សំណួរ៖ ការប្រើឡេលាយពិតជាជួយស្បែកសមែនទេ?
ចម្លើយ៖ មិនខុសទេ ប្រើឡេលាយបានផលភ្លាមៗ ក្រោយលាបរួច ផ្ទៃមុខ ឬដងខ្លួនយើងសដូចចិត្តអ៊ីចឹង។ បច្ចុប្បន្ននេះមិនមែនតែស្រីៗវ័យក្មេងទេ ប្រុសៗក៏ប្រើឡេ/ម្សៅលាយដែរ លាបតាំងពីមុខ រហូតដល់ខ្លួន។
សំណួរ៖ លោកវេជ្ជបណ្ឌិតបានពន្យល់ខាងដើមហើយថា ការប្រើឡេលាយមិនមានក្បួនខ្នាតអីត្រឹមត្រូវទេ លាយតាមតៗគ្នាប៉ុណ្ណោះ ដូច្នេះការប្រើឡេលាយមានផលប៉ះពាល់ទេ?
ចម្លើយ៖ ពិតជាមាន ការប្រើឡេ ឬម្សៅលាយ អាចមានផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។
សំណួរ៖ ផលប៉ះពាល់រយៈពេលខ្លីនៃការប្រើឡេលាយមានអ្វីខ្លះ លោកវេជ្ជបណ្ឌិត?
ចម្លើយ៖ ប្រើឡេលាយផលប៉ះពាល់មិនមែនលេចចេញភ្លាមៗទេ ប្រើពេលយ៉ាងតិចពី ១-២ ខែ អាហ្នឹងយើងអាចចាត់ជារយៈពេលខ្លីហើយ។ អ្នកខ្លះគាត់ប្រើដំបូងអ៊ីចឹងទៅ មុខសស្អាត ប៉ុន្តែមានសម្គាល់អត់បន្ទាប់ពីប្រើមួយរយៈ មុខយើងប្រែជាស្តើង ចេញសរសៃក្រហមៗ ប៉ុន្តែពេលយើងខាន ឬឈប់ប្រើវា ស្រាប់តែផ្ទៃមុខយើងឡើងរមាស់ ខ្មៅស្រអាប់ ឡើងមុន ប៉ុន្តែមុននោះមិនមានគ្រាប់ទេ គ្រាន់តែក្រហមកន្ទួលៗ។