ច្រាលអាស៊ីដក្រពះកើតមាននៅពេលដែលសារធាតុក្នុងក្រពះមានការកើនឡើងដល់បំពង់អាហារ ហើយគ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យលើអាការៈនេះបានប្រសិនជាយើងមានអាការៈបែបនេះកើតឡើងច្រើនជាងពីរដងក្នុងមួយសប្ដាហ៍។ កត្តាដែលអាចរួមចំណែកបង្កអាការៈច្រាលអាស៊ីដក្រពះ រួមមានឥរិយាបថដែលយើងធ្វើក្រោយញ៉ាំអាហារ បរិមាណអាហារដែលយើងញ៉ាំក្នុងមួយពេល និងប្រភេទអាហារដែលយើងញ៉ាំ។ យើងគួរចៀសវាងអាហារមួយចំនួនដើម្បីបង្ការរោគសញ្ញានៃជំងឺច្រាលអាស៊ីដក្រពះ បើយើងតែងជួបបញ្ហានេះ។
១. អាហារមានជាតិខ្លាញ់ និងអាហារបំពង
អាហារមានជាតិខ្លាញ់ជាទូទៅតែងបន្ថយសម្ពាធនៅប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម (LES) និងពន្យារពេលក្រពះរំលាយអាហារ។ នេះអាចបង្កើនហានិភ័យរោគសញ្ញានៃជំងឺច្រាលអាស៊ីដក្រពះ។ ដើម្បី បង្ការអាការៈនេះ យកល្អគួរបន្ថយការញ៉ាំអាហារមានជាតិខ្លាញ់។ អាហារទាំងនោះមានដំឡូងបារាំងបំពង អាហារបំពង នំដំឡូងកញ្ចប់ បឺរ ទឹកដោះគោស្រស់ (whole milk) ឈីស ការ៉េម និងសាច់ក្រហមមានខ្លាញ់។
២. អាហារមានជាតិហឹរ
ការសិក្សាមួយចំនួនបានណែនាំថាអាហារមានជាតិហឹរអាចបង្កឲ្យឈឺពោះ និងអាការៈក្រហាយ ប្រសិនជាយើងមានបញ្ហាក្រពះពោះវៀន។
៣. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើ គឺជាផ្នែកសំខាន់មួយនៃរបបអាហារ ប៉ុន្តែបន្លែ និងផ្លែឈើមួយចំនួនអាចនឹងធ្វើឲ្យអាការៈច្រាលអាស៊ីដក្រពះកាន់តែធ្ងន់ធ្ងរ។ បន្លែ និងផ្លែឈើដែលអាចជាមូលហេតុបង្កមានដូចជាផ្លែម្នាស់ ផ្លែក្រូច ផ្លែក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និងខ្ទឹមបារាំង។
៤. ភេសជ្ជៈ
ភេសជ្ជៈមួយចំនួនក៏អាចបង្កឲ្យមានរោគសញ្ញាទៅលើអ្នកដែលមានជំងឺច្រាលអាស៊ីដក្រពះដែរ។ ភេសជ្ជៈទាំងនោះរួមមានគ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈមានជាតិហ្គាស ទឹកក្រូចស្រស់ និងទឹកផ្លែប៉េងប៉ោះ។ កាហ្វេក៏ជាភេសជ្ជៈមួយដែលអាចបណ្ដាលឲ្យមានអាការៈនេះដែរ។
ក្រៅពីចៀសវាងអាហារខាងលើនេះ យកល្អគួរញ៉ាំអាហារក្នុងបរិមាណតិចតួចក្នុងមួយពេល និងព្យាយាមអង្គុយត្រង់ខ្លួនក្រោយពីញ៉ាំអាហាររួច។ ទាំងនេះក៏អាចជួយកាត់បន្ថយអាការៈជំងឺច្រាលអាស៊ីដក្រពះ។
[embed-health-tool-bmr]