈមខាងលើទេ ត្រូវរង់ចាំដល់ត្រីមាសទី៣ ដើម្បីធ្វើតេស្តរកជំងឺទឹកនោមផ្អែមពេលពពោះ។
[embed-health-tool-ovulation]