បើតាមការចុះផ្សាយពីខាងមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ដោយសារប្រជាជនកម្ពុជា និងនៅតំបន់អាស៊ីមួយចំនួន នៅមានទម្លាប់ប្រើឱសថបុរាណក្នុងការព្យាបាលជំងឺ ហើយក្នុងនោះប្រមាត់ត្រីត្រូវក៏ត្រូវចាត់ទុកជាឱសថមួយប្រភេទ សម្រាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅ ឬជំងឺហឺតជាដើម។ តែប្រមាត់ត្រីប្រភេទខ្លះមានផ្ទុកសារធាតុពុលមួយចំនួនដូចជាសារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ក្នុងនោះប្រមាត់ត្រីពុលនៅកម្ពុជាមាន២ បង្កការពុលញឹកញាប់ជាងគេមាន៖
– ប្រមាត់ត្រីក្អែក
– ប្រមាត់ត្រីត្រសក់
រោគសញ្ញាគឺអាស្រ័យនឹងបរិមាណដែលបានញ៉ាំ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាក នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញាពុលតម្រងនោមដូចជា ហើម នោមតិច ឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញាពុលថ្លើមផងដែរដូចជា ភ្នែក និងស្បែកឡើងពណ៌លឿងជាដើម)។
ចំពោះការព្យាបាលវិញ រាល់មានករណីពុលប្រមាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងរ ទាមទារឲ្យមានការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។
[embed-health-tool-bmi]