ប្រធានមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានលើកឡើងថាប្រសិនជាប្រជាជនអាមេរិកទាំងអស់ពាក់ម៉ាស ចន្លោះពី ៤ ទៅ៨ សប្ដាហ៍ នោះការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 អាចនឹងស្ថិតក្រោមការគ្រប់គ្រងបាន។
លោក Robert Redfield ប្រធានមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក បានលើកឡើងបែបនេះកាលពីថ្ងៃទី១៤ ខែកក្កដា។ ក្នុងការចេញផ្សាយរបស់មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងកាលពីថ្ងៃទី១៤ ខែកក្កដាបានលើកឡើងថាប្រជាជនសហរដ្ឋអាមេរិកភាគច្រើនបានពាក់ក្រណាត់បិទមុខក្រោយពីរដ្ឋាភិបាលបានណែនាំការប្រើប្រាស់ក្រណាត់បិទមុខកាលពីខែមេសាកន្លងទៅ។
ដោយឡែក សារព័ត៌មាន AFP ក៏បានរាយការណ៍ពីការសិក្សារបស់មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងដែរ។ ក្នុងការសិក្សាបានឲ្យដឹងថាជាងកាត់សក់២នាក់ដែលបានពាក់ម៉ាស ខណៈពួកគេមានវីរុស COVID-19 នោះ គឺមិនបានចម្លងទៅកាន់អតិថិជនជិត ១៤០នាក់ដែលពួកគេបានជួបក្នុងរយៈពេលជាច្រើនថ្ងៃនោះទេ។ មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងបានលើកឡើងថាការរកឃើញនេះជួយបន្ថែមទម្ងន់ទៅលើការពាក់ម៉ាសដែលជាមធ្យោបាយក្នុងការទប់ស្កាត់ការចម្លងវីរុសCOVID-19 ឬ SARS-CoV-2។
ជាងកាត់សក់ម្នាក់ក្នុងចំណោមជាងកាត់សក់ទាំង២មានរោគសញ្ញាផ្លូវដង្ហើមនៅថ្ងៃទី១២ ខែឧសភា និងបន្តធ្វើការជាមួយនឹងអតិថិជនរហូតដល់ថ្ងៃទី២០ ខែឧសភាដែលជាងកាត់សក់រូបនេះទទួលបានលទ្ធផលតេស្ដវិជ្ជមាន។ រីឯជាងកាត់សក់ម្នាក់ទៀតដែលបានឆ្លងពីជាងកាត់សក់ដំបូងក៏បានវិវត្តរោគសញ្ញានៅថ្ងៃទី១៥ ខែឧសភា និងបន្តធ្វើការរហូតដល់ថ្ងៃ២០ ខែឧសភា។ ជាងកាត់សក់ទី២នេះតេស្ដវិជ្ជមាននៅ២ថ្ងៃបន្ទាប់។
គេបានបិទហាងកាត់សក់នេះ៣ថ្ងៃដើម្បីធ្វើការសម្អាតសម្លាប់មេរោគ ខណៈមន្ត្រីសុខាភិបាលធ្វើការតាមដានអ្នកប៉ះពាល់ជាមួយជាងកាត់សក់ទាំងពីរ និងរកឃើញថាមានអតិថិជន ១៣៩នាក់។ អតិថិជនទាំង ១៣៩នាក់នេះត្រូវបានតាមដានរោគសញ្ញា និងផ្ដល់ការធ្វើតេស្ដ។ ចំណែកឯបុគ្គលិកក្នុងហាងផ្សេងទៀតបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល២សប្ដាហ៍។
អំឡុងពេលជួបជាមួយអតិថិជនជាងកាត់សក់ទាំង២សុទ្ធតែពាក់ម៉ាសដោយពាក់ម៉ាស២ជាន់ ឬម៉ាសពេទ្យ។ អតិថិជនភាគច្រើនក៏ពាក់ម៉ាសក្រណាត់ ឬម៉ាសពេទ្យដែរ។ ក្រោយធ្វើតេស្ដ និងតាមដានអតិថិជនទាំងអស់គឺមិនមានអតិថិជនណាឆ្លងជំងឺ COVID-19 ពីជាងកាត់សក់ទាំង២ទេ។
អ្នកវិទ្យាសាស្ត្រជឿថាទោះបីជាមធ្យោបាយចម្លងជំងឺតាមរយៈតំណក់ទឹកចេញមកនៅពេលក្អក ឬកណ្ដាស់ក៏ដោយ តំណក់ទឹកតូចៗចេញមកតាមរយៈការនិយាយក៏មានគ្រោះថ្នាក់ដែរ។ នេះអាចចម្លងទៅកាន់មនុស្សម្នាក់ទៀតដោយមិនដឹងខ្លួនមុននឹងអ្នកចម្លងចេញរោគសញ្ញា។ អ្នកសរសេររបាយការណ៍របស់មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងបានសន្និដ្ឋានថាគួរពិចារណាលើវិធានការណ៍ទប់ស្កាត់ការចម្លងដែលតម្រូវឲ្យពាក់ម៉ាសនៅកន្លែងសាធារណៈដើម្បីកាត់បន្ថយផលប៉ះពាល់ និងការបន្ថែមករណីឆ្លងជំងឺ COVID-19។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា នេះ ចំនួនករណីឆ្លងវីរុស COVID-19 នៅអាមេរិកឡើងដល់ជាង៣,៥លានករណី ស្លាប់ជាង១៣ម៉ឺននាក់ និងជាសះស្បើយជាង១,៦លាននាក់៕
[embed-health-tool-bmi]