វីតាមីន C ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរញ៉ាំវីតាមីន C ចាប់ពី ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាចតាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថាវីតាមីន C មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។
អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ
វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារកោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរីកាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) ដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។
អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់
សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន C អាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម។
អាចកាត់បន្ថយហានិភ័យជំងឺបេះដូង
ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែវីតាមីន C អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រមិនច្បាស់ថា លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន C ឬអាហារផ្សេងៗទៀតក្នុងរបបអាហារ។ ជារួម ការទទួលវីតាមីន C យ៉ាងតិចណាស់ ៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយអាត្រាប្រឈមជំងឺបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
- ក្មេងក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម និងប្រគ្រីវ
អាការៈប្រគ្រីវឈ្មោះរោគសរសៃកើតនៅជើង បណ្ដាលឲ្យញាក់កន្ដ្រាក់ ស្ពឹកស្រពន់ អាចកើតឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិចក្នុងឈាមច្រើន។ អាស៊ីតអ៊ុយរិចគឺជាសំណល់ដែលផលិតមកដោយរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន C អាចជួយកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដែលអាចបង្ការជំងឺប្រគ្រៀវ។
អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់
អាចបង្ការការខ្វះជាតិដែក
ជាតិដែកជាសារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការក្នុងការបង្កើតនូវកោសិកាឈាមក្រហម និងដឹកជញ្ជូនអុកស៊ីសែនទៅកាន់រាងកាយ។ វីតាមីន C អាចជួយរាងកាយក្នុងការស្រួបយកជាតិដែកពីអាហារ ជាពិសេសអ្នកតមសាច់ដែលជាប្រភពនៃជាតិដែក។ ជាទូទៅ ញ៉ាំវីតាមីន C ១០០ មិល្លីក្រាម អាចជួយការស្រូបយកជាតិដែកបាន ៦៧%។ ដូចនេះ វីតាមីន C អាចជួយកាត់បន្ថយហានិភ័យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។
អត្ថបទពាក់ព័ន្ធ៖ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង
ជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង
វីតាមីន C ជួយជំរុញការផលិតនៃកោសិកាឈាមស (lymphocytes និង phagocytes) ដែលអាចជួយការពាររាងកាយពីការឆ្លងជំងឺផ្សេងៗ។ វីតាមីន C ក៏ជួយឲ្យដំណើរការនៃកោសិកាឈាមសឲ្យមានប្រសិទ្ធភាព និងការពារកោសិកាឈាមសទាំងនេះពីពពួករ៉ាឌីកាលសេរី។ បន្ថែមពីនេះទៀត វីតាមីននេះក៏ជាផ្នែកសំខាន់នៃប្រព័ន្ធការពារស្បែកដែរ។ ការសិក្សាក៏បានឲ្យដឹងថា វីតាមីន C នេះអាចជួយក្នុងព្យាបាលមុខរបួសឲ្យឆាប់ជា។
អត្ថបទពាក់ព័ន្ធ៖ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
ការពារការចងចាំ និងការគិតនៅពេលកាន់តែចាស់
ការសិក្សាបានលើកឡើងថា Oxidative Stress និងការរលាកនៅជិតខួរក្បាល ឆ្អឹងខ្នង និងសរសៃប្រសាទ អាចបង្កឲ្យកើតជំងឺវង្វេង (Dementia)។ វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ ដូចនេះនៅពេលវីតាមីន C មានកម្រិតទាប អាចមានទំនាក់ទំនងទៅនឹងការចុះខ្សោយសមត្ថភាពក្នុងការគិត និងការចងចាំ។ លើសពីនេះទៀត ការសិក្សាបានបង្ហាញថា មនុស្សដែលមានជំងឺវង្វេង អាចមានកម្រិតវីតាមីន C ទាប និងការញ៉ាំវីតាមីននេះក្នុងកម្រិតខ្ពស់ មានផលវិជ្ជមានទៅលើការគិត និងចងចាំនៅពេលកាន់តែចាស់ទៅ។ ទោះបីជាបែបនេះ ការសិក្សាទៅលើមនុស្សទាក់ទងទៅឥទ្វិពលនៃវីតាមីននេះទៅលើសុខភាពនៃប្រព័ន្ធសរសៃប្រសាទ នៅត្រូវការបន្ថែមទៀត។
វីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើជាច្រើន ដូចជា ផ្លែក្រូច ស្ត្រប៊ឺរី គីវី ម្ទេសប្លោក និងខាត់ណាខៀវ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- អាហារ៥មុខនេះ ល្អខ្លាំងទាំងសុខភាពខួរក្បាល និងការចងចាំ
- អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]