ការហាត់ប្រាណជាប្រចាំបានរួមចំណែកដល់ការរក្សារាងកាយឲ្យមានសុខភាពល្អ និងកាន់តែចាំបាច់ថែមទៀតសម្រាប់អ្នកចង់រក្សាទម្ងន់ឲ្យនៅថេរល្អ ឬស្រកគីឡូតាមបំណង។
ការហាត់ប្រាណជាប្រចាំបានរួមចំណែកដល់ការរក្សារាងកាយឲ្យមានសុខភាពល្អ និងកាន់តែចាំបាច់ថែមទៀតសម្រាប់អ្នកចង់រក្សាទម្ងន់ឲ្យនៅថេរល្អ ឬស្រកគីឡូតាមបំណង។

ជាធម្មតាការស្រកគីឡូអាចកើតឡើងបានពេលមនុស្សយើងបង្កើនការបញ្ចេញសកម្មភាពរាងកាយ និងកាត់បន្ថយការទទួលបានបរិមាណកាឡូរី។ ទាំងការកាត់បន្ថយការញ៉ាំអាហារច្រើន សម្បូរកាឡូរី និងបង្កើនសកម្មភាពរាងកាយ នឹងធ្វើឲ្យកាឡូរីក្នុងរាងកាយធ្លាក់ចុះ។
ខាងក្រោមនេះជាវិធីហាត់ប្រាណងាយៗចំនួនបួន ដែលគ្នាយើងអាចធ្វើបានដោយមិនសូវចំណាយច្រើន ហើយមានឥទ្ធិពលលើការសម្រកទម្ងន់ថែមទៀតផង។
រត់គឺជាទម្រង់ហាត់ប្រាណបែបជំនួយបេះដូងមួយប្រភេទ។ ការរត់ធ្វើឲ្យបេះដូង និងសួតធ្វើការខ្លាំងជាងមុន។ ការធ្វើការខ្លាំងនេះ នាំឲ្យរាងកាយដុតថាមពលដែលមាននៅក្នុងរាងកាយ ដូចជាខ្លាញ់ក្នុងកោសិកា។
បើសិនជាការដុតថាមពលនេះ ធ្វើឡើងបានច្រើនជាងកាឡូរីដែលយើងបានពីការញ៉ាំអាហារ ហើយការដុតបែបនេះ បានធ្វើឡើងជាប់ជាប្រចាំ នោះរាងកាយយើងអាចនឹងចាប់ផ្ដើមស្រកគីឡូ។ ការស្រកគីឡូ មិនមែនកើតឡើងភ្លាមៗនោះទេ វាត្រូវការការហាត់ប្រាណឲ្យបានជាប់ជាប្រចាំរាប់អាទិត្យ ឬខែ។ ការរត់ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រកគីឡូ។
ដើរក៏មានឥទ្ធិពលលើរាងកាយមិនខុសពីរត់ប៉ុន្មានដែរ គ្រាន់តែថាដើរជាទម្រង់លំហាត់ប្រាណមួយបែបស្រាលជាងរត់។ ទោះបីជាការដើរអាចដុតកាឡូរីក្នុងមួយនាទី បានតិចជាងការត់ក៏ពិតមែនតែថាទម្រង់ហាត់ប្រាណមួយនេះ ស័ក្ដិសមចំពោះអ្នកពិបាករត់ និងអាចឲ្យអ្នកហាត់ប្រាណដើរបានឆ្ងាយ និងក្នុងរយៈពេលយូរទៀតផង។
ក្រៅពីជួយដុតកាឡូរីបានហើយ ការដើរក៏មានប្រយោជន៍ដល់ការចងចាំ គេងលក់ស្រួល និងការគិតបានតែប្រសើរផងដែរ។

ការជិះកង់ ជាទម្រង់នៃលំហាត់ប្រាណមួយបែបទៀតជួយដល់ការស្រកគីឡូដែរ។ ការជិះកង់ជាទម្រង់លំហាត់ប្រាណមួយបែបធ្ងន់ជាងដើរបន្តិច ដែលត្រូវប្រើកម្លាំងខ្លាំងនៅជើងដើម្បីធាក់ឲ្យកង់ធ្វើចលនា។
មនុស្សជាច្រើនបានសម្រេចជ្រើសរើសការជិះកង់ជាវិធីហាត់ប្រាណ ហើយអ្នកខ្លះក៏បានជិះកង់ទៅធ្វើការដូចគ្នា ដោយថាគ្រាន់តែចំណាយពេល៤០នាទីក្នុងការជិះទៅមក ក៏ជាវិធីហាត់ប្រាណមួយដែលល្អសម្រាប់សុខភាពដែរ។
បើយើងជាអ្នកចេះហែលទឹក លំហាត់ប្រាណបែបហែលទឹកនេះក៏ល្អសម្រាប់ផែនការសម្រកគីឡូដែរ។ ការហែលទឹកមិនត្រឹមតែជួយដុតកាឡូរីទេ តែក៏មានប្រយោជន៍ដល់សន្លាក់ថែមទៀតផង។ ការសិក្សាបានរកឃើញ ថាការហែលទឹកជាលំហាត់ប្រាណល្អ បំផុតមួយដែរ ក្នុងការជួយដុតកាឡូរីក្នុងរាងកាយ។
ជាការណែនាំ សម្រាប់អ្នកហាត់ប្រាណបែបស្រាលៗគួរធ្វើឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬអាចច្រើនដល់៣០០នាទីក្នុងមួយសប្ដាហ៍ បើយើងចង់រក្សាទម្ងន់ ឬសម្រកទម្ងន់នោះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.medicalnewstoday.com/articles/best-exercise-for-weight-loss#swimming
https://www.mayoclinic.org/healthy-lifestyle/fitness/expert-answers/exercise/faq-20057916#:~:text=As%20a%20general%20goal%2C%20aim,may%20need%20to%20exercise%20more.
កំណែប្រែបច្ចុប្បន្ន
07/04/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ