គ្នាយើងដឹងហើយថាការហាត់ប្រាណបានផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាការពារជំងឺផ្សេង កាត់បន្ថយស្រ្តេស ជួយសម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរល្អ ជាដើម។ ចុះគ្នាយើងដែលដឹងអត់ ដើម្បីឲ្យសុខភាពយើងល្អ តើគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទីក្នុងមួយថ្ងៃ?
១. សកម្មភាពហាត់ប្រាណ
ជាការណែនាំមនុស្សពេញវ័យគួរហាត់ប្រាណកម្រិតមធ្យមលើប្រភេទលំហាត់ប្រាណអេរ៉ូបិក១៥០នាទីក្នុងមួយសប្ដាហ៍ ឬបើយើងហាត់ប្រាណបែប អេរ៉ូបិកកម្រិតខ្លាំងអាចត្រឹម៧៥នាទីក្នុងមួយសប្ដាហ៍។ ការហាត់ប្រាណបានកាន់តែច្រើន ក៏ផ្ដល់គុណប្រយោជន៍កាន់តែច្រើនដល់សុខភាពដូចគ្នាដែរ។ ចំណែកសកម្មភាពរាងកាយធម្មតាៗមួយចំនួន ក៏មានប្រយោជន៍ដល់រាងកាយផងដែរ។ ដូចនេះហើយ បានជាមានការលើកឡើងថា ថ្វីបើមនុស្សយើងមិនសូវបានហាត់ប្រាណមែន តែបើយើងជាមនុស្សបញ្ចេញសកម្មភាពរាងកាយច្រើន ក៏មានប្រយោជន៍ដល់សុខភាពដូចគ្នា។
២. ប្រភេទលំហាត់ប្រាណសម្រាប់សុខភាព
ដូចបានលើកឡើងខាងលើអ៊ីចឹង ហាត់ប្រាណដើម្បីសុខភាព យើងអាចអនុវត្តប្រភេទលំហាត់ប្រាណខាងលើនោះបាន។
លំហាត់ប្រាណបែបអេរ៉ូបិកកម្រិតមធ្យមមានដូចជាដើរហាត់ប្រាណ ហែលទឹក ឬសកម្មភាពរុញម៉ាស៊ីនកាត់ស្មៅចុះឡើង ជាដើម។ ចំណែកលំហាត់ប្រាណអេរ៉ូបិកកម្រិតខ្លាំងមានដូចជារត់ និងរាំ ប្រភេទអេរ៉ូបិក។
ជាទូទៅការហាត់ប្រាណដើម្បីសុខភាព គឺយើងប្រើពេលហាត់ប្រាណកម្រិតមធ្យមប្រហែល៣០នាទីក្នុងមួយថ្ងៃ។ ប្រសិនបើគ្នាយើងមានបំណងចង់សម្រកទម្ងន់ ឬបានរាងស្អាត យើងត្រូវហាត់ប្រាណឲ្យបានយូរជាងនេះ ដោយអាចចំណាយពេលហាត់រហូតដល់៣០០នាទីក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះ។
មួយវិញទៀត ការកាត់បន្ថយទម្លាប់អង្គុយធ្វើការយូរម៉ោងក៏មានសារសំខាន់ដែរ។ ការអង្គុយកាន់តែច្រើនម៉ោងរៀងរាល់ថ្ងៃ ក៏បង្កើតឱកាសកាន់តែច្រើនឲ្យយើងមានបញ្ហាមេតាប៉ូលិស។ ការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗ អស់រយៈពេលយូរ នឹងផ្ដល់ផលអវិជ្ជមានដល់សុខភាព ទោះបីជាយើងបានហាត់ប្រាណត្រឹមត្រូវតាមការណែនាំក៏ដោយ។
បើសិនជាគ្នាយើងមិនអាចមានពេលដើររយៈពេល៣០នាទីអំឡុងពេលថ្ងៃទេ យើងគួរឆ្លៀតដើរម្ដងប្រាំនាទីនៅពេលណាមួយដែលអាចធ្វើបាន។ រាល់សកម្មភាពរាងកាយយើងបានធ្វើ គឺពិតជាល្អប្រសើរជាងមិនបានធ្វើអ្វីសោះ។ អ្វីដែលសំខាន់ គឺយើងត្រូវបញ្ចេញសកម្មភាពរាងកាយជាប្រចាំថ្ងៃ ដើម្បីសុខភាពយើងល្អប្រសើរ។
[embed-health-tool-heart-rate]